មគ្គទេសក៍តាំងទីលំនៅ៖ តើគួរធ្វើដូចម្តេចពេលជួបគ្រោះថ្នាក់ចរាចរណ៍?

មានច្បាប់ទម្លាប់ដ៏តឹងតែងដែលត្រូវអនុវត្តតាមក្នុងប្រទេសអូស្រ្តាលី ករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង បើទោះវាជាគ្រោះថ្នាក់ធ្ងន់ធ្ងរៗឬក៏បុកប៉ះតិចតួចក៏ដោយ។

Accident

Source: Getty

ប្រសិន​បើ​អ្នក​បើកបរ​ជាប្រចាំ នោះ​មាន​ឱកាស​ច្រើន​ដែល​​អ្នក​អាច​នឹង​ពាក់​ព័ន្ធ​នៅ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ជាអកុសល នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត​របស់​អ្នក។ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​ដែល​មាន​ការ​ប៉ះពារ​កើតឡើង។

ឈប់ឡានរបស់អ្នកនៅក្នុងកន្លែងសុវត្ថិភាព

រឿង​ដំបូង​គេ​បំផុត​ដែល​ត្រូវ​ធ្វើនៅ​ពេលមានគ្រោះថ្នាក់ចរាចរណ៍​នោះគឺ​ត្រូវ ឈប់​ឡាន​របស់​អ្នក​នៅ​កន្លែង​ណា​មួយ​ដែល​មាន​សុវត្ថិភាព។ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី វាគឺ​ជា​បទឧក្រិដ្ឋ​ព្រហ្មទណ្ឌ​​​ប្រសិន​បើ​អ្នក​រត់​គេច​ចេញ​ពី​កន្លែង​កើតហេតុ​​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍។

ប្រសិន​បើ​វា​ងងឹត បើក​ភ្លើង​សញ្ញាគ្រោះថ្នាក់ ដើម្បី​ផ្តល់​សញ្ញា​ដល់​អ្នក​បើកបរ​ដទៃ​ទៀត ថាអ្នក​នៅ​ទីនោះ។ ហើយប្រសិន​បើ​អាច​ធ្វើ​ទៅបាន​នោះ ត្រូវ​យក​របស់​ដែល​បង្ក​គ្រោះថ្នាក់​ចេញ​ពី​ដង​ផ្លូវ។

ពិនិត្យមើលសុវត្ថិភាពអ្នកដែលពាក់ព័ន្ធក្នុងហេតុការណ៍នោះ

ប្រសិន​បើ​អ្នក​មិន​មាន​របួស​ធ្ងន់​ធ្ងរ​ទេនោះ ត្រូវ​ពិនិត្យ​មើល​អ្នក​បើកបរ​ផ្សេងទៀត អ្នក​ជិះកង់ និង​អ្នក​ដំណើរ​ថ្មើរជើង​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ពួកគេ​​ក៏​មិន​កើតអ្វី​ធ្ងន់ធ្ងរ​ដែរ។ សូមកុំ​លើក​អ្នក​របួស​ឲ្យ​សោះ លើក​លែង​តែ​ពួកគេ​ស្ថិតនៅ​ក្នុង​គ្រោះថ្នាក់​បន្ទាន់។

Somebody holding a smartphone in a car
Source: CC0 Creative Commons

ទូរសព្ទទៅកាន់សេវាកម្មរថយន្តសង្រ្គោះបន្ទាន់និងប៉ូលិស

ពេល​ណា​​ដែលត្រូវ​​ទូរសព្ទ​ទៅកាន់​លេខ ០០០?

