អ្នកកាន់ទិដ្ឋាការប្រភេទដៃគូមិនអាចចូលមកប្រទេសអូស្ត្រាលីបានទេទោះបីជាទទួលបានការផ្តល់ជូនទិដ្ឋាការអនុញ្ញាតឲ្យស្នាក់នៅ 9ខែក៏ដោយ
ការវិនិច្ឆ័យលើការផ្តល់ជូនទិដ្ឋាការមានការពន្យាពេលច្រើនដោយសារតែការបិទទ្វារ និងការហាមឃាត់ការធ្វើដំណើរ។
អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទដៃគូមួយចំនួនតូចនៅតែអាចចូលមកប្រទេសអូស្ត្រាលីដោយប្រើទិដ្ឋាការទេសចរណ៍
លោក John Hourigan, នាយកប្រចាំប្រទេសនៃវិទ្យាស្ថានអន្តោប្រវេសន៍អូស្ត្រាលីមានប្រសាសន៍ថា ក្នុងចំណោមពាក្យដាក់ស្នើសុំទិដ្ឋាការដៃគូចំនួន 85000 ពាក្យដែលរៀបតាមលេខរៀងដើម្បីធ្វើការវិនិច្ឆ័យ មានតែពាក្យសុំចំនួន 40000 ប៉ុណ្ណោះដែលគេបានធ្វើការសម្រេចកាលពីឆ្នាំ មុននេះ។
នៅក្នុងបរិយាកាសមានរោគរាតត្បាត COVID-19 គេរំពឹងថាការវាយតម្លៃលើពាក្យសុំទិដ្ឋាការនឹងមានការពន្យាពេលបន្ថែមច្រើនជាងពេលធ្វើការវាយតម្លៃធម្មតាដែលត្រូវការពេល 18 ខែ។
នេះមានន័យថាអ្នកនឹងត្រូវរង់ចាំច្រើនជាង ២ឆ្នាំ នៅក្នុងការដាក់ពាក្យសុំទិដ្ឋាការប្រភេទដៃគូនេះ។

លោកស្រី Maggie Taaffe ប្រធានមេធាវី និងជាភ្នាក់ងារអន្តោប្រវេសន៍នៅក្រុមអ្នកច្បាប់អន្តោប្រវេស AHWC មានប្រសាសន៍ថា ការគោរពគោលការណ៍មិនស៊ីសង្វាក់គ្នា និងកង្វះខាតតម្លាភាពក្នុងការចេញ លទ្ធផលស្នើសុំទិដ្ឋាការ បណ្តាលឲ្យអតិថិជនរបស់នាងមានភាពអន្ទះសារ និងតានតឹងផ្លូវអារម្មណ៍ ហើយមិនអាចទៅលេងដៃគូរបស់គេនៅអូស្ត្រាលី ឬនៅក្រៅប្រទេស។
លោកស្រីបន្តថាអាម្មណ៍ឯកាគឺជាអ្វីដែលអតិថិជនភាគច្រើនរបស់លោកស្រីបានប្រាប់ ខណៈដែលអតិថិជនមួយចំនួនមានការខ្វះខាតថវិកា ហើយមួយចំនួនទៀតមានការព្រួយបារម្ភពីការចាប់ផ្តើមកសាងគ្រួសារខណៈពេលដែលគេមានវ័យកាន់តែចាស់ពេលរង់ចាំលទ្ធផលស្នើសុំទិដ្ឋាការ។
យើងក៏មានអតិថិជនជួបបញ្ហាផ្លូវចិត្ត ពីព្រោះគេមិនដឹងថាតើនីតិវិធីក្នុងការស្នើសុំនេះនឹងត្រូវបញ្ចប់នៅពេលណា។
លោក Hourigan បន្តថាអ្នកដាក់សុំទិដ្ឋាការដៃគូនៅក្រៅប្រទេសក៏នៅតែអាចធ្វើដំណើរមកអូស្ត្រាលីបានផងដែរដោយ អ្នកដាក់ពាក្យសុំអាចស្នើសុំទិដ្ឋាការទេសចរណ៍ដោយស្នើសុំការអនុញ្ញាតពីស្នងការ ការពារព្រំដែនអូស្ត្រាលីដើម្បីធ្វើដំណើរ ហើយការអនុញ្ញាតនេះអាចធ្វើឡើងអាស្រ័យទៅលើការដាក់ឯកសារសុំដើម្បីបញ្ជាក់ថាគេមានទំនាក់ទំនងជា ដៃគូជាមួយពលរដ្ឋអូស្ត្រាលី ឬអ្នកមានលំនៅអចិន្ត្រៃយ៍។
ទាំងលោក Hourigan និងលោកស្រី Taaffe បន្តថា តាមបទពិសោធន៍ការងារ គេសង្កេតឃើញថាអ្នកស្នើសុំទិដ្ឋាការដៃគូមានការលំបាកមែនទែនក្នុងការស្នើសុំការលើកលែងដើម្បីធ្វើដំណើរមកអូស្ត្រាលីក្នុងអំឡុងពេលមានរោគរាតត្បាតនេះ។ លោកស្រី Taaffe បន្តថាទោះបីជាអ្នកស្នើសុំទិដ្ឋាការដៃគូមានទិដ្ឋាការក្នុងការធ្វើដំណើរ ហើយដៃគូរបស់ខ្លួននៅអូស្ត្រាលីក៏មានការលំបាកក្នុងការស្នើសុំការលើកលែងដើម្បីធ្វើដំណើរដែរ។
ពួកគេកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលគេមានរយៈពេលតែ 9ខែដើម្បីធ្វើដំណើរមកអូស្ត្រាលី ដូចនេះទិដ្ឋាការរបស់គេអាចនឹងផុតកំណត់សម្រាប់អ្នកកាន់ទិដ្ឋាការប្រភេទដៃគូមួយចំនួន។
ទោះបីជាលោកស្រី Taaffe ក៏មានការបារម្ភផងដែរថាអ្នកដែលទទួលបានទិដ្ឋាការប្រភេទដៃគូរួចហើយអាចនឹងត្រូវធ្វើការស្នើសុំឡើងវិញបន្ទាប់ពីការហាមប្រាមក្នុងការធ្វើដំណើរត្រូវបានលើកលែង ប៉ុន្តែលោក Hourigan យល់ឃើញផ្ទុយពីនេះ ដោយលោកគិតថាក្រសួងអន្តោប្រវេសន៍អាចនឹងចេញទិដ្ឋាការឲ្យឡើងវិញ។
ករណីមួយចំនួន គេអាចផ្តល់សេចក្តី ជូនដំណឹងពីបំណងក្នុងការរៀបអាពាហ៍ពិពាហ៍។

ការដាក់ពាក្យស្នើសុំទិដ្ឋាការពីក្រៅប្រទេសគ្មានភាពងាយស្រួលនោះទេ។ បុរសមានដើមកំណើតនៅប្រទេសពេរ៉ូលោក Luciano និងដៃគូរបស់គាត់ជាជនជាតិអូស្ត្រាលីអ្នកស្រី Drew បានដាក់ពាក្យស្នើសុំទិដ្ឋាការកាលពីជាង៥ឆ្នាំមុន។
ដោយសារតែលោក Luciano បានស្នាក់នៅ អូស្ត្រាលីលើសការកំណត់ពីទិដ្ឋាការរបស់លោក (overstayed) មុនពេលលោកបានជួបជាមួយអ្នកនាង Drew ដំបូងពាក្យស្នើសុំទិដ្ឋាការរបស់គេត្រូវបានបដិសេធ និងត្រូវបញ្ជូនទៅតុលាការ Administrative Appeals Tribunal ហៅកាត់ថា AAT ដើម្បីធ្វើការសើរើពិនិត្យឡើងវិញ បន្ទាប់មកត្រូវបញ្ជូនទៅ Federal Circuit Court ហើយក្រោយមកទៀតត្រូវបញ្ជូនមក AAT ជាថ្មីម្តងទៀត។ អ្នកនាង Drew បន្តថា អ្នកដាក់ពាក្យសុំតែងតែគិតថានីតិវិធីនេះគ្រាន់តែបំពេញទម្រង់បែបបទតែពីរបីទំព័រប៉ុណ្ណោះ ប៉ុន្តែតាមពិតវាជានីតិវិធីដ៏វែងអន្លាយ និងត្រូវចំណាយពេល និងថវិកាដ៏ច្រើនក្នុងករណី របស់ពួកគេ។
តើអ្នកគេងលើគ្រែប្រភេទអ្វី? តើដៃគូរបស់អ្នកប្រើច្រាសដុសធ្មេញអ្វី? តើអ្នកមានសម្ភារៈធ្វើពីស្បែកទេ? មន្ត្រីវិនិច្ឆ័យលើពាក្យសុំទិដ្ឋាការក៏អាចមើលការផ្ញើសារទៅវិញទៅមកផងដែរ។ គេអាចមើលលើប្រវត្តិទូរស័ព្ទទាក់ទងគ្នា។ និយាយរួមគេសួរគ្រប់យ៉ាងដែលពេលខ្លះអ្នកគិតមិនដល់ផង។

លោក Hourigan បន្តថាការដាក់ពាក្យសុំប្រកបដោយជោគជ័យអាស្រ័យទៅលើថាតើអ្នកបានត្រៀមរៀបចំឯកសារបានត្រឹមត្រូវប៉ុណ្ណាស្តីពីទំនាក់ទំនងស្នេហានេះ ដោយរួមទាំងភស្តុតាងស្តីពី ការបន្តការទាក់ទងគ្នានៅពេលរស់នៅ បែកគ្នា សាច់ប្រាក់ចេញចូលក្នុងធនាគារ និងវិក័យប័ត្រចំណាយថ្លៃផ្ទះដែលមានចែកគ្នាចេញជាដើម។
បើតាមលោកស្រី Taaffe បន្តថាពេលដែលគេបានដាក់ពាក្យសុំទិដ្ឋាការរួចហើយ អ្នកដាក់ពាក្យសុំក៏ត្រូវបញ្ជូននូវឯកសារមួយចំនួនទៀតផងដែរដូចជាលិខិតថ្កោលទោស ការពិនិត្យសុខភាពជាដើម។
