សេវាកម្មបកប្រែដោយមិនគិតថ្លៃសម្រាប់ជនអន្តោប្រវេសន៍នៅប្រទេសអូស្ត្រាលី

រនាំងខាងភាសាអាចប៉ះពាល់ដល់ចំណុចសំខាន់ៗមួយចំនួនក្នុងដំណើរការតាំងទីលំនៅដូចជា ការទទួលបាននូវការថែទាំសុខភាព ការស្វែងរកផ្ទះស្នាក់នៅ ឬស្វែងយល់ពីវិក័យប័ត្របង់ប្រាក់ផ្សេងៗ។ ចំពោះជនទាំងឡាយណាដែលជួបការលំបាកក្នុងការនិយាយ ឬពិបាកយល់ជាភាសាអង់គ្លេស មានជំនួយផ្សេងៗដែលអ្នកអាចទទួលយកបាន និងមិនគិតថ្លៃទៀតផង។ • សេវាកម្មបកប្រែផ្តល់ជូននូវការបកប្រែភ្លាមៗតាមទូរស័ព្ទដោយមិនគិតថ្លៃជាង 160 ភាសា • ពេលស្នើសុំអ្នកបកប្រែ អ្នកស្នើសុំអាចជ្រើសរើសអ្នកបកប្រែបាន • សេវាបកប្រែដោយមិនគិតថ្លៃមានផ្តល់ជូនដល់អ្នកកាន់ទិដ្ឋាការបណ្តោះអាសន្ន និងអចិន្ត្រៃយ៍ភាគច្រើន • ឯកសារសម្រាប់អន្តោប្រវេសន៍ត្រូវតែបកប្រែដោយអ្នកបកប្រែដែលទទួលស្គាល់ដោយ NAATI

multiracial couple, migrants

Source: Credit: Getty/Louise Beaumont Source: Credit: Getty/Louise Beaumont

ពេល​ខ្លះ​សមត្ថភាព​ក្នុង​ការ​សន្ទនា​ជាភាសាអង់គ្លេស​របស់​អ្នក​មាន​ការ​ខ្វះ​ខាត។ ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំនាញ​ដូច​ជា​វេជ្ជ​បណ្ឌិត មេធាវី ឬភ្នាក់​ងារ​រដ្ឋាភិបាលជាដើម​អាច​មាន​ការ​លំបាក​សម្រាប់​ជន​អន្តោប្រវេសន៍ពេញ​វ័យ​​មក​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ក្រសួង​មហាផ្ទៃ​អូស្ត្រាលី​ផ្តល់​សេវាកម្ម​បក​ប្រែ​ផ្ទាល់​មាត់​សម្រាប់​ជន​ទាំង​ឡាយ​ណា​ដែល​មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​តិច​តួច។ មិន​តែ​ប៉ុណ្ណោះ​ជន​អន្តោប្រវេសន៍​មួយ​ចំនួន​ក៏​អាច​ទទួល​បាន​សេវាកម្ម​បក​ប្រែ​ឯកសារ​ដើម្បី​ជួយ​កាត់​បន្ថយ​ចំណាយ​ក្នុង​ដំណើរ​ការ​នៃ​ការ​តាំ​ង​ទីលំនៅ​របស់​គេ​ផង​ដែរ។

សេវាកម្ម​បក​ប្រែ​ផ្ទាល់​មាត់

សេវាកម្ម​បក​ប្រែ​ឯកសារ​ និង​បក​ប្រែ​ផ្ទាល់​មាត់ជាតិ ហៅ​កាត់​ថា (TIS National) ផ្តល់​ជូន​នូ​វសេវាកម្ម​បក​ប្រែ​ផ្ទាល់​មាត់​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​ជន​ទាំង​ឡាយ​ណា​ដែល​មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ស្ទាត់​ជំនាញ ហើយ​ត្រូវ​ធ្វើ​ការ​ទាក់​ទង​ជាមួយ​ភ្នាក់​ងារ​រដ្ឋាភិបាល ឬ​ផ្នែក​ឯកជន​។

