ក្រសួងសុខាភិបាល បានប្រកាសថា ករណីពុលស្រាស ស្រាថ្នាំ បានកើតឡើងជាថ្មីទៀត នៅក្នុងប្រទេសកម្ពុជា គឺនៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលមកដល់ថ្ងៃទី១៩ឧសភា ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកស្លាប់ កើនឡើងដល់ ១២នាក់ និង ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មូលហេតុពិតប្រាកដ ដែលនាំឲ្យមានករណីស្លាប់ ដោយពុលស្រានេះ ក៏ត្រូវបានក្រសួងសុខាភិបាល បានប្រកាស នៅថ្ងៃទី២០ ខែឧសភាថា អ្នកភូមិ បានពិសាស្រាស ឬស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់។ មូលហេតុនេះ បញ្ជាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ ហើយនាពេលកន្លងមកមក ក៏មានករណីពុលស្រាស ឬស្រាថ្នាំពីពេលមុនៗជាច្រើនដងមកដែរ។
ចំពោះករណីនេះ អាជ្ញាធរសមត្ថកិច្ចស្រុកល្វាឯម ក៏បានកោះហៅម្ចាស់ទីតាំងផលិតស្រា និងអ្នកលក់ស្រា មកសួរនាំ និងធ្វើកំណត់ហេតុ ព្រមទាំងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀត។ នេះបើតាមលោកវរៈសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម៖
( សំឡេង )
សូមបញ្ជាក់ថា ករណីពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល ដែលស្ថិតនៅត្រើយម្ខាង ទល់មុខនឹងរាជធានីភ្នំពេញ បានកើតឡើង ក្នុងពិធីបុណ្យសពមួយ នៅភូមិតាស្គរ ឃុំសារិកាកែវ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
ដូចករណីជាច្រើនផ្សេងទៀតដែរ នៅក្នុងពិធីបុណ្យសព អ្នកស្រុកអ្នកភូមិ តែងតែនិយមទទួលទានស្រា ដើម្បីកំដរបុណ្យសព។ កន្លងមក ករណីពុលស្រា នៅតាមស្រុកភូមិនេះ បានកើតឡើងជាបន្តបន្ទាប់ នៅខេត្តបន្ទាយមានជ័យ នៅខេត្តពោធិ៍សាត់ នៅខេត្តកំពង់ឆ្នាំង និងនៅខេត្តក្រចេះ ជាដើម។ ករណីទាំងអស់នោះ បណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់។
មូលហេតុនៃការពុលស្រាទាំងនោះ ត្រូវបានមន្ត្រីជំនាញ បញ្ជាក់ថា ដោយសារតែស្រាស ស្រាថ្នាំទាំងនោះ មិនមានប្រភពច្បាស់លាស់ ផលិតមិនត្រឹមត្រូវ ឬក៏លាយជាតិមេតាណុល ដែលនាំឲ្យប៉ះពាល់សុខភាព រហូតដល់ពុលស្លាប់ជាបន្តបន្ទាប់៕




