SKIP TO MAIN CONTENT

យុវវ័យអូស្រ្តាលីពុះកញ្ជ្រោលចង់ចូលរួមកម្មវិធី ‘ទេសចរណ៍ស្ម័គ្រចិត្ត’ ដែលបង្កគ្រោះថ្នាក់នៅអាស៊ីអាគ្នេយ៍

ពលរដ្ឋអូស្រ្តាលីក្មេងៗដែលប្រកបដោយក្តីសង្ឃឹម និងចេតនាល្អកំពុងតែកៀងគរគ្នាទៅបរទេស ទៅធ្វើការដោយស្ម័គ្រចិត្តនៅក្នុងគ្រឹះស្ថានមើលថែទាំកុមារកំព្រានៅទីនោះ។ ហើយជាញឹកញាប់ពួកគេមិនបានដឹងពីផលប៉ះពាល់អវិជ្ជមានលើប្រទេសទាំងនេះដែលកើតឡើងដោយសារតែទង្វើក្នុងបំណងល្អរបស់ពួកគេនេះឡើយ។

Young Australians eager to join harmful ‘voluntourism’ programs in SE Asia
Young Australians eager to join harmful ‘voluntourism’ programs in SE Asia Source: Friends International

2 min read

Published

By Tess Ikonomou

Presented by Monash University Journalism Study Tour



Skip to article content

សកលវិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​អូស្រ្តាលី​ក៏​កំពុងតែ​ចូលរួម​ដោយ​ប្រយោល​ផង​ដែរ​ចំពោះ​ការរៀបចំចាត់​ចែង​ដែល​​គាំ​ទ្រ​ឲ្យ​មាន​សកម្មភាព​ទេសចរណ៍​ដែល​ចោទជា​សំណួរ​ឡើងជាច្រើននេះ។

 “ទេសចរណ៍​ស្ម័គ្រចិត្ត” គឺ​ជា​ពាក្យ​មួយ​ដែល​បង្កើតឡើង​ដើម្បី​បរិយាយ​ការ​កើន​ឡើង​​នៃ​​អង្គការ រួមបញ្ចូលទាំង មណ្ឌល​កុមារកំព្រា​ផងដែរ ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ពី​​​ភ្ញៀវទេសចរ​​ដែល​ភាគ​ច្រើនមក​ពី​ប្រទេស​លោក​ខាង​លិច​ ដែល​​​ស្ម័គ្រ​ចិត្ត​ ចំណាយ​ពេល​វេលា​របស់​ពួកគេ​​ជាមួយ​នឹង​ក្មេងៗ​ដែល​រស់នៅ​ក្នុង​មណ្ឌល​ទាំង​នេះ​។

ចំនួន​មណ្ឌល​កុមារកំព្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​យ៉ាង​ខ្ពស់​ ដោយ​អ្នក​ផ្គត់ផ្គង់បាន​​ខ្នះខ្នែង​ព្យាយាម​បំពេញ​តាម​តម្រូវ​ការនៃ​ក្តី​ស្រឡាញ់​និង វត្តមាន​នៃ​​កុមារ​អាច​លេង​ជាមួយ​ពួកគេ​បាន។

“ពួកគេអាចកែសម្រួលកាលវិភាគរបស់កុមារដើម្បីតម្រូវចិត្តពួកលោកខាងលិចដែលស្នាក់នៅទីនោះ។”

យោងតាម​អ្នកនាំ​ពាក្យ​នៃ​អង្គការ​មិត្ត​សម្លាញ់​​អន្តរជាតិ លោក James Sutherland ឲ្យ​ដឹងថា៖ ការស្ទង់​មតិ​​ជាច្រើន​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​យូនីសេហ្វ និង​ក្រសួង​សង្គមកិច្ច​កម្ពុជា បាន​រក​ឃើញថា នៅតាម​​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា មាន​មណ្ឌល​កុមារកំព្រា​ចំនួន​២៩៧​កន្លែងដែល​​កំពុងតែ​បើក​ដំណើរ​ការ។

លោកថា៖ “ទីក្រុង​ភ្នំ​ពេញ សៀមរាប និង​បាត់ដំបង ទាំង​នេះ​គឺ​ជា​តំបន់​ខ្លឹម” ។

ពួកគេ​ក៏ធ្វើការ​​ប៉ាន់ប្រមាណផងដែរ​ថា ចំនួន​កុមារ​ដែល​ស្នាក់នៅ​ក្នុង​មណ្ឌ​លកុមារ​កំព្រា​បាន​ឡើង​ដល់​ ១២០០០​នាក់​ក្នុង​ខេត្ត​ចំនួន​៥​នៅ​ក្នុង​ប្រទេស​នេះ ដោយ​មិន​រាប់​បញ្ចូល​ខេត្ត​ដទៃ​ទៀតនោះទេ។