មាន​បណ្តា​ក្រុម​ហ៊ុន​ជាង 22000 ក្រុហ៊ុន​ដែល​បាន​ចុះ​ឈ្មោះជាមួយ (TIS National) ដោយ​រួម​បញ្ចូល​ទាំង​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ ថ្នាក់​សហព័ន្ធ រដ្ឋាភិបាល​ក្នុង​តំបន់ វេជ្ជ​បណ្ឌិត ឱសថការី ក្រុម​ហ៊ុន​សេវាកម្ម ក្រុម​ហ៊ុន​ទូរគមនាគមន៍ សេវាកម្ម​សង្រ្គោះ​បន្ទាន់ សេវាកម្ម​ផ្លូវ​ច្បាប់ ព្រម​ទាំង​អ្នក​ផ្តល់​សេវាកម្ម​ផ្នែក​តាំង​ទីលំនៅ​នៅ​តាម​សហគមន៍​ផង​ដែរ។

លោកស្រី Rockiya Pirova នាយក​ប្រតិបត្តិ TIS National។ លោក​ស្រី​បន្ត​ថា​កម្មវិធី​នេះ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​អ្នក​បក​ប្រែ​ជាង​ 3000នាក់ ដែល​អាច​បក​ប្រែ​បាន​ជាង 160 ភាសា​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី។

TIS National ដំណើរ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ជារៀង​រាល់​ថ្ងៃ​។

សេវាកម្ម​របស់​កម្ម​វិធី នេះ​មាន​ផ្តល់​ជូន​ដូចជា ការ​បក​ប្រែ​តាម​ទូរស័ព្ទ​ភ្លាមៗ ការ​បក​ប្រែ​តាម​ទូរស័ព្ទ​ដោយ​មាន​ការ​កក់​ទុក​ជាមុន និង​ការ​បក​ប្រែ​ផ្ទាល់​មាត់​ដល់​ទីកន្លែង។

ដើម្បី​ទទួល​បាន​សេវាបក​ប្រែ​ផ្ទាល់​មាត់​តាម​ទូរស័ព្ទ​សូម​ទូរស័ព្ទ​ទៅកាន់ TIS National តាម​លេខ 131 450។

នៅ​ពេល​ដែល​គេ​ភ្ជាប់​ខ្សែ​ទូរស័ព្ទទៅ​អ្នក​បក​ប្រែ​តាមភាសា​ដែល​អ្នក​បាន​ស្នើ​សុំ​ហើយ​ អ្នក​ត្រូវ​ផ្តល់​ឈ្មោះ​ស្ថាប័ន និង​លេខ​ទូរស័ព្ទ​ស្ថាប័ន​ដែល​អ្នក​ត្រូវ​ទាក់​ទង មុន​ពេល​អ្នក​អាច​ចាប់​ផ្តើម​ធ្វើ​ការ​សន្ទនា​ដោយ​មាន​ការ​បក​ប្រែ។

ភ្នាក់​ងារ​ជាច្រើន​ដែល​បាន​ចុះ​ឈ្មោះ​ជាមួយ TIS National ​នឹង​ទទួល​យក​ថ្លៃ​បក​ប្រែ ដូចនេះ​អ្នក​មិន​ចាំ​បាច់​បង់​ថ្លៃ​នោះ​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ស្ថាប័ន​ដែល​អ្នក​ត្រូវ​ទាក់​ទង​នោះ​មិន​ទទួល​យក​ថ្លៃ​បក​ប្រែ អ្នក​ត្រូវ​បើក​គណនេយ្យ​ផ្ទាល់​ខ្លួន​ជាមួយ​ TIS National និង​បង់​ថ្លៃ​បក​ប្រែ​ដោយ​ខ្លួន​ឯង។

