TAFE ផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងការណែនាំពីអាជីពទូទាំងអូស្ត្រាលី។
ពលរដ្ឋ អ្នកមានទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ និស្សិតអន្តរជាតិ និងអ្នកកាន់ទិដ្ឋាការបណ្តោះអាសន្នមួយចំនួនអាចទទួលបានការបណ្តុះបណ្តាលនៅ TAFE
មានការផ្តល់ជូននូវវគ្គបណ្តុះបណ្តាលខ្លះដោយមិនគិតថ្លៃសម្រាប់ការងារក្នុងវិស័យមួយចំនួន
ការបញ្ចប់វគ្គសិក្សាតាមវគ្គបណ្តុះបណ្តាលផ្សេងៗអាចឲ្យអ្នករកការងារបានធ្វើដំបូងនៅអូស្ត្រាលី ជួយបង្កើននូវជំនាញរបស់អ្នកដើម្បីទទួលបានការងារកាន់តែប្រសើរ ឬអាចជួយឲ្យអ្នកធ្វើការផ្លាស់ប្តូរអាជីពបាន។
ប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងអប់រំបន្ត The Technical and Further Education system (TAFE) គឺជាស្ថាប័នផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសរបស់រដ្ឋនៅអូស្ត្រាលី។ វិទ្យាស្ថាន TAFE នៅតាមបណ្តារដ្ឋ និងដែនដី ទាំងឡាយនៅប្រទេសអូស្ត្រាលី ផ្តល់ជូននូវវគ្គសិក្សាពេញម៉ោង និងមិនពេញម៉ោង ដោយទៅរៀនដោយផ្ទាល់ ឬរៀនតាមអនឡាញលើមុខជំនាញជាច្រើន។

នាយកប្រតិបត្តិសមាគម TAFE រដ្ឋវិកថូរៀលោក Andrew Williamson មានប្រសាសន៍ថា TAFE ផ្តល់ជូននូវវគ្គបណ្តុះបណ្តាលជាងមួយពាន់វគ្គផ្សេងៗគ្នាដោយរាប់បញ្ចូលចាប់តាំងពីគណនេយ្យ ផ្នែកជួសជុលយាន្តយន្ត ធ្វើសក់ និងកែសម្ផស្ស ផ្នែកសំណង់ អាជីវកម្ម និងទីផ្សារ សេវាកម្មសហគមន៍ ផ្នែកថែទាំសុខភាព អប់រំកុមារតូច និងវគ្គផ្សេងៗជាច្រើនទៀត។ លោក Williamson បន្តថា សិស្សដែលចង់បន្តការសិក្សាអាចមើលជម្រើសផ្សេងៗ ទទួលបាននូវការណែនាំពីការចាប់យកអាជីពពី TAFE នៅតាមតំបន់ដែលខ្លួនរស់នៅ។
យើងអាចផ្តល់ជូននូវទីប្រឹក្សាជ្រើសរើសអាជីពអង្គុយពិភាក្សាជាមួយអ្នក ឲ្យអ្នកប្រាប់ពីជម្រើសផ្សេងៗ និងអ្វីដែលអ្នកចង់សម្រេចបាននៅក្នុងអាជីព។

ជាទូទៅស្ទើរគ្រប់វគ្គសិក្សាមិនតម្រូវឲ្យមានលក្ខខណ្ឌផ្សេងៗនោះ ទេ ប៉ុន្តែប្រសិនបើមាន លក្ខខណ្ឌនោះក៏ មិនតឹងតែងដូចការចូលរៀននៅតាមសាកលវិទ្យាល័យដែរ ហើយលក្ខខណ្ឌដែលអ្នកចាំបាច់ត្រូវមាននោះដូចជាចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលអ្នកចាំបាច់ត្រូវតែមានដើម្បីអាចរៀនបញ្ចប់វគ្គប្រកបដោយជោគជ័យ។
លោកស្រី Mandy Nour ប្រធានផ្នែកផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេសដល់ជនអន្តោប្រវេសន៍ជាមនុស្សពេញវ័យនៃ TAFE រដ្ឋញូសៅវ៉ែលមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមួយចំនួនត្រូវការនូវសមត្ថភាពភាសាអង់គ្លេសចាំបាច់មួយចំនួនដើម្បីអាចចូលរៀនបាន។
ប្រសិនបើអ្នកមិនអាចបំពេញតម្រូវការក្នុងការចូលរៀនវគ្គបណ្តុះបណ្តាលបាន យើងអាចផ្តល់យោបល់អ្នកឲ្យជ្រើសរើសជំរើសផ្សេង។ ឧទាហរណ៍ដូចជាចាប់ផ្តើមពីវគ្គកម្រិតទាបជាដើម។
បុគ្គលិក TAFE ជាច្រើនចេះនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេស ប៉ុន្តែប្រសិនបើ TAFE នៅតំបន់អ្នកមិនអាចធ្វើការទំនាក់ទំនងជាភាសារបស់អ្នកបានទេ អ្នកអាចប្រើប្រាស់សេវាកម្មបកប្រែតាមខ្សែទូរស័ព្ទដែលផ្តល់ជូនដោយក្រសួងមហាផ្ទៃ។ ដើម្បីទទួលបានសេវាកម្មបកប្រែដោយមិនគិតថ្លៃភ្លាមៗ ចូរទូរស័ព្ទទៅកាន់ TIS តាមលេខ 131 450។
នៅពេលគេភ្ជាប់ខ្សែទូរស័ព្ទទៅអ្នកបកប្រែដែលអាចនិយាយភាសារបស់អ្នកបានហើយ អ្នកត្រូវផ្តល់លេខទូរស័ព្ទ TAFE ក្នុងតំបន់របស់អ្នក មុនពេលអ្នកអាចចាប់ផ្តើមការសន្ទនាដោយមានការបកប្រែ។