និស្សិតនៃ​សកលវិទ្យាល័យ ANU លោក Brock Holland ធ្លាប់​បាន​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​ លោក​បាន​ឲ្យដឹងថា លោក​បាន​ត្រឹមតែ​ទទួល​ស្គាល់ពីវិសាលភាព​នៃ​អារម្មណ៍​របស់​កុមារ​ទាំងនោះ​នៅ​ពេល​ដែល​លោក​ចាក​ចេញ​ទៅវិញ។

“ខ្ញុំ​ចាំបាន​ថា នៅ​ពេល​ដែល​ខ្ញុំ​រៀប​នឹង​ឡើង​ម៉ូតូតុកៗ ក្មេងស្រី​តូច​ម្នាក់​បានរត់​មក​​រក​ខ្ញុំ។​ ខ្ញុំ​មិន​ដែល​ឮ​នាង​និយាយ​ភាសា​អង់គ្លេស​ច្រើន​ក្រៅ​ពី​ពាក្យ “hello”​, “goodbye” នោះទេ តែ​ពេលនោះ​នាង​បាន​និយាយថា “ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ចាក​ចេញ​ទៅនោះទេ”។

“វាគឺ​ជា​ពេល​ដែល​កំសត់​ជាខ្លាំង​មួយ។ ការដែល​សោកសង្រេង​បំផុតនោះ​​​មិន​មែន​ដោយសារតែ​ខ្ញុំ​ត្រូវ​ចាក​ចេញ​ទៅនោះទេ គឺ​ដោយសារតែ​ស្ថានភាព​ទាំង​នេះ​បាន​កើតឡើង​ជា​រៀងរាល់ថ្ងៃ។"

"អ្នក​នឹង​មាន​ភាព​ស្និទ្ធ​ស្នាល​ជាខ្លាំង​​ជាមួយ​នឹង​ក្មេងៗ​មួយ​ចំនួន​ដែល​អ្នក​បង្រៀន ប៉ុន្តែ​ការ​ដែល​អ្នក​ចាក​ចេញ​ពី​ជីវិត​របស់​ពួកគេ​ទៅ​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​នូវ​ការ​ជឿទុកចិត្ត​ពីពួកគេ​នោះ គឺ​ពិត​ជា​គួរ​ឲ្យ​រន្ធត់​ណាស់។”

Advertising campaign warning tourists against joining orphanage volunteer tourism. Source: Think Child Safe.
Advertising campaign warning tourists against joining orphanage volunteer tourism. Source: Think Child Safe. Source: Think Child Safe

លោក Holland បាន​ឲ្យ​ដឹងថា មណ្ឌល​កុមារកំព្រា​ដែល​លោក​បាន​បង់​ថ្លៃ​ដើម្បី​ស្នាក់នៅ​នោះ ទទួលបាន​មនុស្ស​ចូល​ទៅ​ស្នាក់​នៅជា​​ច្រើន​រហូត​ដល់​៤០នាក់​​ក្នុង​មួយ​លើកៗ ហើយ​​អ្នកបង្កើត​មជ្ឈមណ្ឌល​នេះ​ធ្វើ​ការ​​កែសម្រួល​​កាល​វិភាគរបស់​​កុមារ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ភ្ញៀវ​របស់​ពួកគេ​ពេញចិត្ត។

អ្នក​ដែល​បង្រៀន​កុមារ​ទាំង​នេះ​ភាគ​ច្រើន​គឺ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មិន​មាន​សញ្ញាប័ត្រ​និង​គ្មាន​បទពិសោធន៍​ក្នុង​ការបង្រៀន​ទាល់តែសោះ។

ការ​បង្រៀន​​ភាគច្រើន​​ធ្វើ​ឡើង​នៅ​ពេល​យប់។ ក្នុង​គំនិត​របស់​ខ្ញុំ​វាគ្មានប្រយោជន៍​អ្វីទាល់តែសោះ វា​ជា​មេរៀន​ដែល​​មិន​មាន​​កម្មវិធី​ត្រឹមត្រូវ​។ មិនតិច​ក៏​ច្រើន​វា​ច្បិចយក​ពីនេះ​ពីនោះ​ហើយ​ចេះ​តែ​បង្រៀនទៅ។