សេវាកម្ម​បក​ប្រែ​តាម​ទូរស័ព្ទ​ដោយ​មាន​ការ​កក់​ទុក​ជាមុន​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​អ្នក​ត្រូវ​ការ​ធ្វើ​ការ​ទំនាក់​ទំនង​ដែល​មាន​ភាព​ស្មុគ្រស្មាញ ឬ​នៅ​ពេល​ដែល​អ្នក​ចង់​ធានា​ថា​អ្នក​បក​ប្រែ​អាច​មាន​លទ្ធភាព​បក​ប្រែ​ឲ្យ​បាន​សម​ស្រប​តាម​លក្ខណៈ​ស្មុគ្រ​ស្មាញ​នៃ​កិច្ច​ការ​អ្នក។

យើងក៏​អាច​ផ្តល់​ជូន​សេវា​ដែល​ផ្តល់​នូវ​ការ​សម្ងាត់ និង​ផ្តល់​ជូន​អ្នក​បក​ប្រែ​តាម​ការ​ស្នើ​សុំ​របស់​អតិថិជន​បាន​ផង​ដែរ។

អ្នក​អាច​ធ្វើ​ការ​កក់​អ្នក​បក​ប្រែ​តាម​ទូរស័ព្ទ​ជាមុន​បាន​តាម​រយៈ​ការ​បំពេញ​ទម្រង់​បែប​បទ​កក់​អ្នក​បក​ប្រែ pre-booked interpreter booking form តាម​គេ​ហទំព័រ TIS National ។ ការកក់​អ្នក​បក​ប្រែ​តាម​ទម្រង់​បែប​បទ​នេះ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ 24 ម៉ោង​មុន​ពេល​ដែល​ស្នើ​សុំ ឬ​អាច​ធ្វើ​ការ​កក់​ទុក​មុនរហូត​ដល់ 90 ថ្ងៃ​មុន​ពេល​អ្នក​ត្រូវ​ការ​អ្នក​បក​ប្រែ។

នៅ​ពេល​ការ​បក​ប្រែ​តាម​ការ​ទូរស័ព្ទ​មិន​សម​ស្រប​តាម​ការ​ចង់​បាន​របស់​អ្នក TIS National ក៏​អាច​រៀបចំ​ផ្តល់​សេវាកម្ម​បក​ប្រែ​ដល់​ទីកន្លែង​បាន​ផង​ដែរ។ សេវាកម្ម​បក​ប្រែ​ដល់​ទីកន្លែង​នេះ​នឹង​តម្រូវ​ឲ្យ​បង់​ថ្លៃ ហើយ​តម្លៃ​គិត​ទៅ​តាម​សេវាកម្ម​ដែល​ផ្តល់​ជូន។

ជា​ទូទៅ​ការ​កក់​អ្នក​បក​ប្រែ​ដល់​ទីកន្លែងធ្វើ​ឡើង​ដោយ​ស្ថាប័ន​ដែល​ត្រូវ​រៀបចំ កិច្ច​ពិភាក្សា​ជាមួយ​អតិថិជន​របស់​គេ​ដែល​មិន​អាច​សន្ទនា​ជាភាសា​អង់គ្លេស​បាន។ សេវាកម្ម​នេះ​មាន​ផ្តល់​ជូន​គ្រប់​ទីកន្លែង​ទាំង​អស់​នៅ​ប្រទេស​អូស្ត្រាលី ដរាប​ណា​មាន​អ្នក​បក​ប្រែ​នៅ​ទីនោះ។

សេវាកម្ម​បក​ប្រែ​ឯកសារ​សរសេរ

ក្រសួង​មហាផ្ទៃ​ផ្តល់​ជូន​នូវ​ការ​បក​ប្រែ​ឯកសារ​រហូត​ដល់​ទៅ 10ឯកសារ​ដោយ​មិន​គិត​ថ្លៃ​សម្រាប់អ្នក​មក​តាំង​ទីលំនៅ​​ក្នុង​ប្រទេស​អូស្ត្រាលី។ សម្រាប់​អ្នក​ដែល​មាន​ទិដ្ឋាការ​អចិន្ត្រៃ​យ៍​ភាគ​ច្រើន ព្រម​ទាំង​អ្នក​ដែល​មាន​ទិដ្ឋាការ​បណ្តោះ​អាសន្ន ដែល​ទទួល​បាន​ទិដ្ឋាការ​ក្នុង​អំឡុង​ពេល 2​ឆ្នាំ​មុន​​អាចទទួល​បាន​សេវាកម្ម​បក​ប្រែ​ដោយ​មិន​គិត​ថ្លៃ​នេះ។