សម្រាប់ការងារទាំងឡាយណាដែលមានតម្រូវការខ្ពស់ វគ្គបណ្តុះបណ្តាល មានការជួយឧបត្ថម្ភពីរដ្ឋនៅតាមបណ្តារដ្ឋមួយចំនួន។លោក Williamson មានប្រសាសន៍ថា នៅរដ្ឋវិកថូរៀ មានផ្តល់ជូនវគ្គបណ្តុះបណ្តាលពី 40-50 វគ្គដោយមិនបាច់បង់ប្រាក់ ចាប់តាំងពីវគ្គបណ្តុះបណ្តាលថ្នាក់ដំបូងរហូតដល់វគ្គវិញ្ញាបនប័ត្រទីបួន និងថ្នាក់សញ្ញាប័ត្រ diplomas។
រដ្ឋាភិបាលនឹងបង់ប្រាក់ដល់ TAFE ផ្ទាល់តែម្តង ដោយសិស្សមិនចាំបាច់បង់ថ្លៃវគ្គសិក្សានោះទេ។
វគ្គសិក្សាដែលមិនបាច់បង់ថ្លៃ និងវគ្គដែលមានបង់ថ្លៃវិភាគទានខ្លះភាគច្រើនផ្តល់ជូនដល់ពលរដ្ឋ អ្នកមានលំនៅអចិន្ត្រៃយ៍ ជនភៀសខ្លួន និងអ្នកស្វែងសុំសិទ្ធិជ្រកកោន។ លោកស្រី Mandy Nour មានប្រសាសន៍ថា សម្រាប់អ្នកកាន់ទិដ្ឋាការបណ្តោះអាសន្ន និងអ្នកដែលត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ក៏មានជម្រើសខ្លះដែរ។
សិស្សអាចបង់ថ្លៃសិក្សាជាដំណាក់កាល ហើយសម្រាប់វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ក៏មានការជួយបង់ថ្លៃផងដែរដែលផ្តល់ជូនដោយរដ្ឋាភិបាលសហព័ន្ធ ហើយអាចឲ្យសិស្សសិក្សាបាន និងសងថ្លៃសាលាវិញជាក្រោយ។
ដើម្បីឈានដល់ជំហានបន្ទាប់ក្នុងអាជីពរបស់អ្នក និងដើម្បីឲ្យដឹងថាអ្នកអាចទទួលបានជំនួយហិរញ្ញវត្ថុអ្វីខ្លះ សូមទាក់ទង TAFE នៅតំបន់របស់អ្នក។
សម្រាប់ព័ត៌មានទូទៅស្តីពី TAFE សូមមើល www.myskills.gov.au
នៅរដ្ឋវិកថូរៀ សូមមើល TAFE Victoria ឬទូស័ព្ទទៅលេខ 131 823។
នៅរដ្ឋញូសៅវ៉េល សូមមើល TAFE NSW ឬទូស័ព្ទទៅលេខ 131 601។
នៅរដ្ឋអូស្ត្រាលីខាងលិច សូមមើល TAFE WA ឬទូស័ព្ទទៅលេខ 1300 300 822
នៅរដ្ឋអូស្ត្រាលីខាងត្បូង សូមមើល TAFE SA ឬទូស័ព្ទទៅលេខ 1800 882 661
នៅរដ្ឋឃ្វីនឡែន សូមមើល TAFE Queensland ឬទូស័ព្ទទៅលេខ 1300 308 233
នៅរដ្ឋថាសម៉ានៀ សូមមើល TasTAFE ឬទូស័ព្ទទៅលេខ 1300 655 307
នៅដែនដីអូស្ត្រាលីខាងជើង សូមមើល Charles Darwin University ឬទូស័ព្ទទៅលេខ 1800 061 963
នៅដែនដីរដ្ឋធានានី សូមមើល Canberra Institute of Technology ឬទូស័ព្ទទៅលេខ 02 6207 3188