“ខ្ញុំ​គិតថា​ពួកគេ(អ្នក​ស្ម័គ្រ)ចិត្ត​ភាគច្រើន ចង់​ទៅ​ទីនោះ​ដើម្បី​តែ​បទពិសោធន៍​តែប៉ុណ្ណោះ” នេះ​បើ​តាម​សម្តី​របស់​លោក​ Holland ។

“ពួកគេមិនបានគិតដល់សកម្មភាពដែលពួកគេកំពុងតែធ្វើ ឬក៏មិនបានគិតថាតើវាពិតជាអាចជួយដល់កុមារទាំងនោះបានមែនឬអត់”

លោក Sutherland បាន​និយាយថា ជនបរទេស​ដែល​មក​ពី​ប្រទេស​លោក​ខាង​លិច​ដែល​មាន​បំណង​ល្អទាំង​អស់​នោះ ​អាច​នឹង​ខ្វះ​បទពិសោធន៍​​ក្នុង​ការ​គិត​ពិចារណា​អំពី​ស្ថាន​ភាព ដូច្នេះពួកគេ​ត្រូវ​តែ​វាយតម្លៃ​ស្ថានការណ៍ទៅ​​តាមហេតុផល​ជាក់ស្តែង។

គន្លឹះ​សំខាន់​មួយ​ដែល​យើង​និយាយ​ជាមួយ​នឹង​យុទ្ធនាការ​សុវត្ថិភាព​កុមារ​របស់​យើង​គឺថា “គិត គិត​ គិត”។ នេះ​គឺ​ជា​បញ្ហា។ ជាញឹកញាប់​មនុស្ស​ម្នា​មាន​ប្រតិកម្ម​តបត​តាម​អារម្មណ៍​តែម្យ៉ាងប៉ុណ្ណោះ។

"ពួកគេមិនដឹងនោះទេថាខ្លួនបានចុះហត្ថលេខលើឯកសារអ្វី នៅពេលដែលពួកគេប្រគល់កូនទៅឲ្យមណ្ឌលមើលថែទាំនោះ។”

ជនបរទេស​ដែល​មាន​ភាព​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​​រក​ឃើញថា មិនមាន​​តម្លាភាព​នៅ​ក្នុង​អង្គការ​​​ដែល​ពួកគេ​បាន​បរិច្ចាកប្រាក់​​ទៅ​ឲ្យនោះ ហើយក៏​បាន​ទៅ​រក​អង្គការ​មិត្ត​សម្លាញ់​អន្តរជាតិ។

លោក Sutherland បាន​ឲ្យដឹង​ថា៖ ពួកគេ​បាន​មក​រក​យើងហើយ​និយាយថា “យើង​បាន​បរិច្ចាក​ប្រាក់​​រាប់​សែន​ដុល្លារ​​ចូល​​ទៅ​​ក្នុង​មណ្ឌល​កុមារ​កំព្រានេះ​ ហើយ​​នៅ​ពេល​ដែល​​យើង​​ចុះ​ទៅ​​លេង​នោះ ស្មាន​មិន​ដល់​​ថា​​ពួកគេ​​ប្រាប់​​យើង​​ថា​​មិន​​អាច​ផ្តល់​​វិក័យ​ប័ត្រ​ជូននោះទេ”។

កុមារ​ខ្លះ​ដែល​គេ​​​ឃើញ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ​មិន​មែន​ជា​កុមារ​កំព្រា​ពិត​ប្រាកដ​ឡើយ ពួកគេ​​នៅ​​មាន​​ក្រុម​គ្រួសារ​​នៅឡើយ។

លោក Sutherland បាន​ឲ្យ​ដឹងថា ក្រុម​គ្រួសារ​​ក្រីក្រ​​រង​​ការ​​កេង​ប្រវ័ញ្ច​និង​ប្រើប្រាស់​​កូន​​ៗ​របស់​​ពួកគេ​​ ឲ្យទៅ​​រស់នៅ​ក្នុង​មណ្ឌល​ទាំងនេះ។

