ក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីការបរទេស ប្រទេសដៃគូសន្ទនារបស់អាស៊ានទាំងអស់នេះ នៅយប់ថ្ងៃទី៤សីហា លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលជាអ្នកនាំពាក្យនៃកិច្ចប្រជុំ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញ៉ុង ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយ ដែលដាក់ចេញដោយប្រទេសនីមួយៗ។ នេះចំពោះបញ្ហាតៃវ៉ាន់។ ចំណែកបញ្ហាសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ចប់សង្គ្រាមឱ្យបានឆាប់ ហើយងាកមករកតុចរចា ព្រោះគ្រប់ភាគីទាំងអស់ សុទ្ធតែឯកភាពថា មានតែការចរចាទេ ទើបអាចបញ្ចប់ជម្លោះបាន។
( សំឡេង )
សូមរម្លឹកថា រដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចកំពូលៗ រួមមាន ចិន រុស្ស៊ី អាមេរិក និងប្រទេសជាច្រើនទៀត បានមកចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត នៅថ្ងៃទី៤សីហា។ នៅថ្ងៃទី៥សីហានេះ ប្រមុខការទូតអាស៊ាន និងប្រទេសមហាអំណាច រួមទាំងដៃគូសន្ទនាអាស៊ាន សរុប ៣៨ប្រទេស ត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។ កិច្ចប្រជុំទាំងពីរនេះ នឹងមានការជជែកពិភាក្សា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខស្បៀងអាហារ ការប្រែប្រួលអាកាសធាតុ រួមទាំងបញ្ហាសន្តិសុខតំបន់ និងពិភពលោក ពិសេសការកើនឡើងកម្តៅនៅច្រកសមុទ្រកោះតៃវ៉ាន់ ដែលចិនកំពុងធ្វើសមយុទ្ធ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកនៅកោះតៃវ៉ាន់ ព្រមទាំងបញ្ហាសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ជាដើម៕