ប្រទេសអូស្ត្រាលីស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល២៩ឆ្នាំ - តើវាមានន័យដូចម្តេចសម្រាប់អ្នក?

តួលេខចេញផ្សាយកាលពីថ្ងៃពុធសម្រាប់ត្រីមាសខែមេសាដល់ខែមិថុនាបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់អូស្រ្តាលីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមមក។

Australia's economy has suffered its sharpest quarterly drop since the Great Depression.

Australia's economy has suffered its sharpest quarterly drop since the Great Depression. Source: AP

ប្រទេសអូស្ត្រាលីស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ២៩ឆ្នាំ ជាមួយនឹងផលិតផលក្នុងស្រុកសរុបនៅក្នុងខែមិថុនាធ្លាក់ចុះ ៧ភាគរយ ដែលជាការធ្លាក់ចុះធំបំផុតក្នុងកំណត់ត្រា។

កំណើនអវិជ្ជមានកើតឡើងបន្ទាប់ពីការធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសខែមីនា ជាមួយនឹងការ​គណនាតួលេខថ្មីៗបន្ថែមទៀតនោះ យើង​ឃើញផលប៉ះពាល់យ៉ាងពេញលេញ​នៃរលកទីមួយ​នៃការបិទទ្វារ ​ដោយសារតែវីរុសកូរ៉ូណាមក​លើ​សេដ្ឋកិច្ចនេះ។

លោកហិរញ្ញិក Frydenberg បាននិយាយថា“ កំណត់ត្រារបស់យើងក្នុងនាមជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចរយៈពេល ២៨ឆ្នាំជាប់ៗគ្នា  បានដល់ទីបញ្ចប់ហើយ” ។

“ តួលេខដ៏សាហាវនៅថ្ងៃនេះបញ្ជាក់ពីអ្វីដែលប្រជាជនអូស្ត្រាលីគ្រប់រូបដឹងថា កូវីដ-១៩ បាន​បំផ្លាញ​សេដ្ឋកិច្ច​របស់​យើង និង​ជីវិតរបស់​យើង ដែល​យើងមិន​ធ្លាប់បាន​ជួប​ប្រទះ​ពីមុន​មក។

អ្វី​គឺជា​តួលេខ​ចំបង?

តួលេខ​ដ៏ចំបងនោះគឺ​ កំណើនផលិតផលសរុបក្នុងស្រុក​ជារួម​ដែលបានធ្លាក់​ចូល​ទៅក្នុង​គំនូសអវិជ្ជមានសម្រាប់​ត្រីមាសដំបូង នៅចន្លោះខែមករានិងមីនាឆ្នាំនេះ។

កំណើនប្រចាំត្រីមាសខែ​មិថុនា ក្នុងកម្រិតអវិជ្ជមាន ៧ ភាគរយ គឺជាតួលេខអាក្រក់បំផុត​ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមឡើងមក គឺ មានទំហំ៣ដងនៃការធ្លាក់ចុះខ្លាំងបំផុតចំនួន ២ ភាគរយកាលពីឆ្នាំ ១៩៧៤ ។
Australian Treasurer Josh Frydenberg speaks to the media.
Australian Treasurer Josh Frydenberg outlines international GDP growth in June. Source: AAP
ការធ្លាក់ចុះនេះត្រូវបានជំរុញជាចម្បងដោយការធ្លាក់ចុះ​ការចំណាយក្នុងគ្រួសារ ដែលបានធ្លាក់ចុះ ១២,១ ភាគរយ។

គួរកត់សម្គាល់ថា តួលេខប្រចាំត្រីមាសនេះមិនរាប់បញ្ចូលផលប៉ះពាល់នៃការរឹតត្បិតដំណាក់កាលទី ៤ ដែលបានដាក់ចេញដោយរដ្ឋាភិបាលរដ្ឋវិចថូរៀ នៅទីក្រុងមែលប៊ន ដែលឃើញថា អាជីវកម្មមិនចាំបាច់ទាំងអស់នៅ Greater Melbourne ត្រូវ​បិទទ្វារ។

តើប្រទេសអូស្រ្តាលីធ្វើ​បាន​កម្រិតណា បើប្រៀបធៀបទៅនឹងប្រទេស​ដទៃទៀត​លើពិភពលោក?