ចំណុចដែលលំបាកមួយទៀតនោះគឺលិខិតថ្កោលទោសបញ្ជាក់ពីអត្តចរិត និងលិខិតពិនិត្យសុខភាពនេះមានសុពលភាពតែ 12ខែប៉ុណ្ណោះ។ លោកស្រី Taaffe បន្តថាការរៀបចំឯកសារឲ្យចំពេលវេលាមិនមែនជាការងាយស្រួលនោះទេ ហើយវាកាន់តែមានការលំបាកថែមទៀតពេលមានរោគរាតត្បាត កូវីដ 19នេះ ជាពិសេសសម្រាប់អ្នកដាក់ពាក្យសុំដែលចាំបាច់ត្រូវរៀបចំ ការផ្តិតយកក្រយៅដៃនៅក្រៅប្រទេស។
អ្នកនាង Drew ផ្តល់ជាយោបល់ថាអ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទដៃគូគួរតែស្វែងរកជំនួយផ្នែកច្បាប់ និងចំណាយពេលត្រៀមឯកសារផ្សេងៗដើម្បីជៀសវាងការចំណាយថវិការាប់ម៉ឺនដុល្លារដោយចំណាយពេលរាប់សិបឆ្នាំ។ ក្រសួងអន្តោប្រវេសន៍មិនបានឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងរយៈពេលនៃការដាក់ពាក្យសុំទិដ្ឋាការប្រភេទ ដៃគូឡើយ។
ប្រសិនបើរយៈពេលធ្វើការវិនិច្ឆ័យលើពាក្យស្នើសុំទិដ្ឋាការនេះត្រូវគេប្រាប់ថាពី 21-28 ខែ នោះក្រសួងអន្តោប្រវេសន៍នឹងមិនឆ្លើយតបនឹងសំណួរផ្សេងៗមុនពេលចប់ខែទី 28 នោះឡើយ។
ទាំងលោកស្រី Taaffe and Hourigan បានផ្តល់ជាយោបល់ថាក្នុងអំឡុងពេលរង់ចាំនេះយកល្អត្រូវបន្តដាក់ជូននូវឯកសារគាំទ្រលើពាក្យស្នើសុំរបស់អ្នករហូតដូចជាកំណត់ត្រាពីការទាក់ទងគ្នាតាមអ៊ីម៉េល និងតាមប្រព័ន្ធសង្គមជាដើម។
លោកស្រី Taaffe ក៏ផ្តល់ជាយោបល់ផងដែរថា អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទដៃគូរគួរតែចុះសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍នៅតាមរដ្ឋ ឬដែនដីដែលគេបានដាក់ពាក្យស្នើសុំប្រសិនបើអាចធ្វើទៅបាន ដើម្បីជួយឲ្យឱកាសក្នុងការទទួលបានជោគជ័យលើការដាក់ពាក្យសុំកាន់តែប្រសើរ ហើយប្រហែលជាអាចស្នើសុំការលើកលែងដើម្បីធ្វើដំណើរទៀតផង។
ជាមួយគ្នានេះផងដែរលោក Luciano បានទទួលសិទ្ធិធ្វើការងារជាចុងភៅពេលលោកទទួលបានទិដ្ឋាការ bridging visa។ លោកជឿថាដរាបណាលោកនៅតែគិតវិជ្ជមាន នោះទីបំផុតលោកនឹងទទួលបានទិដ្ឋាការ។ ចំណែកឯអ្នកនាង Drew វិញក៏សង្ឃឹមថានឹងទទួលបានភាពច្បាស់លាស់មួយដើម្បី រៀបចំផែនការអនាគតជាមួយដៃគូរបស់នាង។
សូមបញ្ជាក់ថាដំណើរការក្នុងការដាក់ពាក្យសុំទិដ្ឋាការរបស់លោក Luciano and Drew’s ព្រមទាំងរឿងរ៉ាវពិតផ្សេងទៀតនៃដំណើរការដាក់ពាក្យសុំ ដែលជារឿងបែបឯកសារស្តីពី តើនរណានឹងអាចរស់នៅអូស្ត្រាលីបាន “Who gets to stay in Australia” ត្រូវបានចាក់ផ្សាយរួចមកហើយនៅ លើទូរទស្សន៍ SBS កាលពី ថ្ងៃពុធទី១ ខែកក្កដាកន្លងទៅនេះ។

សូមបញ្ជាក់ថាការផ្តល់យោបល់ផ្សេងៗដែលមាននៅក្នុងអត្ថបទនេះគ្រាន់តែជាការផ្តល់យោបល់ទូទៅប៉ុណ្ណោះ ហើយមិនត្រឹមត្រូវគ្រប់កាលៈទេសៈនោះ ទេ។ ប្រសិនបើអ្នកមានការព្រួយបារម្ភពីទិដ្ឋាការរបស់អ្នក ជាការប្រសើរក្នុងការស្វែងរកយោបល់ផ្នែកច្បាប់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

