Key Points
- លោក Perrottet បានទទួលស្គាល់ការបរាជ័យក្នុងការហៅទូរស័ព្ទទៅកាន់លោក Minns នៅម៉ោងប្រហែល 9 យប់ថ្ងៃសៅរ៍។
- គេរំពឹងថាគណបក្សលេប័រនឹងទទួលបានអាសនៈចំនួន ៤៧ ដែលចាំបាច់ដើម្បីគ្រប់គ្រងដោយខ្លួនឯង.
- មេដឹកនាំទាំងពីរបានធ្វើយុទ្ធនាការយ៉ាងស្វិតស្វាញនៅក្នុងអាសនៈសំខាន់ៗនៅភាគខាងលិចទីក្រុងស៊ីដនី ដែលជាកន្លែងមួយភាគបីនៃអ្នកបោះឆ្នោតញូសៅវែល រស់នៅ។
ការត្រួតត្រារបស់គណបក្សលេប័រនៅទូទាំងដែនដីគោលរបស់ប្រទេសអូស្ត្រាលីបានសម្រេចហើយ ដោយកោះ Tasmania គឺជារដ្ឋតែមួយគត់ ដែលដឹកនាំដោយរដ្ឋាភិបាលគណបក្សលីបឺរល (Liberal)។
ដោយផ្អែកលើការរាប់សន្លឹកឆ្នោតជាបណ្តើរៗ កាលពីល្ងាចថ្ងៃសៅរ៍ លោក Chris Minns ក្លាយជាអភិបាលរដ្ឋបន្ទាប់របស់រដ្ឋញូសៅវែល ហើយបក្សលេប័រកំពុងស្ថិតនៅលើគន្លងក្នុងការដឹកនាំ រដ្ឋាភិបាលភាគច្រើនទៀតផង។
នៅក្នុងសុន្ទរកថាជ័យជំនះរបស់លោក អភិបាលរដ្ឋជាប់ឆ្នោតថ្មីរូបនេះ បានប្រកាសថា គណបក្សរបស់លោកគឺ "ត្រលប់មកវិញហើយ ហើយត្រៀមខ្លួនជាស្រេចក្នុងការគ្រប់គ្រង" ។
លោក Minns បាននិយាយថា "យើងនឹងមិនអនុញ្ញាតឱ្យប្រជាជននៃរដ្ឋនេះអស់សង្ឃឹមឡើយ" ។
"យើងនឹងគ្រប់គ្រងសម្រាប់មនុស្សគ្រប់គ្នានៅក្នុង NSW ។ យើងដឹងថាបញ្ហាប្រឈមគឺធំធេង យើងដឹងថាការទទួលខុសត្រូវគឺអស្ចារ្យ ប៉ុន្តែ គណបក្សលេប័រនៃរដ្ឋញូសៅវែល បានត្រលប់មកវិញហើយ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងក្នុងស្ថានភាពដ៏អស្ចារ្យនេះ"។
លោក Minns ក៏បានថ្លែងអំណរគុណផងដែរចំពោះលោក Dominic Perrottet អភិបាលរដ្ឋបក្សលីប៊ឺរល ដែលត្រូវចាកចេញទៅ សម្រាប់សេវាកម្មរបស់លោក។
លោកបាននិយាយថា “វាជារឿងដែលមិនអាចប្រកែកបាន ដែលយុទ្ធនាការបោះឆ្នោតនេះ ប្រហែលជាគំរូនៃការគោរព និងអរិយធម៌ប្លែកពីគេ។ គណបក្សទាំងពីរមិនប្រកាន់យកយុទ្ធសាស្រ្តបំភ្លៃ ហើយគ្មានគណបក្សនយោបាយណាមួយដែលធ្វើការបំភ្លៃនោះទេ។"
លោកនាយករដ្ឋមន្ត្រី Anthony Albanese បានស្ថិតនៅជួរមុខនៃយុទ្ធនាការថ្ងៃបោះឆ្នោតនៅទូទាំងទីក្រុងស៊ីដនី ហើយបានស្វាគមន៍លោក Minns ឆ្ពោះកាន់ដំណាក់កាលនៃជ័យជំនះនៅក្នុងកម្មវិធីគណបក្សនៅទីក្រុងស៊ីដនី។
លោកនាយករដ្ឋមន្ត្រីបានថ្លែងពីលោក Minns ថា៖ «លោកតំណាងឱ្យអ្វីៗទាំងអស់ ដែលល្អបំផុតអំពីគណបក្សលេប័រអូស្ត្រាលី។
"ចក្ខុវិស័យរបស់លោក គឺជាមនុស្សម្នាក់ដែលតែងតែមានប្រជាជននៅក្នុងបេះដូងរបស់គាត់" ។
លោក Albanese បានចង្អិលបញ្ហាញសមភាគីរបស់លោករូបនេះថាមាន សុចរិតភាព ចក្ខុវិស័យ ក្តីមេត្តា និងយុត្តិធម៌ ក្នុងចំណោមគុណសម្បត្តិដឹកនាំរបស់គាត់។
