សំណុំរឿងក្តីនោះនាំឲ្យបុគ្គលិកអង្គការអាដហុក៤រូប និងអគ្គលេខាធិការរងគ ជ ប ១រូប ត្រូវបានចោទប្រកាន់ និងចាប់ឃុំខ្លួននៅពន្ធនាគារចាប់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ពីបទ សូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សី។
កាលពីរសៀលថ្ងៃទី២៦កក្កដា លោក លី សុផាណា អ្នកនាំពាក្យតុលាការសាលាដំបូងរាជធានីភ្នំពេញបានឆ្លើយតបនឹងសំណួរអ្នកកាសែតតាមសារ Telegram យ៉ាងខ្លីថា "មន្ត្រីអាដហុកបានមកបំភ្លឺជាសាក្សីរួចហើយ។ ចៅក្រមបានស្តាប់ចម្លើយគាត់ក្នុងឋានៈជាសាក្សី និងបានសាកសួរនូវរឿងហេតុដែលពាក់ព័ន្ធទៅនឹងការចោទប្រកាន់លើមន្ត្រីអាដហុកទាំង៤រូបពីបទសូកប៉ាន់សាក្សី"។
យ៉ាងណាក៏ដោយ លោក លី សុផាណា មិនបានបញ្ជាក់ពីឈ្មោះរបស់បុគ្គលិកអាដហុក ដែលតុលាការកោះហៅឲ្យចូលបំភ្លឺជាសាក្សីនោះទេ។
សូមរម្លឹកថា បុគ្គលិកអង្គការអាដហុក ៤រូប គឺលោកស្រី លឹមមុនី លោក នីសុខា លោក យីសុខសាន្ត និងលោក ណៃ វ៉ង់ដា រួមទាំងលោក នី ចរិយា អតីតបុគ្គលិកអង្គការអាដហុក និងជាអគ្គលេខាធិការរងគជប ត្រូវបានចាប់ឃុំខ្លួនក្នុងបទពុករលួយតាមរយៈការចោទប្រកាន់ថា សកម្មជនសិទ្ធិមនុស្សទាំង ៥រូបបានសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។ សាក្សីក្នុងរឿងក្តីនោះ គឺកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលអះអាងថាជាជនរងគ្រោះក្នុងសំណុំរឿងខ្សែអាត់សំឡេងរវាងនាងនិងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕



