មគ្គទេសក៍សម្រាប់ការតាំងទីលំនៅ៖ តើខ្ញុំអាចប្រើប្រាស់សេវាកម្មមើលថែទាំមនុស្សចាស់បានដោយរបៀបណា?

រនាំងវប្បធម៌ជួនកាលអាចរារាំងលោកអ្នកពីការប្រើប្រាស់នូវសេវាកម្មមើលថែទាំមនុស្សចាស់ដែលហៅថាAged Care បាន។ ហើយនេះគឺជាជម្រើសដ៏ប្រសើរបំផុតមួយចំនួន។

My Aged Care

Source: AAP

ការិយាល័យ​ស្ថិតិ​អូស្រ្តាលី​និយាយ​ថា នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​​ទៀត ៣០%​នៃ​ចំនួន​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី​៦៥ឆ្នាំ​ទៅ​គឺ​ជា​អ្នក​ដែល​​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ដែល​មាន​វប្បធម៌​និងភាសា​ដាច់ដោយឡែក។ មិនតែ​ប៉ុណ្ណោះ នៅ​មាន​រនាំង​វប្បធម៌​ជាក់​លាក់​មួយ​ចំនួន​ដែល​អាច​រារាំង​ពួកគាត់​ខ្លះ​ពី​ការ​ប្រើប្រាស់​សេវាកម្ម​Aged care ទៀតផង។

ការ​កើនឡើង​នូវ​ជម្រើស​នៅ​ក្នុង​កំណែទម្រង់​ការ​មើលថែ​តាម​ផ្ទះ ដែល​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​២៧​កុម្ភៈ​ឆ្នាំ​២០១៧ នឹង​ធ្វើ​ឲ្យ​សេវាកម្ម​មើលថែទាំ​តាម​ផ្ទះ​ចំពោះ​ពលរដ្ឋ​អូស្រ្តាលី​ចាស់ៗ​កាន់តែ​ប្រសើរឡើង។

នៅ​ពេល​ជាមួយ​គ្នានេះ កម្មវិធី My Aged Care របស់រដ្ឋា​ភិបាល​អូស្រ្តាលី​ដើរ​តួ​នាទី​ជា​កម្មវិធី​ដ៏​ពេញ​លេញ​មួយ​ដែល​មាន​សេវាកម្ម​មើលថែទាំ​មនុស្ស​ចាស់​គ្រប់យ៉ាង​នៅទូទាំង​ប្រទេស ដោយរាប់​ចាប់​តាំង​ពី​ការ​កាត់​ស្មៅ នាំ​ទៅ​ផ្សារទិញ​ទំនិញ ឬក៏បោស​សំអាត រហូត​ដល់​ការងារ​ស្មុគស្មាញ​​ដូចជា លទ្ធភាព​ក្នុង​ការ​ជួយ​ស្វែង​រក​ទី​ស្នាក់​អាស្រ័យ​ទៀតផង។

ដូច្នេះ​តើ​លោក​អ្នក​ត្រូវ​ទៅ​រក​នៅ​កន្លែងណា​ នៅ​ពេល​ដែល​លោក​កំពុងតែ​នៅ​ក្នុង​ផ្ទះ​ ហើយ​ត្រូវ​ការ​សេវាកម្ម​មើលថែមនុស្ស​ចាស់នោះ?

តើខ្ញុំត្រូវទាក់ទងទៅអ្នកណា ប្រសិនបើខ្ញុំត្រូវការជំនួយមើលថែទាំដ៏ត្រឹមត្រូវឬក៏ការជួយគាំទ្រដល់រូបខ្ញុំនោះ?

កម្មវិធី My Aged Care របស់រដ្ឋាភិបាល​បាន​បង្កើតនូវ​មជ្ឈមណ្ឌល​ទូរសព្ទ (Call Centre) និង​​គេហទំព័រ​​ដើម្បី​ជា​ជំនួយ​ដល់​លោក​អ្នក​ក្នុង​ការ​ស្វែង​រក​សេវាកម្ម​ដែល​អាច​ជួយ​ឲ្យ​លោក​អ្នក​រស់នៅ​ក្នុង​ផ្ទះ​យូរ​អង្វែង​បាន។ អ្នក​អាច​ទូរសព្ទ​ទៅ​នៅ​ចន្លោះ​ម៉ោង ៨ព្រឹក​ដល់​ម៉ោង​៨យប់ រៀងរាល់​ថ្ងៃធ្វើការ និង​ចន្លោះពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​២ថ្ងៃ​នៅ​ថ្ងៃ​សៅរ៍ តាមរយៈលេខ 1800​200​422 ឬចូលទៅ​កាន់គេហទំព័រ www.myagedcare.gov.au

តើបន្ទាប់មកត្រូវធ្វើដូចម្តេចទៀត? ហើយតើខ្ញុំធ្វើម៉េចទើបអាចដឹងថាសេវាកម្មណាខ្លះដែលខ្ញុំអាចទទួលបាន?

