Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

កូវីដ-១៩៖ តើការមិនបង្ហាញរោគសញ្ញាគឺជារឿងធម្មតាដែរឬទេ ហើយតើយើងគួរតែបារម្ភឬអត់?

Source: Getty Images

ការសិក្សាថ្មីចំនួនពីរបានរកឃើញករណីវិជ្ជមាននៃវីរុសកូរ៉ូណាមួយចំនួនដែលមិនមានបង្ហាញរោគសញ្ញាអ្វីទាល់តែសោះ។ អ្នកជំនាញថ្លឹងថ្លែងថា តើយើងទាំងអស់គ្នាគួរតែធ្វើតេស្តឬអត់ មិនថា​តែ​អ្នក​ដែល​មាន​រោគសញ្ញាឬអ្នក​ដែល​គ្មាន​រោគសញ្ញា។

ឥឡូវនេះ យើងត្រូវបានគេប្រាប់អំពីរោគសញ្ញារបស់កូវីដ-១៩ ដែលត្រូវរកមើល - ពីគ្រុនក្តៅខ្លាំង​រហូតដល់ក្អកស្ងួត ពិបាកដកដង្ហើម ឬហេវហត់​អស់កម្លាំង។

មានការសិក្សានៅក្នុងប្រទេសជាច្រើន​រក​ឃើញពីបាតុភូតនៃករណីអរោគសញ្ញានៃកូវីដ-១៩ នៅ​ប្រទេសអាយស្លេន ​ជប៉ុន ចិន និងនៅអូស្ត្រាលី។

នៅក្នុងឯកសារ JAMA Network Open ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិនបានរកឃើញថា ក្នុងចំណោមអ្នកជំងឺ ៧៨ នាក់ មាន ៤២,៣% មិនមានរោគសញ្ញាអ្វីទាំងអស់។

ការសិក្សាមួយផ្សេងទៀតដោយក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីដែលបានបោះពុម្ពផ្សាយដោយ​Thorax បាន​រកឃើញថា មនុស្ស ២១៧ នាក់នៅលើនាវាទេសចរណ៍ Greg Mortimer គឺជាង ៨ នាក់ក្នុងចំណោម ១០ នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩ គឺ​អរោគសញ្ញា។

តើអ្វីទៅជាការចម្លង​បន្ត​មុន​ពេល​ចេញ​រោគសញ្ញា និង​អរោគសញ្ញា? 

អង្គការសុខភាពពិភពលោកបានរៀបចំតារាង​នៃភាពខុសគ្នារវាងករណីទាំងពីរនេះ។

មុន​ពេល​ចេញរោគសញ្ញា គឺជាដំណាក់កាលបន្ទាប់ពីឆ្លង​រួច ប៉ុន្តែមុនពេលរោគសញ្ញារបស់វីរុសនេះមកដល់។

ប៉ុន្តែទោះបីជាគ្មានរោគសញ្ញាក៏ដោយ វាមិនមានន័យថា មិនមានសក្តានុពលនៃការចម្លង​បន្ត​នោះទេ។ មានកំណត់ត្រា​នៃការសិក្សា​លើ​មនុស្ស​ដែលធ្វើតេស្តវិជ្ជមាន ចន្លោះពីមួយថ្ងៃទៅបីថ្ងៃ មុនពេលពួកគេបង្ហាញ​រោគសញ្ញាណាមួយ។

ការ​ចម្លង​ដោយ​អរោគសញ្ញា គឹ​នៅពេលដែលវីរុសឆ្លងរាលដាលពីមនុស្សម្នាក់ដែលមិនមានរោគសញ្ញាកូវីដ-១៩ ។

ដូច្នេះតើអ្នកជំនាញគិតយ៉ាងណាចំពោះការសិក្សាថ្មីៗនេះ?