"យើង​កំពុងតែ​ស្វែង​យល់​ពី​ស្ថាន​ភាព​មួយ​ដែលគេ​មើល​ឃើញ មណ្ឌល​កុមារ​កំព្រា​ ថា​​ជា​​ជម្រើស​​ដ៏​ល្អ​បំផុត។ វាដូចជាការ​ដែល​អ្នក​មើល​ថែ​​កុមារកំព្រា​បាន​មក​ដល់​ផ្ទះ​ហើយ​និយាយថា យើង​ផ្តល់ជូន​អ្នក​​បែបនេះ បែបនោះ ហើយ​ក្រុមគ្រួសារ​​​មាន​អារម្មណ៍​ថា​ហាក់ដូចជា​មាន​សម្ពាធ​ក្នុង​ការ​ប្រគល់​កូន​​ទៅ​ឲ្យ​​ពួកគេ។"

"មានករណី​មួយ​ចំនួន​បាន​កើតឡើង​ហើយ​​កើតឡើង​ទៀត គឺ​នៅ​ពេល​ដែល​​ពួកគេ​ផ្តិត​មេដៃ​លើ​ឯកសារ​​​ជា​លាយលក្ខណ៍អក្សរនោះ ពួកគេ​មិន​ចេះ​អាន​អក្សរឡើយ ពួកគេ​មិនទាំង​​ដឹង​ថា​គេ​ចុះ​ហត្ថលេខ​លើ​ឯកសារ​អ្វីផង ​នៅ​ពេល​ដែល​ពួកគេ​ប្រគល់​កូន​ទៅ​ឲ្យ​មណ្ឌល​មើលថែទាំនោះ។"

Cambodian orphans
Cambodian orphans in a non-government orphanage in Siem Reap, Cambodia (Getty Images) Source: Getty Images

ទៅស្វែងរក'បទពិសោធន៍'

កន្លែង​មើល​ថែ​ទាំ​កុមារ​កំព្រា​​នៅ​ក្នុង​ប្រទេស​កម្ពុជាទាំងនេះ​ផ្តល់នូវ​សមាសធាតុ​​ផ្សំ​ល្អ​ឥត​ខ្ចោះ​សម្រាប់​យុវជន​អូស្រ្តាលី​វ័យក្មេង​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​​ជួយ​ដល់​សហគមន៍​ទន់​ខ្សោយ​​និង​ចាញ់​ប្រៀប។

និស្សិត​សកល​វិទ្យាល័យ​Monashម្នាក់​ឈ្មោះថា Taylor Courter បាន​ទៅ​ទស្សនកិច្ច​នៅ​មណ្ឌល​កុមារកំព្រា​មួយ​កន្លែង​ដែលបង្កើត​​ឡើង​ដោយ​ប្តី​ប្រពន្ធ​លោក​ខាង​លិច​​កាន់សាសនាគ្រឹស្តិ៍​មួយ​គូ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​កើត​ជំងឺ​អេដស៍។

“ សឹង​តែគ្រប់​ពេល គឺ​គ្រាន់តែ​ចំណាយ​ពេល​ជាមួយ​នឹង​ក្មេងៗ ជួយ​ដល់​ពួកគេ​នៅ​ក្នុង​ថ្នាក់រៀន… យើង​អង្គុយ​ចុះ​នៅ​ក្នុង​ថ្នាក់ ជួយ​ដល់​គ្រូ​និង​ផាត់​ពណ៌បន្តិចបន្តួច។”

កញ្ញា​ Courter បាន​ឲ្យដឹងថា ដំណើរ​ទស្សនកិច្ច​របស់​នាងជា​​ចំបង​គឺ​ដើម្បី​”បទពិសោធន៍” ជាជាង​ការ​ជួយ​ដល់​ម្ចាស់​មណ្ឌល​​ក្នុង​ការ​បំពេញតាម​​តម្រូវ​ការរបស់កុមារ​។ 

“ភាគ​ច្រើន​គឺ​ជា​ការ​ប្រឡូក​នៅ​ក្នុង​សង្គម លេង​ជាមួយ​នឹង​ក្មេងៗ ចំណាយ​ពេល​វេលា​ជាមួយ​នឹង​ពួកគេ។”

“មានគ្រូជាច្រើនដែលមកហើយក៏ទៅវិញ។"

