ការចាប់ខ្លួននេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋខ្មែរទូទាំងសកលលោក មិនថាតែនៅក្នុងប្រទេសឬនៅក្រៅប្រទេសនោះទេ។
នៅក្នុងបណ្តាញសង្គមយើងឃើញមានការចែកចាយបន្តយ៉ាងផុសផុលពីទិដ្ឋភាពចាប់ខ្លួនលោកកឹម សុខាក៏ដូចជាវីដេអូក្លីបដែលលោកបានថ្លែងនៅក្នុងទីក្រុងម៉ែលកាលពីចុងឆ្នាំ២០១៣។
ក្នុងនោះក៏មានការបញ្ចេញមតិយល់ឃើញខុសៗគ្នា មានទាំងអ្នកគាំទ្រ និងមានទាំងអ្នកដែលប្រឆាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាលមកលើមេដឹកនាំបក្សប្រឆាំងរូបនេះ។
ដោយឡែកលោក ជា យូហ៊ន ប្រធានសហព័ន្ធខ្មែរអូស្រ្តាលីសាជីវកម្មបានបង្ហាញនូវការ សោកស្តាយចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលខ្មែរមកលើមេបក្សប្រឆាំងរូបនេះ ហើយលោកថា សមាគមខ្មែរនៅក្រៅប្រទេសទូទាំងពិភពលោករួមទាំងអូស្រ្តាលីផងដែរនឹងគ្រោងរៀបចំបាតុកម្មរួមគ្នាមួយដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលលោកហ៊ុន សែនឲ្យដោះលែងលោកកឹម សុខាឲ្យមានសេរីភាពឡើងវិញ។
រីឯ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានយល់ឃើញថា ពាក្យសម្តីរបស់លោកកឹមសុខានេះគឺបានបង្ហាញឲ្យឃើញអំពីផែនការសម្ងាត់នៃការឃុបឃិតគ្នារវាងលោកកឹម សុខា និងបក្សពួក ជាមួយនឹងបរទេសដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ ហើយអំពើនៃការឃុបឃិតគ្នាជាសម្ងាត់នេះ គឺជាអំពើក្បត់ជាតិ។
លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ក៏បានប្រកាសសុំឲ្យមានភាពស្ងប់ស្ងាត់ដោយទុកភារកិច្ចនេះជូនតុលាកាជាអ្នកសម្រេច ព្រមទាំងព្រមានថាអាចនឹងឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិចោល ប្រសិនបើបក្សនេះហ៊ានកាន់ជើងលោកកឹម សុខា៕




