អត្ថន័យនៃថ្ងៃបុណ្យអូស្រ្តាលី បានពាក់ព័ន្ធចាប់តាំងពីដំបូងក្នុងដើមទសវត្សរ៍ទី១៩។ រហូតសព្វថ្ងៃនេះ ពលរដ្ឋអូស្រ្តាលីភាគច្រើនជឿជាក់ថា ជាទិវាបុណ្យជាតិនៃការអបអរសាទរនិងជាការគោរពដល់ប្រជាជនដើមនិងប្រវត្តិសាស្រ្តរបស់ពួកគេ។
ទិវាAustralia Day

វាគឺជាថ្ងៃបុណ្យជាតិមួយដែលរំលឹកពីថ្ងៃទី ២៧មករាឆ្នាំ១៧៨៨ នៅពេលដែលអនុសេនីយឯក Arthur Phillip បានលើកទង់ជាតិចក្រភពអង់គ្លេសនិងប្រកាសអាណានិគមនៅPort Jackson ដែលបច្ចុប្បន្ននេះត្រូវបានគេស្គាល់ថាជាSydney Cove។
ជាថ្ងៃឈប់សម្រាកជាតិ

វាមិនមែនជាថ្ងៃឈប់សម្រាកទូទាំងប្រទេសនោះទេ រហូតមកទល់នឹងឆ្នាំ១៩៩៤ ទើបប្រទេសទាំងមូលចាប់ផ្តើមប្រារព្ធទិវា Australina Dayនៅថ្ងៃទី២៦មករា ដោយចាត់ទុកជាថ្ងៃឈប់សម្រាកជាតិ។ វាក៏ជាថ្ងៃដែលគេចំណាយពេលវេលាចូលរួមព្រឹត្តិការណ៍ក្នុងសហគមន៍ ឬការអាំងសាច់ជួបជុំក្រុមគ្រួសារ មិត្តភក្តិនិងលេងកីឡា cricketនៅខាងក្រោយផ្ទះជាដើម។
ពិធីចូលសញ្ជាតិ
នៅថ្ងៃទី២៦មករា ពិធីចូលសញ្ជាតិបានប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស។
សម្រាប់មនុស្សជាច្រើន ជំហានចុងក្រោយក្នុងការក្លាយខ្លួនជាពលរដ្ឋអូស្រ្តាលីនោះគឺការស្បថចូលសញ្ជាតិ(pledge of commitment)នេះឯង។
សូមអានព័ត៌មានបន្ថែមស្តីពីដំណើរការចូលសញ្ជាតិនេះតាមរយៈគេហទំព័ររបស់នាយកដ្ឋានអន្តប្រវេសន៍ (Department of Immigration website)។
ទិវានៃការឈ្លានពានលុកលុយ

សម្រាប់ពលរដ្ឋអូស្រ្តាលីខ្លះ ជាពិសេសក្នុងចំណោមជនជាតិភាគតិច Aboriginal និង Torres Strait Islander ថ្ងៃទី២៦មករាមិនមែនជាថ្ងៃអបអរសាទរនោះទេ ប៉ុន្តែវាជាថ្ងៃរំលឹកដល់ការឈ្លានពានរបស់ជនជាតិអង់គ្លេសដែលមកតាំងទីនៅលើកោះដែលមានម្ចាស់រួចទៅហើយ។
ទិវាកាន់ទុក្ខ

ក្នុងឆ្នាំ១៩៣៨ នៅក្នុងការប្រារព្ធខួបទី១៥០ឆ្នាំ លោក William Cooper សមាជិកម្នាក់នៃសមាគមន៍គាំទ្រជនជាតិដើមAboriginal និងសកម្មជនដទៃទៀតបានជួបប្រជុំគ្នានិងប្រារព្ធ'Day of Mourning and Protest'.។
ថ្ងៃនេះពាក់ព័ន្ធនឹងការទទួលស្គាល់ប្រវត្តិសាស្រ្តជនជាតិដើមអូស្រ្តាលី Aboriginal និង Torres Strait Islander រួមទាំងការប៉ះទង្គិចដោយសារតែគោលនយោបាយបំបែករបស់រដ្ឋាភិបាលដែលបានធ្វើឲ្យមនុស្សជាច្រើនត្រូវផ្តាច់ចេញពីទឹកដីនិងវប្បធម៌បុរាណរបស់ពួកគេ។
អធិបតេយ្យភាពរបស់ជនជាតិដើមភាគតិច

ថ្ងៃឈ្លានពានត្រូវបានគេមើលឃើញផងដែរថាជាឱកាសក្នុងការបញ្ជាក់អះអាងពីអធិបតេយ្យភាពនៃជនជាតិដើម។ ជារៀងរាល់ឆ្នាំ មានការដង្ហែក្បួននៅក្នុងទីក្រុងនានាទូទាំងប្រទេសអូស្រ្តាលី ប្រឆាំងទៅនឹងការអបអរសាទរបុណ្យ Austrlia Day ហើយអំពាវនាវឲ្យមានយុត្តិធម៌សង្គមនិងអធិបតេយ្យភាពសម្រាប់ជនជាតិដើមអូស្រ្តាលី។
ហេតុអ្វីត្រូវផ្លាស់ប្តូរកាលបរិច្ឆេទ?

ពេលវេលានៃការប្រារព្ធអបអរត្រូវបានគេមើលឃើញថារឿងដ៏គួរឲ្យបារម្ភមួយ ខណៈដែលវារំលឹងពីថ្ងៃមកបោះអាណានិគម មិនដូចប្រទេសដទៃទៀតដែលថ្ងៃបុណ្យជាតិរបស់ពួកគេអបអរសាទរចំពោះឯករាជ្យឬក៏ថ្ងៃពិសេសណាមួយ។
Lowitja O’Donoghue អ្នកដែលទទួលពានរង្វាន់ Australian of the Year ក្នុងឆ្នាំ១៩៨៤ និយាយថា៖ “សូមឲ្យពួកយើងរកមើលថ្ងៃណាមួយដែលយើងទាំងអស់គ្នាអាចមានអារម្មណ៍ចូលរួមជាមួយបាន ដែលយើងទាំងអស់គ្នាអាចចូលរួមបានដោយស្មើភាពគ្នាហើយអាចអបអរពីតម្លៃអត្តសញ្ញាណអូស្រ្តាលីជាទូទៅបាន”។
ទិវារស់រានមានជីវិត

សម្រាប់ប្រជាជន Aboriginal និង Torres Strait Islander ជាច្រើន Australia Day ក៏គឺជាឱកាសមួយដើម្បីទទួលស្គាល់ពីការរស់រានមានជីវិតជាថ្មីនៃវប្បធម៌និងប្រជាជនរបស់ពួកគេផងដែរ។
The National Australia Day Council ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ហើយបានសម្របសម្រួលនូវព្រឹត្តិការណ៍ជាច្រើនដែលរួមទាំងការប្រគល់រង្វាន់ Australia of the Year ៕

