ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន វៀតណាមនៅតំបន់ស្រ្ពីងវ៉េល​ ឆ្នាំ២០១៩

2019 Lunar New Year celebration in Springvale

Lunar New Year celebration in Springvale on Sunday, 3rd of January 2019. Source: SBS Khmer

សំឡេងរបាំម៉ុងសាយរបស់ជនជាតិចិនបានបន្លើឡើងបញ្ជាក់ពិធីបើកកម្មវិធីបុណ្យចូលឆ្នាំចិនវៀតណាម ជាផ្លូវការបានប្រារព្ធធ្វើឡើងកាលពីថ្ងៃអាទិត្យទី៣ កុម្ភៈនៅតំបន់ប្រជុំជនស្រ្ពីងវេល នៃទីក្រុង Greater dandenong ភាគអាគ្នេយ៍ទីក្រុងម៉ែលប៊ិនប្រមាណ ២៥គីឡូម៉ែត្រ ដែលរៀបចំដោយសមាគមអ្នកជំនួញអាស៊ីតំបន់ស្រ្ពីងវ៉េលហៅកាត់ថា SABA។


ក្រឡេក​ទៅ​មើល​ការ​រៀបចំ​ពិធីបុណ្យ​ដ៏​ធំ​​ប្រចាំ​ឆ្នាំ​នារដ្ឋ​វិចតូរៀមួយ​នេះ ចាប់​តាំងពី​រសៀល​ថ្ងៃទី២ ខែ​កុម្ភៈមក​ម្ល៉េះ​បណ្តា​ផ្លូវ​ទាំង​ឡាយ​ក្នុង​តំបន់​លក់​ទំនិញ​ស្រ្ពីងវ៉េល​ត្រូវ​បាន​បិទ​មិន​ឲ្យ​ធ្វើចរាចរណ៍ ដើម្បី​ទុក​ឱកាស​ដល់​អ្នក​រៀបចំ​កម្មវិធី​ចាត់ចែង​ក្នុងការ​ដំឡើង​ស្តង់​លក់​ម្ហូប​អាហារ ការតាំងពិពណ៌ពី​សេវាកម្មផ្សេងៗ​ពីសំណាក់​ក្រុម​ហ៊ុន​ឧបត្ថម្ភកម្មវិធី ស្តង់​របស់​អង្គការ​សប្បុរសធម៌ និង​ស្តង់​របស់​អង្គការ​ផ្តល់​ការ​អប់រំ​ដល់​សហគមន៍ និង​ជាពិសេស​គឺ​ការ​ដំឡើង​នូវ​ឧបករណ៍​ជិះ​កំសាន្ត​សម្រាប់​អ្នក​មក​ចូលរួម​ពិធីបុណ្យ​នៅថ្ងៃអាទិត្យ​នេះ​តែម្តង។

ថ្លែង​នៅក្នុង​ពិធីបើក​កម្មវិធី នៅចំពោះ​មុខ​ភ្ញៀវ​កិតិ្តយស​ដែល​បាន​ចូលរួ​ម​ជាច្រើន​ដូចជា​តំណាង​ប្រមុខ​រដ្ឋ​វិចតូរីយ៉ា ជំនួយ​ការ​ស្នងការ​នគរបាល​ទីក្រុង​ម៉ែលប៊ិន សមាជិក​ព្រឹទ្ធ​សភា សមាជិក​សភា​នៅ​ក្បែរ​តំបន់ស្រ្ពីងវ៉េល ព្រម​ទាំង​ចៅហ្វាយក្រុង​ និងសមាជិក​ក្រុម​ប្រឹក្សាក្រុង​តំបន់​ស្រ្ពីងវ៉េល។ លោក Daniel Chang ប្រធានសមាគម​ SABA មានប្រសាសន៍ថា​តំបន់​ស្រ្ពីងវ៉េល​ជា​តំបន់​ពហុវប្បធម៌​ដ៏​ពិសេស​មួយ​ដែល​មាន​លក់​ទំនិញ​ជាច្រើន​ប្រភេទ​ដែល​លោក​អ្នក​ត្រូវ​ការ។ ជាក់​ស្តែង​ដូចជា​ថ្ងៃ​នេះ​ស្រាប់​មាន​ស្តង់​លក់​ម្ហូប​រហូត​ដល់​ទៅ​ជាង​៩០ស្តង់​សម្រាប់​បម្រើ​ដល់​អ្នក​មក​ចូលរួម​កំសាន្តក្នុង​ពិធីបុណ្យនេះ។

(សំឡេង Daniel Chang)

ក្នុងនាម​ SABA ខ្ញុំសូម​ជូន​ពរ​លោក​អ្នក​ក្នុង​ឆ្នាំ​ជ្រូក​នេះ​នូវ​ពរ​ឆ្នាំ​ថ្មី​ ឆ្នាំ​ជ្រូក​ដែល​តំណាង​ឲ្យ​ភាព​ឆ្លាតវៃ ហើយ​អ្នក​ដែល​កើត​ឆ្នាំ​នេះ​ជាមនុស្ស​ដែល​មាន​ជីវិត​ដ៏​ប្រពៃ។

ជាមួយគ្នា​នេះ​ផង​ដែរ​លោកស្រី Roz Blades ចៅហ្វាយក្រុង​  Greater dandenong មានប្រសាសន៍នៅក្នុង​ពិធី​បើកកម្មវិធីបុណ្យ​យ៉ាង​ដូច្នេះ​ថា៖

(សំឡេង​លោកស្រី Roz Blades)

(ក្នុងនាមជាចៅហ្វាយក្រុង​ដែល​មាន​លក្ខណៈពហុវប្បធម៌ជាងគេបំផុតក្នុងប្រទេស​អូស្ត្រាលី ខ្ញុំ​មាន​កិត្តិ​យស​ណាស់​ដែល​បាន​មក​ចូលរួម​កម្មវិធីថ្ងៃនេះ​ដើម្បីអបអរទីក្រុង​ដែលមានប្រជាជន​មក​ពី​១៥៧ ប្រទេស​នៅ​ទូទាំង​ពិភព​លោក។ ទីក្រុង​ Greater dandenong នឹងក្លាយ​ជាទីក្រុង​ដ៏ពិសេស​នាពេល​អនាគតខាង​មុខ​នេះ​ដោយ​សារ​តែ​មាន​ប្រជាជន​មកពី​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូទាំងពិភព​លោក ព្រម​ទាំង​នាំ​មក​នូវ​លក្ខណៈ​ពិសេស​ផ្សេងៗគ្នាដើម្បី​កសាង​នូវ​ទីក្រុង​មួយ​ដ៏ពិសេស​នេះ។ ខ្ញុំ​ក៏​សូម​ជូន​ពរ​ដល់​អ្នក​រៀបចំ កម្មវិធី​ និង​អ្នក​ដែល​កើតឆ្នាំ​ជ្រូក​ទាំង​អស់​ឲ្យ​ជួប​ប្រទះ​តែ​សំណាង​ល្អគ្រប់​គ្នា។)

លោកស្រី Clare O’ Neil តំណាងរាស្ត្រ​សហព័ន្ធ​តំបន់ Hotham មានប្រសាសន៍ថា៖

(អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ចំពោះ​ពិធីបុណ្យ​នេះគឺ​វាបាន​ផ្តល់​ឱកាស​ដល់​យើង​ក្នុងការ​បង្ហាញ​ពីអ្វី​ដែល​កំពុង​កើតមានឡើង​នៅ​តំបន់​ស្រ្ពីងវ៉េល ហើយ​វាគ្មាន​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​នោះ​ទេ​ ដែល​ថា​តំបន់​នេះគឺជា​តំបន់​ពិសេស​មួយ។ ខ្ញុំ​ជាសមាជិក​សភា​សហព័ន្ធ​ ហើយ​ខ្ញុំ​បាន​ឡើង​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​សហព័ន្ធ​ដទៃទៀត​ទាក់ទង​ទៅនឹង​ពហុវប្បធម៌​ដែល​មានន័យថា​ជាអ្វី​ដែល​កំពុង​កើត​មានឡើង​នៅទីនេះ ហើយ​វាជាការចែក​រំលែក​ដ៏សាមញ្ញពីវប្បធម៌ និង​គុណតម្លៃ ព្រម​ទាំង​ម្ហូបអាហារ​ពីផ្ទះមួយ​ទៅផ្ទះមួយទៀត។)

ក្រៅ​ពីការថ្លែង​សុន្ទកថា​របស់​ភ្ញៀវកិត្តយសជាច្រើន កម្មវិធីបុណ្យ​ក៏បាន​បន្ត​រហូត​ដល់​ម៉ោង ១០​ យប់ ដោយ​មានការ​សម្តែងសិល្បះក្នុង​ទម្រង់ផ្សេងៗ​នៅលើ​ឆាកតន្រ្តីធំ ដូចជាការ​សម្តែង​នូវរបាំ​ជូនពរ​ខ្មែរ ការ​ច្រៀងបទចម្រៀង ព្រម​ទាំងការសម្តែង​របស់​ជន​ជាតិផ្សេងៗ​ទៀតផង។

អ្នក​ទស្សនា​មក​ចូលរួម​ក្នុង​កម្មវិធីបុណ្យ​នេះ​មានកាន់​តែ​ច្រើន​ឡើង​នាពេល​រសៀល ដោយ​សារ​តែ​អាកាស​ធាតុ​អំណោយ​ផល ដោយ​នៅ​តាម​បណ្តា​ផ្លូវ​រៀបចំកម្មវិធី​មាន​មនុស្ស​ដើរ​ច្រើន​ណែនណាន់​តាន់​តាប់​ ដើម្បី​ទិញ​ម្ហូប​អាហារ និង​ទស្សនា​ស្តង់​ពិពណ៌​ទំនិញ​ផ្សេងៗ។ កម្មវិធី​បុណ្យ​នេះ​ក៏​បាន​បញ្ចប់​ដោយ​មានការ​អុជ​កាំជ្រួច​ជាច្រើន​ផង​ដែរ​នៅ​ប្រហែល​ម៉ោង ៩ និង ២០នាទី​យប់៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service