កញ្ញា​មិន​បាន​កត់​សម្គាល់​នោះទេថា ក្មេងៗ​ក្លាយ​ទៅ​ជា​សោក​សង្រេង​ដែល​អាច​សម្គាល់​នឹង​ភ្នែក​ទទេ​បាន​ នៅ​ពេល​ដែល​ក្រុម​របស់​នាង​ឬក៏​គ្រូ​បណ្តោះអាសន្ន​ដទៃ​ទៀត​ចាក​ចេញ​ទៅ​វិញ​នោះ ហើយ​នាង​ជឿថា​នេះ​គឺ​ជា​យន្តការ​តស៊ូ​ដែលត្រូវ​បាន​គេ​បង្កើតឡើង។

“មាន​គ្រូ​ជាច្រើន​ដែល​មក​ហើយក៏ទៅវិញ។ ការ​ដែល​មាន​មនុស្ស​ចេញ​ចូល​រៀងរាល់​ពីរ​ទៅ​បី​សប្តាហ៍​ម្តង​បែបនេះ ពួកគេ​ហាក់​ដូច​ជា​មិន​មាន​ទុក្ខព្រួយ​ណាស់​ណា​នោះទេ ប៉ុន្តែ​ម្តង​ទៀត​អ្នកពិត​ជា​បាន​ឆ្លងកាត់​នូវ​រឿងដ៏​លំបាក។

យើង​គ្រាន់​តែ​ចំណាយ​ពេល​១សប្តាហ៍ប៉ុណ្ណោះ​នៅ​ទីនោះ ទៅ​ឲ្យ​ស្គាល់​ក្មេង​មួយ​ចំនួន ប៉ុន្តែ​នឹង​មិន​បាន​ជួប​គ្នា​ទៀត​នោះទេ។” នេះ​បើ​តាម​សម្តី​ផ្ទាល់​របស់​កញ្ញា​Courter។

Friends International estimates there are almost 300 orphanages operating in Cambodia’s main tourist cities. Source: Think Child Safe.
Friends International estimates there are almost 300 orphanages operating in Cambodia’s main tourist cities. Source: Think Child Safe. Source: Think Child Safe

សកលវិទ្យាល័យជាច្រើនគាំទ្រដល់ការធ្វើទេសចរណ៍ស្ម័គ្រចិត្ត

 

សកលវិទ្យាល័យនៅ​ក្នុង​ប្រទេស​​អូស្រ្តាលីមិន​បាន​ដឹង​ខ្លួន​នោះទេ​ថា​ ការ​ដែល​អនុញ្ញាតិ​​ឲ្យ​អង្គភាព​មួយ​ចំនួន​ទាំង​នេះ​ ​បង្កើត​តូប​សាកសួរ​ព័ត៌មាន​និង​ចែក​ខិតប័ណ្ណ​នានា​នោះ អាច​បង្ក​ឲ្យ​មាន​ការ​អនុវត្ត​ទេសចរណ៍​ស្ម័គ្រ​ចិត្ត​រីកសាយភាយ​នៅ​ក្នុង​បរិវេណ​មហាវិទ្យាល័យ​របស់​ខ្លួន។

លោក Sutherland​ បាន​ឲ្យដឹង​ថា អង្គភាព​​កំពុងតែ​​កែនគរ​​និស្សិត​ដែល​មិនបាន​ដឹង​ខ្លួន​តាម​​សកលវិទ្យាល័យនានា។

លោក​កំពុងតែ​ជំរុញ​ឲ្យស្ថាប័ន​ឧត្តមសិក្សា​​ពិចារណា​ឡើង​វិញ​លើ​កម្មវិធី​ដែល​​​ផ្តល់​ជូន​ដល់​និស្សិតនេះ​​ ខណៈដែល​លទ្ធផល​អាច​នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ក្រុម​គ្រួសារ​និង​បុគ្គល។

“ ប្រសិន​បើ​អ្នក​លើកទឹកចិត្ត​ឲ្យ​អង្គភាព​ធ្វើការ​​ជំរុញ​ផលិតផល​របស់​ពួកគេ​ដល់​និស្សិត​របស់​អ្នក​ នោះ​អ្នក​ត្រូវតែ​​គិតគូរ​​ពី​ផល​ប៉ះពាល់​រយៈពេល​វែង។”

សកលវិទ្យាល័យ​នានា​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​និង​អង្គភាព​​ផ្សេងៗ​ផ្សព្វផ្សាយ​ពី​ដំណើរ​ទស្សនកិច្ច​ដោយ​ស្ម័គ្រចិត្តដើម្បី “បង្រៀន​ភាសា​អង់គ្លេស” នៅ​ក្នុង​ប្រទេស​អាស៊ាន​ក្នុង​អំឡុងពេល​​សប្តាហ៍​នៃ​ការ​ណែនាំ​ចូលរៀន​ដំបូង។