1             ដំបូង​បុគ្គលិក​នៃ​មណ្ឈមណ្ឌល​នេះ​បង្កើត​នូវ​ប្រវត្តិ​រូប​អតិថិជន​មួយ​សម្រាប់​លោក​អ្នក​ ដែល​រួម​មាន​ទាំង​លេខ​ Medicare Card  លេខ​Pension Card (ប្រសិនបើអ្នកមាន) សេចក្តី​លំអិត​ពី​វេជ្ជបណ្ឌិតរបស់​លោក​អ្នក បញ្ជី​ឈ្មោះថ្នាំ​ដែល​លោក​អ្នក​កំពុងតែ​ប្រើប្រាស់ លេខទូរសព្ទ​ទំនាក់ទំនង​នៃ​ក្រុមគ្រួសារ​របស់​លោក​អ្នក អាសយដ្ឋាន និង​លេខ​ទូរសព្ទ​របស់​លោក​អ្នក។ លោក​អ្នក​ត្រូវ​ប្រាប់​ពួកគេ​ផងដែរថា តើ​លោក​អ្នក​កំពុងតែ​ទទួល​បាន​នូវ​ជំនួយ​អ្វីខ្លះ លោក​អ្នក​មាន​បញ្ហា​សុខភាព​អ្វីខ្លះ ហើយ​លោក​អ្នក​ចាត់ចែង​បែប​ណា​ពេល​នៅ​ផ្ទះ។

2             នៅ​ពេល​ដែល​ប្រវត្តិរូប​អតិថិជន​របស់​លោក​អ្នក​បង្កើតបាន​រួច​ហើយ បុគ្គលិក​មជ្ឈមណ្ឌលនេះ​នឹង​ណែនាំ​អ្នក​ទៅ​កាន់​សេវាកម្ម​មើល​ថែ​ទាំ​មនុស្ស​ចាស់​ដែល​មាន​នៅ​ក្នុង​តំបន់​របស់​អ្នក។ ពួកគេ​នឹង​ណែនាំ​លោក​អ្នក​ថាតើ​សេវាកម្ម​អ្វី​ខ្លះ​ដែល​សាកសម​ទៅ​នឹង​តម្រូវ​ការ​របស់​លោក​អ្នក​បំផុត ថ្លៃ​ចំណាយ​សម្រាប់​សេវាកម្មនោះ រួម​បញ្ចូល​ទាំង​ថ្លៃ​ប៉ាន់​ប្រមាណ​និង​ផ្តល់​ជូន​លោក​អ្នក​នូវ​ជម្រើស​សម្រាប់​ធ្វើ​ការ​ជ្រើស​រើស​អ្នក​ផ្តល់​សេវកម្ម​ផងដែរ។

3             នៅ​ពេល​ដែល​លោក​អ្នក​បាន​ចុះ​ឈ្មោះ​រួច​រាល់​ហើយ ពាក្យ​ស្នើសុំ​របស់​លោក​អ្នក​នឹង​ត្រូវ​ផ្ញើ​ទៅ​អ្នក​ដែល​ផ្តល់​សេវាកម្មនេះ។ អ្នក​ផ្តល់​សេវាកម្មនឹង​ទាក់​ទង​លោក​អ្នក​ដើម្បី​រៀបចំពេល​វេលា​មក​មើល​លោក​អ្នក​ដើម្បី​ចាប់​ផ្តើម​បម្រើ​នូវ​សេវាកម្ម​ដែល​លោក​អ្នក​ត្រូវ​ការ។

4             ប្រសិន​បើ​លោកអ្នក​មាន​តម្រូវ​ការ​ស្មុគស្មាញ​ច្រើន​ជាង​នេះ ក្រុម​វាយតម្លៃ​សេវាកម្ម​មើលថែមនុស្ស​ចាស់ អ្នក​មក​សួរ​សុខទុក្ខ​អ្នក​ដលើ​ផ្ទះ ដើម្បី​ធ្វើការ​វាយតម្លៃ​នៅផ្ទះ​និង​រៀបចំ​ផែនការ​មើលថែ​សម្រាប់​លោកអ្នក។

តើមានព័ត៌មានជាភាសាកំណើតរបស់លោកអ្នកដែរឬទេ?

មាន​សេវាកម្ម​មើលថែ​ទាំ​មនុស្សចាស់​ពហុវប្បធម៌​ក្នុង​តំបន់​នៅ​ទូទាំង​ប្រទេស​អូស្រ្តាលី។

នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មណ្ឌល​មើល​ថែ​មនុស្ស​ចាស់​​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។

នៅ​ពេល​ដែល​អ្នក​ទូរសព្ទ​ទៅ My Aged Care លោក​អ្នក​អាច​សុំ​ឲ្យ​គេ​រៀប​ចំ​អ្នក​បក​ប្រែ​ជូន​លោក​អ្នក​បាន​ជានិច្ច។ ឬក៏​គ្រាន់តែ​និយាយ​ឈ្មោះ​ភាសា​ចេញ​មក ពួកគេ​នឹង​ភ្ជាប់​ជូន​លោក​អ្នក​ភ្លាម។ ឬលោក​អ្នក​អាច​ទូរសព្ទ​ទៅ​កាន់​សេវាកម្ម​បកប្រែ 131 450  ហើយ​សុំ​ឲ្យ​ពួកគេ​ភ្ជាប់​ទៅ​មជ្ឍមណ្ឌល​ទូរសព្ទ​របស់​My Aged Care ជូន​លោក​អ្នក។

My Aged Care អាច​ជួល​លោក​អ្នក​យល់​ដឹង​ពី​ព័ត៌មាន​មើលថែទាំ​មនុស្ស​ចាស់​ជា​ភាសា​របស់​លោក​អ្នក។ មានការ​បោះពុម្ព​ជា​ភាសា​ដទៃ​ក្រៅ​ពី​ភាសាអង់គ្លេស​មួយ​ចំនួន​ផងដែរ​ពាក់​ព័ន្ធ​នឹង​មនុស្ស​ចាស់​ និង​សេវាកម្ម​មើលថែទាំ​មនុស្សចាស់នេះ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​My Aged Care ឬក៏

the Ethnic Communities Council of NSW ៕

 


1 min read

Published

Updated

By Sopharany Hay, Ildiko Dauba




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now