សវនាការជំនុំជម្រះក្តី នៅតុលាការសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី៤វិច្ឆិកា មិនមានវត្តមានលោក កឹមសុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នោះទេ។ ប៉ុន្តែមេធាវីទាំង ៥រូបរបស់លោក បានចូលរួមសវនាការ។
ក្រុមមេធាវីបានលើកឡើងពីអភ័យឯកសិទ្ធិសភារបស់លោក កឹមសុខា ជាតំណាងរាស្ត្រ ដែលរដ្ឋធម្មនុញ្ញបានកំណត់ មិនឲ្យចោទប្រកាន់ និងកាត់ទោសឡើយ។ ក៏ប៉ុន្តែតុលាការ បានចាត់ទុកបទចោទប្រកាន់លើលោកកឹមសុខា ថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលមិនប៉ះពាល់ដល់អភ័យឯកសិទ្ធិសភាឡើយ។
ក្រោយពីស្តាប់ការលើកឡើងរបស់ក្រុមមេធាវីរួចមក លោក សេង ស៊ីវុត្ថា អនុប្រធានតុលាការសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចតម្កល់សាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រេចផ្តន្ទាទោស លោក កឹមសុខា ដាក់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨០ម៉ឺនរៀល ពីបទចោទប្រកាន់ “បដិសេធក្នុងការចូលខ្លួន”។
លោក ហែម សុជាតិ មេធាវីការពារក្តីលោកកឹមសុខា បានចាត់ទុក ការសម្រេចនោះ ជារឿងនយោបាយ ហើយថា ក្រុមមេធាវីនឹងពិភាក្សាជាមួយលោក កឹមសុខា ដើម្បីដាក់ពាក្យបណ្ដឹងបន្តទៅកាន់តុលាការកំពូល។
(សំឡេង)
ចំណែកតុលាការសាលាដំបូងរាជធានីភ្នំពេញ ក៏បានបើកសវនាការ ជំនុំជម្រះក្តីរបស់លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងបទចោទប្រកាន់រឿងពុករលួយ កិបកេងថវិការដ្ឋ។
លោក ស៊ុត ឌីណា ក្នុងសំលៀកបំពាក់ជាអ្នកទោស ត្រូវបាននាំខ្លួនពីពន្ធនាគារ មកចូលរួមសវនាការជំនុំជម្រះក្តី កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា។ ចៅក្រមនឹងប្រកាសសាលក្រមក្នុងរឿងក្តីនេះ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦៕



