ការលាលែងពីដំណែងនេះកើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោក Milne បានផ្ញើសារអេឡិចត្រូនិចទៅកាន់អតីតនាយកគ្រប់គ្រង ABC លោកស្រី Michelle Guthrie កាលពីខែឧសភា ដើម្បីឲ្យបណ្តេញចេញពីការងារប្រធានផ្នែកឆ្លើយឆ្លងព័ត៌មានសេដ្ឋកិច្ចលោកស្រី Emma Alberici។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ABC ដែលគេនឹងចាក់ផ្សាយនៅយប់នេះ លោក Milne មានប្រសាសន៍ថាវាគឺជាយោបល់របស់លោកក្នុងការលាលែងពីដំណែង។
គណៈកម្មាធិការនាយកបានទូរស័ព្ទមកខ្ញុំកាលពីព្រឹកមិញនេះ ហើយស្នើឲ្យមានកិច្ចប្រជុំដោយគ្មានការចូលរួមពីខ្ញុំ ដែលខ្ញុំក៏យល់ស្របទៅនឹងសំណើនេះដែរ ហើយនៅក្នុងកិច្ចប្រជុំនេះខ្ញុំយល់ថា ពួកគេបានសម្រេចផ្តល់យោបល់មកខ្ញុំថាខ្ញុំអាចនៅដោយឡែក ខណៈដែលការស៊ើបអង្កេតទាំងឡាយ ដែលបានស្នើឡើងនេះកំពុងធ្វើឡើង។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំគួរតែលាលែងពីដំណែង ពីព្រោះវាច្បាស់ណាស់ថាមានសម្ពាធជាច្រើនទៅលើស្ថាប័ន ហើយគ្រប់ពេលវេលាទាំងអស់ចំណាប់អារម្មណ៍ និងគោលបំណងរបស់ខ្ញុំគឺត្រូវថែរក្សានូវផលប្រយោជន៍របស់ស្ថាប័ន។
គណៈកម្មាធិការនាយកនឹងជួបប្រជុំជាថ្មីម្តងទៀតនៅរសៀលនេះដើម្បីសម្រេចធ្វើការតែងតាំងប្រធានស្តីទី៕