  • ប្រសិនបើ​មាន​នរណា​ម្នាក់​របួស
  • ប្រសិនបើ​​​មើល​ទៅ​ អ្នក​បើក​បរ​ម្ខាងទៀត​ទំនង​ជា​​ស្រវឹង​ឬ​ប្រើប្រាស់​គ្រឿង​ញៀន
  • ប្រសិនបើ​មានការ​ខូចខាត​ឬគ្រោះថ្នាក់​ធ្ងន់ធ្ងរ
  • ប្រសិន​បើ​ភាគី​ម្ខាង​ទៀត​មិន​ព្រមឈប់ ឬក៏បដិសេធ​មិន​ព្រម​ផ្តល់​ព័ត៌មាន​លំអិត​របស់​ពួកគេ។

ការដោះដូរព័ត៌មានលំអិត

នៅ​ក្នុង​ករណី​ជា​ច្រើន អ្នក​នឹង​មិន​ត្រូវ​ការ​​ទូរសព្ទ​ហៅ​សេវាកម្ម​សង្រ្គោះ​បន្ទាន់​នោះទេ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ អ្នក​នៅ​តែ​ត្រូវ​​ការ​ដោះដូរ​ព័ត៌មាន​ពិស្តារ​ជាមួយ​នឹង​ភាគី​ម្ខាង​ទៀត។ ភាគី​ទាំង​អស់​ត្រូវ​ការ​កត់​ទុក​នូវ៖

  • ថ្ងៃ ខែ ពេលម៉ោង និង​ទីតាំង​នៃ​គ្រោះថ្នាក់នេះ
  • ព័ត៌មាន​លំអិត​របស់​អ្នក​បើកបរ​ម្ខាង​ទៀត (ឈ្មោះ លេខទូរសព្ទ អាសយដ្ឋាន ក្រុមហ៊ុន​ធានារ៉ាប់រង ផ្លាកលេខឡាន ពណ៌ឡាន ម៉ូដែល​និង​ឆ្នាំ​ផលិត)
  • ប្រសិន​បើ​អ្នកបើកបរ​មិន​មែន​ជា​ម្ចាស់​ឡាន​ទេនោះ អ្នក​ត្រូវ​សុំ​ឈ្មោះ​ លេខទូរសព្ទ​ និង​អាសយដ្ឋាន​របស់​ម្ចាស់​ឡាន​ផង
  • ប្រសិន​បើអាច ត្រូវ​កត់​ឈ្មោះ​និង​ព័ត៌មាន​ពិស្តារ​របស់​សាក្សី​ផង
  • បើ​មាន​ប៉ូលិស​នៅ​ក្នុង​កន្លែង​កើតហេតុ ត្រូវ​សុំ​ឈ្មោះ របស់​មន្រ្តី​ប៉ូលិស​រូបនោះ ការិយាល័យប៉ូលិស និង​លេខ​ទំនាក់​ទំនង។

យក​ទូរសព្ទ​របស់​លោក​អ្នក​ថត​ទុក​ការ​ខូចខាតនានា។

មានរឿង​ជាច្រើន​ដែល​ត្រូវ​ចាំ ដូច្នេះ​វិធី​ដែល​ស្រួល​បំផុត​នោះគឺ ថា​ព្រីន​បញ្ជី​ឈ្មោះ​ឯកសារ​ដែល​ត្រូវការ​បំពេញ​ទាំងនោះ​ទុក​ក្នុងឡាន​របស់​អ្នក ក្រែង​ល​​ត្រូវ​​ការ​វា​ពេល​ណាមួយ។ មាន​កម្មវិធី​ទូរសព្ទ​ដៃ​មួយ​ចំនួន​ដូចជា Car Accident Reports និង iWrecked ក៏មាន​ផ្តល់​ជូន​នូវបញ្ជី​ទាំង​នោះផងដែរ។

ប្រសិន​បើ​ម្ចាស់​ឡាន​មិន​មាន​វត្តមាន​នៅ​ពេល​កើតហេតុ​ទេនោះ ហើយ​ប្រសិន​​បើ​អ្នក​បុកប៉ះពារ​ឡាន​របស់​គេ​នៅ​កន្លែង​ចតរថយន្ត ជាឧទាហរណ៍​អ្នក​ត្រូវ​ទុក​នូវ​កំណត់​ហេតុ​មួ​យឲ្យ​គេ​ដោយ​មាន​ទាំង​លេខ​ទូរសព្ទ​និងព័ត៌មាន​ពិស្តារ​របស់អ្នក ដើម្បី​ឲ្យ​គេ​អាច​ទាក់​ទង​អ្នក​បាន។