 

ក្រុមហ៊ុន​មួយ​ទៀត​ដែល​មាន​ឈ្មោះថា STA Travel ផ្សព្វផ្សាយ​ពី​កម្មវិធីស្ម័គ្រចិត្ត​នៅ​លើ​គេហទំព័រ​របស់​ពួកគេ​ ហើយ​មាន​តូប​ជាច្រើន​នៅ​តាម​ទីធ្លា​មហាវិទ្យាល័យនានា។

បណ្ឌិត. Karleen Gribble សាស្រ្តាចារ្យ​រង​នៃ​សកល​វិទ្យាល័យ​Western Sydney University បានធ្វើ​ការ​ស្រាវជ្រាវ​និង​និពន្ធ​ពី​​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​ទេសចរណ៍​ស្ម័គ្រចិត្ត។

ដំបូង​​លោកស្រី​បណ្ឌិត​បាន​ដឹង​ពី​​​កម្មវិធី​របស់​STA Travel ដែល​រួម​មាន​ទាំង​ការ​ទំនាក់​ទំនង និង​ចំណាយ​ពេល​វេលា​ជាមួយ​នឹង​កុមារ​នៅ​ក្នុង​សហគមន៍​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍទាំងនេះ​បន្ទាប់​ពី​កូនស្រី​របស់​លោកស្រី​បាន​យក​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ពីសកល​វិទ្យាល័យ​របស់​នាង​នៅ​ក្នុង​រដ្ឋ​Newcastle មក​ផ្ទះ។

“STA Travel ពិត​ជា​បាន​រៀបចំ​នូវ​ដំណើរ​ទេសចរណ៍​ស្ម័គ្រចិត្ត​ទៅកាន់​ប្រទេស​កម្ពុជា ដោយផ្តោតគោលដៅ​លើ​និស្សិត​សកលវិទ្យាល័យ”។

Screenshot of an STA Travel program advertising encounters with “orphans” in Cambodia. Source: STA Travel website.
Screenshot of an STA Travel program advertising encounters with “orphans” in Cambodia. (Source: STA Travel) Source: STA Travel

Dr. Gribble  បាន​ឲ្យដឹងថា លោកស្រី​បានព្យាយាម​និយាយ​ជាមួយ​នឹង STA Travel ឲ្យ​​បញ្ឈប់​កម្មវិធី​ទាំងនេះ​ ព្រោះតែ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើត​មានឡើង។

“ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​រក​ពួកគេ ហើយ​និយាយជា​មួយ​ពួកគេ​ពី​រឿង​នេះ ប៉ុន្តែ​ពួកគេ​ហាក់​ដូច​ជា​មិន​​​ជឿ​ខ្ញុំណាស់​ណា​នោះទេ។”

កម្មវិធី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ផ្សាយ​ពាណិជ្ជកម្ម​លើ​គេហទំព័រ STA Travel ​ ​ផ្តល់​ជូន​នូវ​បទពិសោធន៍​ដល់​អ្នក​ស្ម័គ្រ​ចិត្តក្នុងការ ​​“ធ្វើ​ឲ្យប្រសើរឡើង​ចំពោះ​​ស្ថានភាព​ទន់ខ្សោយ​  …នៃ​កុមារ​កំព្រា​និង​កុមារ​ដែល​ខ្សត់ខ្សោយ​មាន​​ការ​សិក្សា​តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា” ។ ថ្លៃ​សំបុត្រ​រួម​បញ្ចូល​ទាំង​ការ​ស្នាក់នៅ​ក្នុង​មណ្ឌល​​កុមារកំព្រា​ក្នុង​ទីក្រុង​ភ្នំពេញ​រយៈពេល​៤ថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ STA Travel  បាន​ប្រាប់​SBSថា ខ្លួន​មិន​បាន​គាំទ្រ​កម្មវិធី​ដែល​​មាន​ពាក់​ព័ន្ធ​នឹង​មណ្ឌល​កុមារ​កំព្រា​​​​នោះទេ។

“យើង​ផ្តល់​នូវ​គម្រោង​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​អតិថិជនរបស់​យើង​អាច​ធ្វើការ​ជាមួយ​នឹង​បុគ្គលិក​មជ្ឈមណ្ឌល​មើលថែ​ទាំ​កុមារ​ពេល​ថ្ងៃ ដែល​មើល​ថែទាំ​កុមារខ្សត់ខ្សោយ​មានការ​សិក្សាទាប ដែល​ឳពុក​ម្តាយ​របស់​ពួកគេ​ទៅ​ធ្វើការបាត់។”