បើទោះបីជាមានតួលេខកំណើនអវិជ្ជមានក៏ដោយ ក៏ប្រទេសអូស្រ្តាលី​ធ្វើ​បាន​ល្អជាងឆ្ងាយណាស់ បើប្រៀបធៀប ទៅនឹងប្រទេសដទៃទៀត​នៅលើពិភពលោក ហើយជាពិសេស បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ដទៃទៀត។

នៅចក្រភពអង់គ្លេសដែលបានបិទទ្វារយ៉ាងតឹងរ៉ឹងនៅក្នុងត្រីមាសខែមិថុនានោះ ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ២០,៤ ភាគរយ ដែលជំរុញឱ្យប្រទេសនេះ​ធ្លាក់ចូល​ក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅបំផុត នៃសេដ្ឋកិច្ចសកលធំៗ។

ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះប្រមាណជាង ៩ ភាគរយ​នៅសហរដ្ឋអាមេរិក ខណៈដែលប្រទេសអាល្លឺម៉ង់និងកាណាដាក៏មានការធ្លាក់ចុះស្រដៀងគ្នានេះដែរ។

លោក Scott Haslem ជាប្រធានផ្នែកវិនិយោគនៅ Crestone Wealth Management ក្នុងទីក្រុងស៊ីដនី។

លោកបានប្រាប់សារព័ត៌មាន SBS ថា មូលហេតុដែលសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីទទួលបាន​ "ការច្រណែនពីពិភពលោក”នោះគឺ  ភាគច្រើនដោយសារតែ​អូស្រ្តាលីស្ថិតនៅក្នុងជំហរសារពើពន្ធដ៏រឹងមាំមួយ នៅ​ពេលចាប់ផ្តើមមានរោគរាតត្បាតនេះ។
លោកមានប្រសាសន៍ថា“ វាមានរយៈពេល ៣០ ឆ្នាំហើយ​គិតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចចុងក្រោយរបស់យើង នោះមានន័យថា យើងមានបទពិសោធកំណើនសេដ្ឋកិច្ចល្អ យើងមានជំហរសារពើពន្ធល្អ” ។

“យើងមានលទ្ធភាពផ្តល់នូវ​កញ្ចប់​ជំនួយ​ជួយជំរុញសេដ្ឋកិច្ច​បានច្រើនជាង ប្រទេសដទៃទៀតនៅលើពិភពលោក ហើយធ្វើបាន​យ៉ាង​រហ័សផងដែរ។”

“ទាំងអស់នេះហើយ ដែលបាននាំឱ្យមានបទពិសោធន៍កូវីដ-១៩ដ៏ល្អមួយ សម្រាប់អូស្ត្រាលី ដែលដឹកនាំដោយការបិទសកម្មភាពអ្វីៗទាំងអស់បានយ៉ាងឆាប់រហ័ស"។

តើវាអាចចៀសវាងបានទេ?

លោកJohn Hawkins ជាសាស្រ្តាចារ្យរងខាង​ផ្នែកនយោបាយសេដ្ឋកិច្ច និងសង្គម នៅសាកលវិទ្យាល័យ University of Canberra ។ លោកបាននិយាយថា​មិនមានអ្វីច្រើនដែលរដ្ឋាភិបាលអាចធ្វើទៅបាន ដើម្បីចៀសវាងការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះទេ។

