បន្ទាប់ពីប្រជុំលើកដំបូង និងបង្កើតរចនាសម័ន្ធរួចមក កាលពីរសៀលថ្ងៃទី២៦ ខែមេសា គណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងដោយកូនប្រុសពៅលោក គង់ គាំ គឺលោក គង់ មុនីកា បានយកសំណុំឯកសារ ទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ការចុះបញ្ជីនេះ បន្ទាប់ពីគណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសពៅលោក គង់ គាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំង បានប្រជុំបង្កើតរចនាសម្ព័ន្ធ និងរូបសញ្ញាគណបក្សរួចរាល់ កាលពីថ្ងៃទី២៦មេសា។ ក្នុងនោះ ក្រៅតែរៀបចំរចនាសម្ព័ន្ធ កិច្ចប្រជុំរបស់ស្ថានិកគណបក្សថ្មីនេះ ក៏បានកំណត់ពីសមាសភាពស្ថាបនិក ៧រូប សមាជិក ៨០រូប រួមនិងឯកសារមួយចំនួនទៀត ដើម្បីត្រៀមដាក់ជូនក្រសួងមហាផ្ទៃស្នើសុំបង្កើតគណបក្សនយោបាយ។ គណបក្សនេះ ក៏បានប្រកាសជួលផ្ទះរបស់លោក គង់ គាំ ធ្វើជាទីស្នាក់ការកណ្តាល។ ទីតាំងនោះ ជាអតីតទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ី ក្នុងពេលកន្លងមក។
កូនប្រុសពៅលោក គង់ គាំ គឺលោក គង់ មុនីកា កាលពីថ្ងៃទី២៥ ខែមេសា បានប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយលោកជឿថា អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ក្នុងប្រទេសកម្ពុជា សម្រេចរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មិនអាចរស់ឡើងវិញទេ។
ជុំវិញការបង្កើតគណបក្សថ្មីរបស់កូនប្រុសពៅលោកគង់គាំនេះ ត្រូវបានក្រុមអ្នកគាំទ្រលោកសមរង្ស៊ី និងលោកកឹមសុខា បង្ហាញការខកចិត្ត ហើយថា គណបក្សថ្មីនេះ មិនគួរបង្កើតឡើងក្នុងកាលៈទេសៈពេលនេះទេ។ ពោលគឺគណបក្សថ្មីនេះ គ្រាន់តែជាផ្កាលម្អរក្នុងសួន ហើយជួយបំពេញភាពស្របច្បាប់ឲ្យគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតនាពេលខាងមុខប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ការបង្កើតគណបក្សថ្មី។ ការបង្កើតគណបក្សថ្មីរបស់កូនប្រុសពៅលោកគង់គាំ ត្រូវបានលោកសុខឥសានលើកឡើងថា បានបញ្ជាក់ច្បាស់ថា នៅកម្ពុជា សិទ្ធិនយោបាយរបស់ពលរដ្ឋ ត្រូវបានបើកទូលាយ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាក៏ដោយ គណបក្សថ្មីរបស់កូនប្រុសលោកគង់គាំ អតីតអ្នកនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៨០ នឹងត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយត្រូវបន្តចុះបញ្ជី និងដាក់បេក្ខជន នៅគ.ជ.ប ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែឧសភា។ ដោយឡែក ការបោះឆ្នោត នឹងធ្វើឡើង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក នុត សុខុម អនុប្រធានគ.ជ.ប បានថ្លែងអំពីនីតិវិធីនៃការចុះបញ្ជីគណបក្ស និងបេក្ខជនគណបក្សនយោបាយ នៅគ.ជ.ប ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
( លោក នុត សុខុម )
រីឯលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ក៏បានលើកឡើងពីនីតិវិធីដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្ស និងបេក្ខជនគណបក្សនយោបាយ៖
( លោក ទេព នីថា )
សូមបញ្ជាក់ថា គិតមកដល់ចុងខែមេសានេះ មានគណបក្សនយោបាយចំនួន ៣៧ គណបក្ស បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ មានគណបក្សនយោបាយជាច្រើន បានត្រៀមខ្លួន រៀបចំដាក់បេក្ខជន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ៕