សាស្រ្តាចារ្យ Raina MacIntryre ប្រធានកម្មវិធីជីវសុវត្ថិភាពនៅវិទ្យាស្ថាន Kirby មានប្រសាសន៍ថា“ មានភ័ស្តុតាងជាច្រើនដែលបង្ហាញថា ការចម្លង​អរោគសញ្ញា និង​មុន​ពេល​បង្ហាញ​រោគសញ្ញា គឺ​ជារឿងធម្មតាសម្រាប់​កូវីដ-១៩។

លោកស្រីបានយោងការសិក្សាទៅលើការផ្ទុះឡើង​នៅ​កន្លែង​មើលថែទាំមនុស្ស​ចាស់ និងការផ្ទុះឡើងផ្សេងៗទៀត ដែលបានរកឃើញផងដែរថា ៥០ភាគរយ ឬច្រើនជាងនេះ នៃករណីវិជ្ជមានទាំងអស់ គឺអរោគសញ្ញា។

កាលពីដើមខែឧសភា Grant Lodge ដែលជាមណ្ឌលមើលថែទាំមនុស្ស​ចាស់​មួយ​កន្លែងនៅជាយក្រុង ម៉ែលប៊ិន នៃតំបន់ Bacchus Marsh បានឃើញថា បុគ្គលិក​ដែល​អរោគសញ្ញា​ម្នាក់​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន។ 

សាស្ត្រាចារ្យ MacInyrte បាននិយាយថា "យើងមិនគួរជជែកវែកញែករឿងនេះទៀតទេ។ ទំនាក់ទំនងដែលមានហានិភ័យខ្ពស់ ក្នុងស្ថានភាពនៃការ​ផ្ទុះឡើងនានា មិនថាទំនាក់ទំនងគ្រួសារ ឬទំនាក់ទំនង​ជិតស្និត គួរតែត្រូវបានធ្វើតេស្តរក​មើល​វីរុសនេះ ដោយមិនគិតថាចេញរោគសញ្ឬអត់នោះទេ បើ​មិន​ដូច្នោះទេ​នឹង​ត្រូវបាន​មើល​រំលង" ។

"មនុស្សយើងចំណាយពេល ១០-១៤ ថ្ងៃ ដើម្បីបង្កើតអង្គបដិប្រាណ។ ដូច្នេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលការធ្វើតេស្តិ៍អង្គបដិប្រាណយ៉ាង​ឆាប់រហ័ស ត្រូវ​បានកំណត់ នៅក្នុងការផ្ទុះឡើងធ្ងន់ធ្ងរនោះ។

អ្នកជំនាញខ្លះមិនសូវប្រាកដអំពីលក្ខណៈនៃករណីអរោគសញ្ញារបស់កូវីដ-១៩នោះទេ

លោកSanjaya Senanayake ជាអ្នកឯកទេសខាងជំងឺឆ្លងនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី។

លោកយោងទៅលើការសិក្សាពីប្រទេសចិន ដែលអ្នកនិពន្ធសន្និដ្ឋានថា ករណីអរោគសញ្ញា ប្រហែលជាមិនបាន​ផ្តាច់​ខ្លួន​នៅ​ដាច់ដោយឡែក​ពីគេ​ឡើយ ព្រោះថាពួកគេមិនមានបង្ហាញ​រោគសញ្ញាអ្វី។

លោកនិយាយថា “អ្នកស្រាវជ្រាវមិនបានមើលថាតើមានករណីបន្ទាប់ណាមួយកើតឡើងពីពួកគេដែល​មិន​បាន​ផ្តាច់​ខ្លួន​ដាច់ដោយឡែក​ពី​គេដែរឬទេ”។

ក្នុងខែកុម្ភៈរបាយការណ៍បេសកកម្មរួមរបស់ប្រទេសចិននិងអង្គការសុខភាពពិភពលោកបានរកឃើញថា អ្នកជំងឺអរោគសញ្ញាភាគច្រើន ក្នុងអំឡុងពេលនៃការធ្វើតេស្តនេះ នៅ​ទីបញ្ចប់បាន​វិវត្តរោគសញ្ញា។ សាស្រ្តាចារ្យ Senanayake មិនច្បាស់ទេថា តើអ្នកជំងឺដែល​នៅ​ក្នុង​ការ​សិក្សាទាំងនោះ វិវត្តន៍ទៅជាឈឺ​ឬអត់។