“ គ្មានផ្លូវ​ដែលអាចចៀសវាងបានទេ។ មិនមានអ្វីច្រើនដែលអាចធ្វើ​ទៅ​បាន​ដើម្បី​តបត​ទៅនឹង​ត្រីមាស​ខែ​មីនានោះទេ។ រដ្ឋាភិបាលបានប្រកាសកញ្ចប់ថវិកាជួយជំរុញសេដ្ឋកិច្ចដ៏ធំមួយ ហើយបើនិយាយទៅ  គួរតែអាចធ្វើ​ឲ្យ​លឿន​ជាងនេះបន្តិច ប៉ុន្តែខ្ញុំគិតថា វានៅតែមិនអាចចៀសរួចនោះទេ។ នេះគឺជាត្រីមាសដ៏ទន់ខ្សោយមួយសម្រាប់យើង»។
Food Vouchers Distributed To International Students Impacted By Coronavirus In Melbourne
International students line up outside Melbourne Town Hall for food vouchers. Source: Getty Images AsiaPac
លោកបានបន្ថែមថា“ អ្នកអាចមានលទ្ធផលប្រសើរជាងនេះបន្តិចសម្រាប់ត្រីមាសខែមីនា ដោយការមិនបិទ​ការប្រមូលផ្តុំធំៗ ប៉ុន្តែបន្ទាប់មក អ្នកនឹងមានមនុស្សឈឺកាន់តែច្រើន និងមានលទ្ធផលអាក្រក់ជាងនេះនៅត្រីមាសបន្ទាប់ និងនៅ​ត្រី​មាសខែកញ្ញាវិញ” ។

តើវិបត្តិ​សេដ្ឋកិច្ច “recession” មានន័យដូចម្តេចសម្រាប់អ្នក?

លោក Hawkins និយាយថា វិបត្តិ​សេដ្ឋកិច្ច “recession” ជារឿយៗត្រូវបានកំណត់ថា "នៅពេលដែលអ្នកជិតខាងរបស់អ្នកបាត់បង់ការងារធ្វើ" ។ លោកថា ចំណែកឯវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ “Depression” វិញ គឺជាពេលដែលខ្លួនអ្នកផ្ទាល់បាត់បង់ការងារ​ធ្វើ។

លោកបានមានប្រសាសន៍ថា“ មនុស្សមួយចំនួននឹងកាត់បន្ថយពេលម៉ោងធ្វើការ ហើយ​ខ្លះទៀតបាត់បង់ការងារធ្វើ ដែលវានឹងជះឥទ្ធិពលដល់មនុស្សជាច្រើន” ។

កំណើនប្រាក់ឈ្នួលក៏នឹងធ្លាក់ចុះផងដែរ បើគ្មានការប្រកួតប្រជែងដើម្បីស្វែងរកមនុស្សធ្វើការទេ អ្នកនឹងមើលមិនឃើញសម្ពាធនៃការ​តំឡើងប្រាក់ឈ្នួលក្នុងរយៈពេលយូរ។
លោក Haslem យល់ស្របចំពោះ​រឿងនេះ។ លោកបាននិយាយថា“ មនុស្ស​ទូទៅដឹងថា​ មានមនុស្ស គ្មានការងារធ្វើកាន់តែច្រើន នៅក្នុងវិបត្តិសេដ្ឋកិច្ច” ។

"ខ្ញុំគិតថាវាពិបាកក្នុងការចង្អុលបង្ហាញថា អ្វីដែលមនុស្សជីវភាពធម្មតាកំពុងមានអារម្មណ៍។ មនុស្សខ្លះនឹងបាត់បង់ការងារ ហើយមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ មនុស្សខ្លះទៀតប្រហែលជាមិនសូវកត់សំគាល់ដឹងប៉ុន្មាននោះទេថា យើងកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច" ។

តើវិបត្តិសេដ្ឋកិច្ចនេះនឹងមានរយៈពេលយូរប៉ុន្មាន?