ការបង្ហាញខ្លួនម្តងទៀតរបស់លោក Albanese ជាមួយលោក Minns នៅលើផ្លូវនៃយុទ្ធនាការនេះគឺផ្ទុយគ្នាទៅនឹង អវត្តមានគួរឱ្យកត់សម្គាល់របស់លោក Peter Dutton មេដឹកនាំគណបក្សប្រឆាំង ក្នុងការជំរុញរដ្ឋរបស់គណបក្សសម្ព័ន្ធនេះ សម្រាប់ការបោះឆ្នោតឡើងវិញ។
នៅឯកម្មវិធីបន្ទប់បោះឆ្នោតរបស់បក្សលេប័រ សមាជិកសភាសហព័ន្ធជួរមុខ លោក Chris Bowen បាននិយាយថា លោក Minns បានដំណើរការ"យុទ្ធនាការដ៏អស្ចារ្យ" ។
លោកបានប្រាប់អ្នកយកព័ត៌មានថា "លោកអាចជាអភិបាលរដ្ឋដ៏លេចធ្លោរបស់បក្សលេប័រ ដូចជា លោក Neville Wran និង លោក Bob Carr" ។
លោកPerrottet ទទួលស្គាល់លទ្ធផល
លោក Perrottet បានទទួលស្គាល់ការបរាជ័យរបស់លោក នៅក្នុងការហៅទូរស័ព្ទទៅកាន់លោក Minns នៅម៉ោងប្រហែល 9 យប់ថ្ងៃសៅរ៍។
លោកអភិបាលរដ្ឋដែលចាកចេញទៅនេះ បានជំរុញឱ្យអ្នករាល់គ្នាក្នុងរដ្ឋញូសៅវែល ឱ្យគាំទ្រលោក Minns ដើម្បីជាប្រយោជន៍ដល់ប្រទេស។
"ខ្ញុំសុំឱ្យមនុស្សគ្រប់គ្នានៅទូទាំងរដ្ឋញូសៅវែល ទោះជាអ្នកមានទំនោរនៅក្នុងគណបក្សនយោបាយរបស់អ្នកបែបណាក៏ដោយ ឱ្យគាំទ្ររូបលោក ពីព្រោះនៅពេលដែលរដ្ឋញូសៅវែលដំណើរការបានល្អ ប្រទេសរបស់យើងក៏ដំណើរការល្អ ហើយនោះជាអ្វីដែលខ្ញុំជឿថាយើងទាំងអស់គ្នាអាចបង្រួបបង្រួមនៅពីខាងក្រោយ" ។
លោក Perrottet ដែលបានក្លាយជាអភិបាលរដ្ឋកាលពី 18 ខែមុន បន្ទាប់ពីលោកស្រី Gladys Berejiklian លាលែងពីតំណែង ចំពេលមានការស៊ើបអង្កេតអំពើពុករលួយ បានស្វែងរកជ័យជំនះអាណត្តិទីបួនសម្រាប់បក្សចម្រុះ។
លោក Perrottet បាននិយាយថា លោក Minns នឹងធ្វើការងារជំនួសរូបលោកយ៉ាងល្អ ខណៈដែលលោកបានទទួលខុសត្រូវទាំងស្រុងចំពោះការចាញ់របស់គណបក្សលោក។
"ហើយជាលទ្ធផល ខ្ញុំនឹងលាលែងចេញពីតំណែងជាប្រធានគណបក្សលីប៊ឺរល"។
"វាច្បាស់ណាស់ថា យើងត្រូវការការចាប់ផ្តើមថ្មី"។
ការស្វែងរកកំហុសរបស់បក្សលីប៊ឺរល
នៅពេលដែលក្តីសុបិនរបស់គណបក្សលេប័របានក្លាយជាការពិត ការវិភាគអំពីការបរាជ័យរបស់បក្សលីប៊ឺរលបានចាប់ផ្តើមឡើង។
អតីតនាយករដ្ឋមន្ត្រីរបស់បក្សលីប៊ឺរល លោក John Howard បានមកដល់កម្មវិធីក្នុងបន្ទប់ បោះឆ្នោតរបស់គណបក្សនេះ ដោយស្ទាក់ស្ទើរក្នុងការធ្វើអត្ថាធិប្បាយអំពីលទ្ធផល ដោយនិយាយថា "វាលឿនពេកក្នុងការនិយាយអំពីរឿងនោះ" ។
លោកបាននិយាយថា Dominic Perrottet បានចូលកាន់តំណែងជាអភិបាលរដ្ឋនៅក្នុង "ស្ថានភាពលំបាកមិនគួរឱ្យជឿ" បន្ទាប់ពីការចាកចេញភ្លាមៗរបស់លោកស្រី Gladys Berejiklian ។