បន្ទាប់​ពី​មាន​ការ​សាកសួរ​របស់​ SBS មក ដំណើរ​ទេសចរណ៍​ដែល​ចោទជា​សំណួរ​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​គេហទំព័រ​របស់​ក្រុមហ៊ុននេះ​តាំង​ពីពេលនោះមក។

Screenshot of an STA Travel program advertising encounters with “orphans” in Cambodia. (Source: STA Travel)
Screenshot of an STA Travel program advertising encounters with “orphans” in Cambodia. (Source: STA Travel) Source: STA Travel

STA Travel និយាយថា ខ្លួន​មាន​ដំណើរ​ការ​ត្រួតពិនិត្យ​ហ្មត់ចត់​ដើម្បី​ធ្វើការ​ជាមួយ​នឹង​ដៃគូក្រមសីលធម៌ ហើយ​​អ្នកស្ម័គ្រ​ចិត្ត​ដែល​អាច​នឹង​មក​ទាក់​ទង​ជាមួយ​កុមារ តម្រូវ​ឲ្យ​បំពេញ​ឯកសារ​ត្រួត​ពិនិត្យ​ពីប៉ូលិស​ជាមុនសិន ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​សហគមន៍​ដែល​រៀបចំកម្មវិធីនេះ។

ឥទ្ធិពលអាក្រក់ចំពោះកុមារ

ផលលំបាក​ក្នុងការ​ដែល​មាន​មនុស្ស​ជាច្រើន​ចូល​និងចាក​ចេញ​ពី​ជីវិតរបស់​កុមារនោះ ​ជា​ញឹក​ញាប់​ត្រូវ​បាន​មើល​រំលង​ដោយ​​ជនបរទេស​ដែល​ទៅ​​មើលថែ​ពួកគេ។

Dr. Gribble បាន​ឲ្យដឹងថា ការ​ដែល​មាន​ស្ថាន​ការ​ណ៍ផ្លាស់​ប្តូរ​អ្នក​មើលថែទាំ​​ញឹកញាប់​​មិន​មែន​ជា​វិធី​ដែល​មនុស្ស​ធ្វើការ​នោះទេ។

"ទិដ្ឋាភាព​ដែល​អាក្រក់​បំផុត​មួយ​នៃ​ស្ថាប័ន​មើល​ថែនេះគឺ​​ ពួកគេ​មាន​អ្នក​មើល​ថែ​ច្រើនពេក។ នៅ​ពេល​ដែល​យើង​នៅ​ក្មេងយើង​​ត្រូវ​​រៀន​ពី​ទំនាក់​ទំនង។"

"កុមារ​តូចៗ​អាច​មានទំនាក់​ទំនង​ជ្រាលជ្រៅ​និងពោរពេញ​ដោយ​អត្ថន័យ​​ជាមួយ​មនុស្ស​ក្នុង​ចំនួន​កំណត់​ណា​មួយ​ប៉ុណ្ណោះ។"

“ទីបំផុត​ពួកគេ​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ដែល​ពួកគេ​មាន​ផល​លំបាក​ជាខ្លាំង​នៅ​នឹង​ចំណង​ទាក់ទង ហើយ​ជាមួយនឹង​ទស្សនៈ​​របស់​ពួកគេ​ផ្ទាល់ ពួកគេ​បាន​រៀន​មក​ថា ពួកគេ​មិន​អាច​ពឹង​ទៅលើ​មនុស្ស​ពេញ​វ័យ​បាន​នោះទេ ព្រោះថា​ពួកគេ​មិន​អាច​ស្រឡាញ់​បាន។” នេះ​បើ​តាម​ប្រសាសន៍​របស់​ Dr. Gribble ។

“សម្រាប់កុមារនៅមណ្ឌលកុមារកំព្រា ជំងឺស្រ្តេសគឺខ្លាំងសម្បើមណាស់។ ស្រេ្តសដោយសាតែមានអ្នកមើលថែទាំច្រើនជ្រុល ហើយមិនអាចផ្តល់នូវតម្រូវការដល់ពួកគេបាន វាពិតជារាំងស្ទះដល់ការលូតលាស់របស់ពួកគេ។"