លោក Haslem បាននិយាយថា លោករំពឹងថា កាលៈទេសៈពិសេសនៃការដើរថយក្រោយនៃសេដ្ឋកិច្ចនេះ (ការបិទទ្វារដើម្បីចៀសវាងគ្រាអាសន្នខាងផ្នែកសុខភាពសាធារណៈ) មានន័យថា វានឹងមិនមានរយៈពេលយូរ​ ដូចវិបត្តិសេដ្ឋកិច្ចដទៃទៀតទេ។

លោកមានប្រសាសន៍ថា“ នេះមិនមែនជាវិបត្តិ​ហិរញ្ញវត្ថុដូចយើងធ្លាប់បានជួបប្រទះកាលពីឆ្នាំ ១៩៩១ ឬដូចដែលពិភពលោកបានជួបប្រទះក្នុងឆ្នាំ ២០០៨ និង ២០០៩ នោះទេ។ នេះគ្រាន់តែជាសកម្មភាពបិទទ្វារមួយ ហើយយើងកំពុងចាប់ផ្តើមឃើញសញ្ញាខ្លះៗ​នៃភាពប្រសើរឡើង​វិញ​នៅ​ក្នុងការចំណាយរបស់អ្នកប្រើប្រាស់” ។

ដូច្នេះវាមានលក្ខណៈស៊ីជម្រៅ ស៊ីជម្រៅជាងអ្វីដែលយើងបានឃើញពីមុនមក ប៉ុន្តែខ្ញុំគិតថា​យើងប្រហែលជានឹងចេញផុត​ពី​វិបត្តិនេះ​នៅ ពាក់កណ្តាលឆ្នាំក្រោយ គឺវាលឿនជាងវិបត្តិ​សេដ្ឋកិច្ចដទៃទៀត។ "

ខណៈពេលដែលលោក Hawkins បាននិយាយពី​ផ្នែកខ្លះនៃសេដ្ឋកិច្ច​ដែល​អាចងើបឡើងវិញយ៉ាងឆាប់រហ័សនោះ វិស័យមួយចំនួន​ដូចជា​ វិស័យទេសចរណ៍ និងវិស័យសាកលវិទ្យាល័យ ក៏នឹងត្រូវពឹងផ្អែកទៅលើ​របៀបដែលពិភពលោកទាំងមូល​ដោះស្រាយ​ជាមួយវីរុសនេះ និងថាតើព្រំដែនអាចនឹងបើកឡើង​វិញ​ឆាប់​រហ័សកម្រិតណា។

ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវតែស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់,៥ម៉ែត្រ។  សូមពិនិត្យមើលបទបញ្ញត្តិរឹតបន្តឹងស្តីពីចំនួនកំណត់នៃការជួបជុំគ្នានៅក្នុងរដ្ឋរបស់លោកអ្នក។

ការធ្វើតេស្តរកវីរុសកូរ៉ូណា​ឥឡូវនេះ ធ្វើឡើង​យ៉ាង​ទូលំទូលាយនៅទូទាំងប្រទេសអូស្ត្រាលី។ ប្រសិនបើអ្នកកំពុងមានរោគសញ្ញាផ្តាសាយ ឬគ្រុនផ្តាសាយធំ សូមចាត់ចែងទៅធ្វើតេស្ត​ដោយទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ឬទាក់ទងមកខ្សែទូរស័ព្ទ ព័ត៌មានសុខភាពវីរុសកូរ៉ូណា តាមទូរស័ព្ទលេខ ១៨០០ ០២០ ០៨០ ។

កម្មវិធីតាមដាន​វីរុសកូរ៉ូណា COVIDSafe App របស់​រដ្ឋាភិបាល​សហព័ន្ធ​អាចដោនឡូតបាន​ពី app store​នៅលើទូរសព្ទ​របស់​លោក​អ្នក។

SBS ប្តេជ្ញា​ជូនដំណឹងដល់សហគមន៍ចម្រុះរបស់អូស្រ្តាលី អំពីការវិវត្តិន៍ចុងក្រោយបំផុតនៃ​កូវីដ-១៩ ។ ព័ត៌មាន និងដំណឹង​ផ្សេងៗ​ ជា៦៣ភាសា មាននៅលើគេហទំព័រ៖  sbs.com.au/coronavirus 


Share

Published

Updated

By Ricardo Goncalves, Jarni Blakkarly, Naveen Razik

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service