កំណត់ហេតុគ្រោះថ្នាក់ចរាចរណ៍

ប្រសិនបើ​ប៉ូលិស​មិនបាន​ទៅ​កន្លែង​កើតហេតុ​ទេ អ្នក​នឹង​ត្រូវ​រាយការណ៍​ទៅ​ឲ្យ​ប៉ូលិស​នៅ​ក្នុង​រដ្ឋ​របស់​អ្នក​ដោយ​ខ្លួន​ឯង​ក្នុង​ពេល​២៤ម៉ោង ចំពោះ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដែល​រួម​មាន​ដូចជា មាន​អ្នក​របួស ឬស្លាប់ គ្រោះថ្នាក់​ដែល​មិន​បាន​ដោះដូរ​ព័ត៌មាន​ពិស្តារ​ជាមួយ​គ្នា គ្រោះថ្នាក់ដែល​មាន​រថយន្ត​ត្រូវ​គេ​អូសទៅ ឬក៏​មានការ​ខាតបង់​ចាប់​ពី​៣០០០ដុល្លារ​ឡើង​ទៅ។

គ្រោះថ្នាក់​តូចតា​មិន​ចាំបាច់​ត្រូវ​រាយការណ៍នោះទេ ប៉ុន្តែ​វា​អាច​ជា​គំនិតល្អ​មួយ​ដែរ​ក្នុងការ​ធ្វើរបាយការណ៍ ខណៈដែល​ក្រុមហ៊ុន​ធានារ៉ាប់​រង​មួយ​ចំនួន​សួរ​រក​លេខ​របាយការណ៍ប៉ូលិស។

Tow Truck Driver Lifting a Wrecked Car
Source: Getty Images

ហៅគេឲ្យមកអូសឡានរបស់អ្នក

ប្រសិបើ​អ្នក​ត្រូវការ​អូសឡាន​របស់​អ្នក អ្នក​ត្រូវ​ទាក់​ទង​ទៅកាន់​ក្រុមហ៊ុន​អូសឡាន។ រក្សានូវ​លេខ​ទំនាក់​ទំនង​របស់​ពួកគេ​នៅ​ក្នុង​ឡាន​របស់​អ្នក​និង​កត់​ត្រា​ទុក​នៅ​ក្នុង​ទូរសព្ទដៃ។

ទាក់ទងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នក

ប្រសិនបើឡាន​របស់​អ្នក​មាន​ធានារ៉ាប់រង ទូរសព្ទ​ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់​រង​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន។ ពួកគេ​ជួន​កាល​អាច​ជួយ​មក​អូស​ឡាន​របស់​អ្នក​យក​ទៅ​ក៏​ថា​បាន។

ក្រុមហ៊ុន​ធានារ៉ាប់រងផ្តល់​យោបល់​ឲ្យ​អ្នក​កុំ​ទទួល​ថា​ខ្លួន​ជា​អ្នក​ខុស​រហូត​ដល់​អ្នក​ជំនាញ​ធ្វើការ​ពិនិត្យ​រួចរាល់។

ចូរចងចាំ​ថា​ត្រូវ​រក្សាភាព​ស្ងប់ស្ងាត់ គ្រោះថ្នាក់​គឺ​ជារឿង​ដ៏ស្រ្តេស​មួយ ប៉ុន្តែ​វានឹង​ធ្វើ​ឲ្យ​រឿងរ៉ាវ​ធូរស្បើយឡើង​ប្រសិន​បើ​គ្រប់​គ្នា​ដែល​ពាក់​ព័ន្ធ​អនុវត្ត​តាម​ក្បួនច្បាប់​​ដោយ​ស្ង​ប់ស្ងាត់។

តំណភ្ជាប់ដែលមានប្រយោជន៍៖

What to do after a crash in NSW

Traffic crash FAQ in Queensland

Crash responsibilities in Victoria

Reporting a car crash in Western Australia

Report a car crash in South Australia

Submitting a crash report in the ACT

Traffic crash reporting in Tasmania

Northern Territory Police Force

 


1 min read

Published

Updated

By Audrey Bourget, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now