នៅក្នុងសេចក្តីថ្លែងការតាមទូរទស្សន៍មួយលោកត្រាំបាននិយាយថា លោកបានបញ្ជាឲ្យមានការវាយប្រហារផ្តោតគោលដៅយោធាមួយប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសដែលគេជឿជាក់ថាបានធ្វើការវាយប្រហារសារធាតុគីមីនៅស៊ីរីនេះ។
មន្រ្តីផ្លូវការអាម៉េរិកនិយាយថា គោលដៅនានាទាំងនេះរួមមាន មូលដ្ឋានទ័ពអាកាស យន្តហោះ និងស្ថានីយប្រេងឥន្ធនៈនានានៅក្បែរទីក្រុងHoms ភាគខាងលិចប្រទេសស៊ីរី។
មានសេចក្តីរាយការណ៍ថា គ្រាប់មីស៊ីលបាញ់ឆ្លងសមុទ្រ Tomahawk ជាង៥០គ្រាប់ត្រូវបានបាញ់ចេញពីនាវាពិឃាតអាម៉េរិកក្នុងសមុទ្រមេឌីទែរ៉ាណេ។
លោកត្រាំមានប្រសាសន៍ថា លោកត្រូវបង្ខំចិត្តធ្វើបែបនេះ។
លោកថា វាគឺជាចំណាប់អារម្មណ៍សន្តិសុខជាតិអាម៉េរិកយ៉ាងសំខាន់ក្នុងការការពារការរីកសាយភាយនិងការប្រើប្រាស់អាវុធជាតិគីមី។
លោកក៏បានអំពាវនាវឲ្យប្រទេសដទៃចូលរួមជាមួយសហរដ្ឋអាម៉េរិកស្វែងរកទីបញ្ចប់នៃការបង្ហូរឈាមនិងការកាប់សម្លាប់នៅក្នុងប្រទេសស៊ីរី៕

