SKIP TO MAIN CONTENT

គ.ជ.ប៖ ចំនួនអ្នកទៅបោះឆ្នោត មានជាង ៦,៧ លាននាក់ ស្មើនឹងជាង ៨០%

បន្ទាប់ពីការបិទបញ្ចប់ការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានប្រកាសថា ចំនួនអ្នកចេញទៅបោះឆ្នោត នៅទូទាំងប្រទេស នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន ៦.៧៤៤.៨៩៣ នាក់ ស្មើនឹង ៨០,៤៩ % នៃចំនួនអ្នកបោះឆ្នោតសរុប ៨.៣៨០.២១៧ នាក់។

Cambodian people line up to vote  on 27/07/2018
Cambodian people line up to vote on 27/07/2018 Source: Meng Phalla

1 min read

Published

Updated

By Meng Phalla, Sopharany Hay



Skip to article content

ចំនួនអ្នកចេញទៅបោះឆ្នោតដល់ទៅជាង ៨០% នេះ ត្រូវបានលោក ស៊ិក ប៊ុនហុក ប្រកាសថា ជាជោគជ័យនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា។

លោក ស៊ិក ប៊ុនហុក ក៏បានប្រកាសថា គ.ជ.ប បានរៀបចំកម្មវិធីពិសេស ក្នុងការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋម នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមទូរទស្សន៍ជាតិកម្ពុជា។ រីឯលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ខណៈដែលលទ្ធផលបោះឆ្នោតផ្លូវការ នឹងប្រកាសនៅចន្លោះពីថ្ងៃទី១៥សីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

ចំពោះសភាពការណ៍ទូទៅនៃការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៩កក្កដា ត្រូវបានលោក ស៊ិក ប៊ុនហុក លើកឡើងថា ដំណើរការបោះឆ្នោត នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សា កើតឡើងទេ។ រីឯអ្នកបោះឆ្នោត មានទឹកមុខរីករាយ ក្នុងការចេញទៅបោះឆ្នោត។ ក្នុងនោះ ក៏មិនមានការគំរាមកំហែងណាមួយទេ។

សូមរម្លឹកថា នៅពេលបិទបញ្ចប់ការបោះឆ្នោត នៅម៉ោង ៣ រសៀលនេះ គ.ជ.ប ចាប់ផ្តើមរាប់សន្លឹកឆ្នោតភ្លាមៗ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ហើយលទ្ធផលនឹងបិទផ្សាយនៅតាមការិយាល័យបោះឆ្នោតទាំងនោះ ពេលរាប់សន្លឹកឆ្នោតរួចរាល់។ ដោយឡែក លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នឹងត្រូវគ.ជ.ប ប្រកាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ រីឯលទ្ធផលបោះឆ្នោតផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត នឹងត្រូវគ.ជ.ប ប្រកាសចន្លោះពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

កាលពីបោះឆ្នោត ឆ្នាំ២០១៣ គ.ជ.ប បានប្រកាសថា ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩.៨៧៥.៤៥៣ នាក់។ រីឯអ្នកបានទៅបោះឆ្នោត មានចំនួន ៦.៧៣៥.២៥៥ នាក់ ស្មើនឹង ៦៩,៧១%៕

Cambodia Election status
Source: Meng Phalla

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now