SKIP TO MAIN CONTENT

គ.ជ.ប ប្រកាសលទ្ធផលឆ្នោតជាបឋម

គ.ជ.ប បានធ្វើការប្រកាសពីសំឡងឆ្នោតគណបក្សទាំង ២០ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ដល់ទៅជាង ៤,៨ លាន ស្មើនឹងជាង ៧៦%។

PM Hun Sen casts his vote during the 2018 general election in Phnom Penh
PM Hun Sen casts his vote during the 2018 general election in Phnom Penh Source: Getty Images

2 min read

Published

By Meng Phalla



Skip to article content

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានប្រកាស​ពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយបង្ហាញពីសំឡេងឆ្នោត និងភាគរយ ដែលគណបក្សនយោបាយទាំង ២០ ទទួលបាន ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ រហូតដល់ជាង ៤,៨ លានសំឡេង ស្មើនឹង ៧៦,៧៨%។ រីឯចំនួនប្រជាជនកម្ពុជា ចេញទៅបោះឆ្នោត ត្រូវបានគ.ជ.ប ប្រកាសថា បានកើនដល់ ៨២,៨៩%។

ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប លើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន ៨២,៨៩% បន្ទាប់ពីស្រង់លទ្ធផលបឋមនៅគ្រប់ការិយាល័យទាំង ២២.៩៦៧។

គ.ជ.ប ក៏បានប្រកាសថា លទ្ធផលបឋម ដែលគណបក្សនយោបាយទាំង ២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានទទួលសំឡេងឆ្នោតសរុបចំនួន ៦.៣៤៩.៣៨៩ សំឡេង។

ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ រហូតដល់ចំនួន ៤.៨៧៥.១៨៩ សំឡេង ស្មើនឹង ៧៦,៧៨%។ រីឯគណបក្ស ដែលទទួលបានសំឡេងឆ្នោតលំដាប់ទី២ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៣៧៣.៥២៦ សំឡេង ស្មើនឹង ៥,៨៨%។ លំដាប់ទី៣ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ៣០៨.២៩២ សំឡេង ត្រូវជា ៤,៨៦%។ លំដាប់ទី៤ គឺគណបក្សឆន្ទៈខ្មែរ ដែលទទួលបានសំឡេងឆ្នោត ២១២.៤០៩ នាក់ ស្មើនឹង ៣,៣៥%។ ដោយឡែក គណបក្ស ១៦ ផ្សេងទៀត ក៏ត្រូវបានគ.ជ.ប ប្រកាសពីសំឡេងឆ្នោតទទួលបាន និងគិតជាភាគរយសម្រាប់គណបក្សនីមួយៗ ដែលមានចាប់ពីជាង ៤ពាន់សំឡេង រហូតដល់ជិត ១០ម៉ឺនសំឡេង។

ជាមួយគ្នានេះ គ.ជ.ប បានប្រកាសថា ប្រសិនបើគ្មានបណ្តឹង គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ អំពីសំឡេងឆ្នោត ដែលគណបក្សនីមួយៗ ទទួលបាន ព្រមទាំងសំឡេងឆ្នោតបានការ និងមិនបានការ។ ក្នុងករណីគ្មានបណ្តឹងនឹងលទ្ធផលបណ្តោះអាសន្ននេះទេ គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។

លទ្ធផលផ្លូវការ ដែលនឹងត្រូវប្រកាស រួមមាន សំឡេងឆ្នោត និងចំនួនអាសនៈ ដែលគណបក្សនយោបាយនីមួយៗ ទទួលបាន រួមទាំងឈ្មោះបេក្ខជនជាប់ឆ្នោត។ គ.ជ.ប ក៏បានបញ្ជាក់ថា សម្រាប់ពេលនេះ រាល់ព័ត៌មាន ដែលបានផ្សព្វផ្សាយ និងដែលមិនចេញពីប្រភពគ.ជ.ប មិនមែនជាព័ត៌មានផ្លូវការទេ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក៏មានប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានធ្លាក់មកជាបន្តបន្ទាប់។ ប្រតិកម្មទាំងនោះ មានទាំងការគាំទ្រ និងមានទាំងការជំទាស់នឹងការបោះឆ្នោតនៅកម្ពុជា។

ក្នុងនោះ សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសកាណាដា ជាដើម បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបានចាត់ទុកការបោះឆ្នោតនៅកម្ពុជា ថាមិនត្រឹមត្រូវ មិនយុត្តិធម៌ ដោយរាជរដ្ឋាភិបាលកម្ពុជា បានលុបបំបាត់សំឡេងគណបក្សប្រឆាំង មិនឲ្យចូលរួមការបោះឆ្នោត និងការចាប់ឃុំខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំង លោកកឹមសុខា ជាដើម។ ក៏ប៉ុន្តែទន្ទឹមនឹងការលើកឡើងដូច្នេះ ក៏មានក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជិត ១០ម៉ឺននាក់ ដែលមកពីអង្គការសមាគមក្នុងស្រុកជាង ៩០០ និងមកពីប្រទេសចំនួន ៥២ នៅជុំវិញពិភពលោក រួមមាន ចិន រុស្ស៊ី ឥណ្ឌា ជាដើម ព្រមទាំងគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោត បានវាយតម្លៃ ដាច់ដោយឡែកពីគ្នាថា ការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងនោះ លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានលើកឡើងថា បរិយាកាសដ៏ល្អនៃការបោះឆ្នោតជាតិ នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានបន្ថែមជំនឿចិត្តដល់ប្រជាជន អាជីវករ ពាណិជ្ជករ ព្រមទាំងវិនិយោគិនជាតិ និងអន្តរជាតិ នៅប្រទេសកម្ពុជា៕


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now