“​គ្មាន​ទំនាក់​ទំនង​ដែល​មាន​ស្ថេរភាព​និង​អាច​ជឿ​ទុកចិត្ត​បាន ក្មេងៗ​អាច​នឹង​ឆ្លង​កាត់​នូវ​ផល​លំបាក​ក្នុង​ការរៀន​ប្រាស្រ័យ​ទាក់​ទង​​តាមរយៈភាសា។

កុមារ​ដែល​រស់នៅ​ជាមួយក្រុមគ្រួសារ​ដែល​ឳពុកម្តាយ​របស់​ពួកគេ​និយាយភាសា​ខុសគ្នា​អាច​នឹង​ចេះ​ពីរភាសា​បាន​យ៉ាង​រហ័ស​និង​ងាយស្រួល វា​មិន​មែន​ជា​បញ្ហា​នោះទេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ប្រឈម​មុខ​នឹង​ភាសា​ខុសៗគ្នា​រាល់​សប្តាហ៍​នោះ ក្នុង​ពេល​៥០អាទិត្យ អ្នក​នឹង​រៀន​មិន​ចេះ​ភាសា​អ្វី​​នោះទេ។”

វាមិនគ្រាន់​តែ​ជា​ការ​រីកចម្រើន​ផ្នែក​សតិអារម្មណ៍​និង​សង្គម​ប៉ុណ្ណោះ​នោះទេ​ដែល​រង​ឥទ្ធិពល​ដោយ​ការ​ដែល​មាន​មនុស្ស​ច្រើន​ជ្រុល​មើលថែទាំកុមារនេះ ប៉ុន្តែ​វាក៏​ជះឥទ្ធិពល​ដល់​​សុខភាព​កាយវប្បកម្មរបស់​ពួកគេ​ផងដែរ។

សម្រាប់​កុមារ​នៅ​មណ្ឌល​កុមារ​កំព្រា ជំងឺ​ស្រ្តេស​គឺ​ខ្លាំង​សម្បើមណាស់។ ​ស្រេ្តស​ដោយសាតែ​មាន​អ្នក​មើល​ថែទាំច្រើន​ជ្រុល ហើយ​មិន​អាច​ផ្តល់​នូវ​តម្រូវ​ការ​ដល់​ពួកគេ​បាន​ ​ វាពិតជារាំងស្ទះ​​ដល់​ការ​លូតលាស់​របស់​ពួកគេ។

កម្រិតស្រ្តេសឡើងខ្ពស់​ខ្លាំង​​​​ធ្វើឲ្យ​​​អរម៉ូន​រីក​លូតលាស់​មិន​អាច​បញ្ចេញ​តាម​បរិមាណ​ធម្មតាបាន ដូច្នេះវា​នឹង​បញ្ចប់​ទៅវិញ​​ក្នុងរយៈ​ពេល​ខ្លី។ វាប៉ះពាល់​ដល់​គ្រប់​ផ្នែក​ទាំងអស់​នៃ​ការ​លូតលាស់។

Dr. Gribble បាន​ឲ្យដឹងទៀត​ថា ជនបរទេស​​ចាញ់បោក​ដោយសារ​​ការតាំងបង្ហាញ​​រូប​ភាព​កុមារ​ក្នុង​គោលបំណង​ទាក់​ទាញ​ការ​​ចាប់​អារម្មណ៍​ដ៏លើសលុបរបស់​ពួកគេ។

“ផល​វិបាក​សម្រាប់​បុគ្គលគឺធំធេងណាស់។ អ្នក​ដែល​ទៅ​កាន់​វិទ្យាស្ថាន​ទាំងនេះ​ ​អ្វី​ដែល​ពួកគេ​បាន​ឃើញ​នោះគឺ​ក្តីរីករាយ​និង​ស្នាមញ​ញឹម​របស់​កុមារ។”

“នៅ​ពេល​ដែល​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ពេញ​វ័យ​មាន​ភាព​ខ្វះខាត​នោះ វាពិតជាត្រូវ​ធ្វើ​ការ​​ផ្លាស់​ប្តូរ​យ៉ាង​ល្អមួយ​ដើម្បី​ធ្វើ​ឲ្យ​រូបអ្នក​មើល​ទៅ​ស្រស់ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ពេញ​វ័យ”៕

អ្នក​និពន្ធ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ជាចំណែក​​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្នែក​អ្នក​កាសែតMojo Correspondent របស់​សកល​វិទ្យាល័យ​Monash 


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now