“ ការកំណត់មួយផ្សេងទៀតនៅទីនេះ ដែលអ្នកនិពន្ធទទួលយកនោះគឺថា តើការវាយតម្លៃចំពោះករណីដែលមិនមានរោគសញ្ញាវា​ត្រឹមត្រូវ​បាន​កម្រិតណា។ តើវាអាចទៅរួចទេ បើទោះបីជាពួកគេមិនមានអារម្មណ៍ថាពួកគេមិនសូវស្រួលខ្លួន ១០០ ភាគរយ ឧទាហរណ៍ថាពួកគេមិនអីទេនៅ​ពេល​សម្រាក ប៉ុន្តែមិនមានអារម្មណ៍ចង់ហាត់ប្រាណ ។ល។? "

លោកបានដកស្រង់ពី“ សមាមាត្រខុសគ្នានៃករណីអរោគសញ្ញានៅក្នុងការសិក្សាខុសៗគ្នា” សម្រាប់​ដែនកំណត់​នៃការយល់ដឹងពីលក្ខណៈនៃករណី កូវីដ-១៩ដែលអរោគសញ្ញា។

​កោះអាយស្លេនបានរកឃើញថា មនុស្ស ៥០ ភាគរយធ្វើតេស្តវិជ្ជមានដោយមិនមានរោគសញ្ញា ៣០,៨ ភាគរយ ត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ខណៈពេលដែល ៨០ ភាគរយ​នៃ​ការ​សិក្សា​ខុសៗគ្នាមកពីប្រទេសចិន។

“ វាពិបាកដឹងថាមួយណាត្រូវណាស់។ ហើយទោះបីយើងកំពុងស្វែងយល់កាន់តែច្បាស់អំពីសមាមាត្រនៃករណីអរោគសញ្ញានៃកូវីដ-១៩ ក៏ដោយ យើងនៅតែមិនទាន់ដឹងច្បាស់ថា ទំហំនៃផលប៉ះពាល់ដែលពួកគេមានទៅលើការចម្លងករណីបន្ថែមទៀត កើតមានយ៉ាងដូចម្តេចនោះទេ។ ឧទាហរណ៍ តើពួកគេចម្លង​ករណីបន្ទាប់បន្សំច្រើនទៀត ឬគ្រាន់តែសមាមាត្រតូចមួយប៉ុណ្ណោះ?”

“និយាយម៉្យាងទៀតមាន​អ្នក​ផ្ទុក​មេរោគ​ដែល​អរោគសញ្ញា​៤នាក់​សម្រាប់​រាល់អ្នកដំណើរ ដែល​ឈឺ​ធ្ងន់​ម្នាក់។”
សាស្រ្តាចារ្យ Ivo Mueller គឺជាអ្នកជំនាញផ្នែករោគរាតត្បាតនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Walter and Eliza Hall ។

លោកពន្យល់ថា ការស្វែងយល់ពីរបៀបដែលការឆ្លងមេរោគអរោគសញ្ញា ទូទៅចំពោះការចម្លងវីរុស កូវីដ-១៩ មិនត្រឹមតែសំខាន់ដើម្បីទទួលបានរូបភាពច្បាស់នៃអ្នកដែលឆ្លងវីរុសនោះទេ ប៉ុន្តែវាក៏នឹងជះឥទ្ធិពលដល់ការព្យាករណ៍របស់យើង​ អំពីរបៀបដែលការរីករាលដាលនៃជំងឺកូវីដ-១៩ អាចវិវត្តក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ។ "

