លោក Anthony Albanese ទទួលបាននូវជ័យជម្នះនៅក្នុងការបោះឆ្នោតសហព័ន្ធឆ្នាំ 2025 ខណៈដែលបក្សលេប័រត្រូវបានកំណត់ឱ្យគ្រប់គ្រងរដ្ឋាភិបាលសម្រាប់អាណត្តិទីពីរជាមួយនឹងសំឡេងភាគច្រើនកាន់តែច្រើនជាងមុន។
លោក Albanese បានប្រាប់អ្នកគាំទ្រនៅទីក្រុងស៊ីដនីថា ការបម្រើការងារជានាយករដ្ឋមន្ត្រីគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៃជីវិតរបស់លោក។
លោកបាននិយាយថា "វាគឺនៅជាមួយនឹងអារម្មណ៍ដ៏ជ្រាលជ្រៅនៃភាពជាមនុស្ស និងស្មារតីទទួលខុសត្រូវយ៉ាងជ្រាលជ្រៅ ដែលរឿងដំបូងដែលខ្ញុំធ្វើនៅយប់នេះគឺនិយាយពាក្យថា 'អរគុណ' ទៅកាន់ប្រជាជនអូស្ត្រាលីសម្រាប់ឱកាសដើម្បីអាចបន្តបម្រើប្រទេសល្អបំផុតនៅលើផែនដីនេះ" ។
“ថ្ងៃនេះ ប្រជាជនអូស្ត្រាលីបានបោះឆ្នោតឲ្យគុណតម្លៃអូស្ត្រាលី៖ ដើម្បីភាពយុត្តិធម៌ សេចក្តីប្រាថ្នា និងឱកាសសម្រាប់អ្នកទាំងអស់គ្នា"។
"ប្រជាជនអូស្ត្រាលីបានបោះឆ្នោតសម្រាប់អនាគតដែលប្រកាន់យកនូវគុណតម្លៃទាំងនេះ ដែលជាអនាគតដែលកសាងឡើងនៅលើអ្វីៗគ្រប់យ៉ាងដែលនាំឱ្យយើងរួបរួមគ្នា" ។
បក្សលេប័រនឹងគ្រប់គ្រងនៅក្នុងសិទ្ធិរបស់ខ្លួន ជាមួយនឹងចំនួនកើនឡើងនៅក្នុងសភា បន្ទាប់ពីមានការផ្លាស់ប្តូរទៅខាងរដ្ឋាភិបាលនៅទូទាំងរដ្ឋជាច្រើន។
ក្នុងចំណោមកៅអីដែលទទួលបានមកសម្រាប់បក្សលេប័រនោះ ក៏មានអាសនៈ Dickson របស់ប្រធានបក្សប្រឆាំងលោក Peter Dutton នៅក្នុងរដ្ឋ Queensland ផងដែរ។
លោក Dutton បានចាញ់លោកស្រី Ali France នៃបក្សលេប័រ ដែលនេះជាលើកទីមួយហើយ ដែលមេដឹកនាំគណបក្សប្រឆាំងបានបាត់បង់កៅអីរបស់ពួកគេ នៅក្នុងការបោះឆ្នោតសហព័ន្ធ។

លោក Dutton បានទទួលខុសត្រូវទាំងស្រុងចំពោះការចាញ់ឆ្នោតរបស់គណបក្សសម្ព័ន្ធនេះ។
លោកបាននិយាយថា “យើងធ្វើមិនបានល្អគ្រប់គ្រាន់ក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតនេះ នោះគឺវាច្បាស់ណាស់ នៅយប់នេះ”។
"ខ្ញុំតែងតែចង់រស់នៅក្នុងជីវិតសាធារណៈ ដើម្បីភាពល្អប្រសើរបំផុតសម្រាប់ប្រទេសរបស់យើង និងល្អប្រសើរបំផុតសម្រាប់ប្រជាជនអូស្ត្រាលីគ្រប់រូប”។
«វាជាឱកាសប្រវត្តិសាស្ត្រសម្រាប់គណបក្សលេប័រ ហើយយើងទទួលស្គាល់ប្រវត្តិសាស្រ្តនោះ»។
ក្នុងចំណោមគោលនយោបាយដែលបានប្រកាសដោយលោក Albanese គឺបានអនុញ្ញាតឱ្យអ្នកទិញផ្ទះលើកដំបូងចូលទៅក្នុងទីផ្សារអចលនទ្រព្យជាមួយនឹងប្រាក់កក់ចំនួន 5 ភាគរយ ខណៈពេលដែលមានការសន្យាថានឹងចំណាយ មួយម៉ឺនលានដុល្លារដើម្បីសាងសង់ផ្ទះថ្មីរហូតដល់ទៅ មួយសែនខ្នង។
លោកក៏បានសន្យាថានឹងផ្តល់ប្រាក់ចំនួន 8.5 ពាន់លានដុល្លារ សម្រាប់ការចូលទៅជួបគ្រូពេទ្យពិនិត្យជំងឺទូទៅដែលបានឧបត្ថម្ភធនចំនួន 18 លានដងបន្ថែមទៀត ជារៀងរាល់ឆ្នាំ ដែលជាផ្នែកមួយនៃការពង្រឹង Medicare ។
បក្សលេប័រ ក៏បានប្តេជ្ញាចិត្តជាមួយនឹងថវិកាចំនួន 2.3 ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភធនដល់អាគុយសូឡាសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដើម្បីរក្សាទុកថាមពលពន្លឺព្រះអាទិត្យ ខណៈពេលដែលសន្យាផងដែរ ក្នុងការបង្ក្រាបការឡើងថ្លៃទំនិញហួសហេតុដោយផ្សារទំនើប៕

