រដ្ឋវិកថូរៀនៅតែមានការកើនឡើងករណីឆ្លង Covid-19
ក្នុងរយៈពេលប៉ុន្មានពីរសប្តាហ៍កន្លងទៅនេះ រដ្ឋវិកថូរៀបានក្លាយជារដ្ឋមានការឆ្លងករណី Covid-19 ច្រើនជាងគេបំផុតក្នុងប្រទេសអូស្ត្រាលី ដោយបីថ្ងៃជាប់គ្នាចុងក្រោយនេះមានការឆ្លងពី64 ទៅ 75ករណី។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លងនេះ រដ្ឋាភិបាលរដ្ឋវិកថូរៀបានសម្រេចដាក់កំហិតឡើងវិញដោយបិទទ្វារតំបន់ដែលមានលេខកូដដូចតទៅនេះ ៖ 3038, 3064, 3047, 3060, 3012, 3032, 3055, 3042, 3021, and 3046 ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 29 កក្កដា ដោយពលរដ្ឋរស់នៅក្នុងតំបន់ទាំងនេះអាចចេញពីផ្ទះបានតែក្នុងបួនករណីប៉ុណ្ណោះគឺទៅទិញម្ហូបអាហារ និងបរិក្ខារផ្សេងៗ ទៅជួបពេទ្យ ឬផ្តល់ការថែទាំ ទៅធ្វើការ ឬទៅរៀន និងហាត់ប្រាណ។
ចំណែកឯរដ្ឋឃ្វីនឡែនវិញបានដាក់បម្រាមមិនឲ្យពលរដ្ឋទាំងឡាយណាដែលមកពីរដ្ឋវិកថូរៀចូលទៅលេងឡើយ ឬបើអនុញ្ញាតឲ្យចូល អ្នកដំណើរត្រូវស្នាក់នៅដាច់ដោយឡែកតាមសណ្ឋាគារ 14ថ្ងៃ ដោយចេញថ្លៃចំណាយខ្លួនឯង។
រដ្ឋញូសៅវ៉េលនឹងធ្វើការពិន័យរហូតដល់ 11000 ដុល្លារ ឬជាប់ពន្ធនាគារ 6ខែ សម្រាប់ពលរដ្ឋទាំងឡាយណាដែលរស់នៅតំបន់មានការឆ្លងច្រើននៅរដ្ឋវិកថូរៀ ហើយព្យាយាមធ្វើដំណើរទៅកាន់រដ្ឋញូសៅវ៉េល។
រដ្ឋញូសៅវ៉េលមានករណីឆ្លងថ្មី 14 ករណីនៅថ្ងៃពុធនេះ ប៉ុន្តែសុទ្ធសឹងតែកើតឡើងចំពោះអ្នកដែលត្រឡប់មកពីក្រៅប្រទេស និងកំពុងស្ថិតនៅដាច់ដោយឡែកតាមសណ្ឋាគារ។