លោក Howard បាននិយាយអំពីលោកអភិបាលរដ្ឋដែលចាកចេញទៅរូបនេះថា៖ «ខ្ញុំកោតសរសើរគាត់យ៉ាងខ្លាំង។
បន្ទាប់មកលោកក៏បានស្តាប់ឮផែនការរបស់លោក Perrottet ក្នុងការចុះចេញពីតំណែងជាមេដឹកនាំបក្សលីប៊ឺរល។
អ្នកនាំពាក្យជាន់ខ្ពស់ខាងផ្នែករតនាគាររបស់បក្សលីបឺរលសហព័ន្ធលោក Angus Taylor បាននិយាយថា វាគឺជាការប្រកាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួន នៅពេលសួរថា តើគោលនយោបាយរបស់គណបក្សលីប៊ឺរលដែលកំពុងដំណើរការជុំវិញបញ្ហាការប្រែប្រួលអាកាសធាតុ និងការបោះឆ្នោតទីក្រុងបានធ្វើឱ្យពួកគេចាញ់ ការបោះឆ្នោតនៅក្នុងប្រទេសដែរឬទេ។
លោក Taylor បានប្រាប់ Sky News ថា៖ «អ្នកត្រូវតែធ្វើយុទ្ធនាការនៅកន្លែងណាដែលជាចំណុចខ្លាំងរបស់អ្នក »។

មេដឹកនាំទាំងពីរបានធ្វើយុទ្ធនាការយ៉ាងស្វិតស្វាញនៅក្នុងអាសនៈសំខាន់ៗនៅភាគខាងលិចនៃទីក្រុងស៊ីដនី ដែលជាកន្លែងដែលអ្នកបោះឆ្នោតមួយភាគបីនៃរដ្ឋញូសៅវែលរស់នៅ ហើយមណ្ឌលបោះឆ្នោតជាច្រើនស្ថិតនៅលើមុខកាំបិត។
លោកអភិបាលរដ្ឋបានបោះឆ្នោតនៅមណ្ឌល Beecroft កាលពីថ្ងៃសៅរ៍ អមដោយភរិយារបស់លោកគឺ លោកស្រី Helen និងកូនស្រី Celeste ខណៈដែលអ្នកស្ម័គ្រចិត្តនៅសាលាបានលក់នំខេក និងសាច់ក្រកទៅឱ្យអ្នកមកបោះឆ្នោត។
លោក Minns បានបោះឆ្នោតនៅក្នុងអាសនៈទីក្រុងស៊ីដនីភាគខាងត្បូងនៃទីក្រុង Kogarah ដែលនៅជាប់នឹងភរិយារបស់លោក គឺលោកស្រី Anna និងកូនប្រុសទាំងបីរបស់ពួកគេ ហើយបានសន្យាថានឹងមានចក្ខុវិស័យថ្មីសម្រាប់រដ្ឋនេះ។
លោកបាននិយាយថា "បោះឆ្នោតសម្រាប់ការចាប់ផ្តើមថ្មីសម្រាប់រដ្ឋញូសៅវែល សម្រាប់ក្រុមដែលមានផែនការសម្រាប់សេវាកម្មសំខាន់ៗ សម្រាប់សាលារៀនរបស់យើង និងសម្រាប់មន្ទីរពេទ្យរបស់យើង ដែលនឹងក្រោកឈរឡើងប្រឆាំងនឹងការធ្វើឯកជនភាវូបនីយកម្ម ហើយពិតជាយកប្រជាជននៃរដ្ឋញូសៅវែលជាចំបង" ។

សមាជិកសភាឯករាជ្យសហព័ន្ធសម្រាប់មណ្ឌល Fowler លោកស្រី Dai Li បានផ្តល់យោបល់ថា មានការជាប់គាំងពីការបិទខ្ទប់ COVID-19 ដ៏អាក្រក់ ដែលបានវាយប្រហារសហគមន៍ទីក្រុងស៊ីដនីរបស់លោកស្រី ក្នុងអំឡុងពេលដឹកនាំរបស់បក្សចម្រុះនៅក្នុងរដ្ឋញូសៅវែល។
លោកស្រីបានប្រាប់ ទូរទស្សន៍ABC ថា៖ "នៅពេលយើងកំពុងនិយាយអំពី របៀបដែលយើងត្រូវបានគេចាត់ទុកជាពលរដ្ឋលំដាប់ទីពីរ ខ្ញុំគិតថា នៅតែមានសំណល់នៃរឿងនោះនៅក្នុងសហគមន៍របស់យើង។ ដូច្នេះហើយពួកគេមានអារម្មណ៍ ថា យើងមិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ "៕