លោកមានប្រសាសន៍ថា“ ហើយអ្វី​ដែល​ជាអន្តរាគមន៍ដ៏សំខាន់បំផុត ដើម្បីការពារកុំអោយមានរលក​ទីពីរ​នៃករណី​នេះ និង​ការ​ស្លាប់​បន្ត​ទៀត។”

ការស្រាវជ្រាវលើនាវាទេសចរណ៍ Greg Mortimer ដែលមានអ្នកដំណើរអូស្ត្រាលី ៩៦ នាក់ត្រូវបានរកឃើញក្នុងចំណោមមនុស្ស ២១៧ នាក់ដែល​ធ្វើ​ដំណើរ​លើ​នាវានោះ ហើយ ១២៨ នាក់បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ កូវីដ-១៩។ ក្នុងចំណោមអ្នកដែលឆ្លងវីរុសនេះ មនុស្ស ១០៤ នាក់មិនបានបង្ហាញរោគសញ្ញាអ្វីទាំងអស់ ដែល ៨១ ភាគរយនៃករណីនេះបានធ្វើតេស្តវិជ្ជមាន។

"និយាយម៉្យាងទៀត មានអ្នកផ្ទុក​ដែល​អរោគសញ្ញា៤នាក់ សម្រាប់​អ្នក​ដំណើរ​ដែល​ឈឺ​ធ្ងន់ម្នាក់។ ប្រសិនបើគំរូដូចគ្នានេះ ត្រូវ​បាន​កើតឡើង​ម្តងទៀត​នៅ​កន្លែង​ផ្សេង នេះមានន័យថា នៅក្នុងប្រទេសដែលធ្វើតេស្ត​តែ​លើ​អ្នក​ដែល​បង្ហាញសញ្ញារោគ នោះបន្ទុកពិតប្រាកដនៃការឆ្លងអាចខ្ពស់ជាងប្រាំដង នៃ​ករណី​ដែលត្រូវបានរាយការណ៍នាពេលបច្ចុប្បន្ន។" នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Mueller។

លោកសាស្រ្តាចារ្យ Mueller មានប្រសាសន៍ថា ការរកឲ្យឃើញនូវ“ ការឆ្លងមេរោគពិតរបស់អ្នក​ដែល​ផ្ទុក​មេរោគ​តែ​អរោគសញ្ញាសម្រាប់​មនុស្ស​គ្រប់​វ័យ ត្រូវតែជាអាទិភាពបន្ទាន់” ។

 

ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវតែស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់,៥ម៉ែត្រ។  សូមពិនិត្យមើលបទបញ្ញត្តិរឹតបន្តឹងស្តីពីចំនួនកំណត់នៃការជួបជុំគ្នានៅក្នុងរដ្ឋរបស់លោកអ្នក។ការធ្វើតេស្តរកវីរុសកូរ៉ូណាឥឡូវនេះមានលក្ខណៈទូលំទូលាយជាងមុននៅទូទាំងប្រទេសអូស្រ្តាលី។ប្រសិនបើអ្នកមានអាការគ្រុនផ្តាសាយឬផ្តាសាយធំសូមចាត់ចែងការធ្វើតេស្តដោយទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកទាក់ទងទៅខ្សែទូរស័ព្ទ​​ព័ត៌មានសុខភាពវីរុសកូរ៉ូណា​​តាមរយៈលេខ៖១៨០០០២០០៨០។កម្មវិធីApp​តាមដានវីរុសកូរ៉ូណារបស់រដ្ឋាភិបាលសហព័ន្ធ COVIDSafe អាចដោនឡូតបានពី​ app store នៅលើទូរស័ព្ទរបស់លោកអ្នក។ SBS ប្តេជ្ញាផ្តល់ជូនសហគមន៍ចម្រុះអូស្រ្តាលីនូវការវិវត្តន៍ថ្មីៗបំផុតរបស់កូវីដ១៩។ដំណឹងនិងព័ត៌មានមាន៦៣ភាសានៅលើគេហទំព័រ៖  sbs.com.au/coronavirus