ពលរដ្ឋ​អូស្ត្រាលី ព្រម​ទាំង​ជន​ទាំង​ឡាយ​ណា​ដែល​កំពុង​កាន់ bridging visas ទិដ្ឋាការ​អ្នក​ទេសចរណ៍ និង​ទិដ្ឋាការ​ប្រភេទ working holiday មិន​អាច​ទទួល​បាន​សេវាកម្ម​នេះ​ទេ។

ប្រភេទ​ឯកសារ​ដែល​ស្នើ​សុំ​បក​ប្រែ​អាច​រួម​មាន ឯកសា​សំគាល់​អត្តសញ្ញាណ ឯកសារ​ពេទ្យ ជំនួញ ប្រវត្តិការងារ និង​អប់រំ ព្រម​ទាំង​សំបុត្រ​អាពាហ៍​ពិពាហ៍ លែង​លះ សំបុត្រ​មរណៈភាព និង​ឯកសារ​ព្រឹត្តប័ត្រ​ពិន្ទុ​ជាដើម។

ប្រសិន​បើ​អ្នក​មិន​អាច​ទទួល​បាន​សេវា​បក​ប្រែ​ដោយ​មិនគិត​ថ្លៃ ឬ​អ្នក​ត្រូវ​ការ​បក​ប្រែ​ច្រើន​ជាង​10ឯកសារ អ្នក​អាច​រក​ក្រុម​ហ៊ុន​បក​ប្រែ​ជាច្រើន​ដើម្បី​ឲ្យ​ជួយ​បក​ប្រែ​។

នៅ​ពេល​ជ្រើស​រើសអ្នក​បក​ប្រែ សូម​ប្រាកដ​ថា​អ្នក​បក​ប្រែ​នោះ​ទទួល​ស្គាល់​ដោយ អាជ្ញាធរ​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​អ្នក​បក​ប្រែ​ហៅ​កាត់​ថា NAATI ។

ស្ថាប័ន​រដ្ឋាភិបាល សាកល​វិទ្យា​ល័យ​នៅអូស្ត្រាលី និង​និយោជក​ត្រូវ​ការឯកសារ​បក​ប្រែ​ដែល​មាន​ត្រាទទួល​ស្គាល់​ដោយ NAATI ។ នាយក​ប្រតិបត្តិ NAATI លោក Mark Painting មាន​ប្រសាសន៍ថា អ្នក​អាច​បញ្ជាក់​ថា​អ្នក​បក​ប្រែ​ណា​ដែល​ទទួល​ស្គាល់​ដោយ NAATI ដោយ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​តាម​ប្រព័ន្ធ​អនឡាញ។

ប្រសិន​បើ​មាន​នរណាម្នាក់​ដែល​អះ​អាងថា​មាន​ការ​ទទួល​ស្គាល់​ អ្នក​ស្វែង​រក​សេវាកម្ម​អាច​ស្នើ​សុំ​ឲ្យ​គេ​បក​ប្រែ និង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​នូវ​សញ្ញាប័ត្រ​តាម​គេ​ហទំព័ររបស់​យើង។

ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពីការ​ទទួល​បាន​សេវាកម្ម​បក​ប្រែ​ដោយ​មិន​គិត​ថ្លៃ​សូម​មើល https://translating.homeaffairs.gov.au/en.  ដើម្បី​បញ្ជាក់​ថា​អ្នក​បក​ប្រែ​ទទួល​ស្គាល់​ដោយ NAATI សូម​មើល www.naati.com.au.


Share

Published

By Josipa Kosanovic

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service