ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានប្រកាសនៅថ្ងៃទី២៥ ខែមីនាថា ស្ថានទូតអូស្រ្តាលី រួមជាមួយស្ថានទូតដទៃទៀត កំពុងបន្តស្វែងរកការធ្វើបច្ចុប្បន្នភាពពីរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ជនបរទេស។
ស្ថានទូតអូស្ត្រាលី លើកឡើងថា «យើងមិនទាន់បានទទួលព័ត៌មានបន្ថែមទៀតទេ ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់យើង រួមទាំងថាតើលិខិតរបស់ស្ថានទូត នឹងត្រូវការដែរ ឬទេ?។ មានប្រទេសជាច្រើន ដែលមិនមានស្ថានទូត នៅកម្ពុជាទេ។ ឥឡូវនេះ ការផ្តោតអារម្មណ៍របស់រដ្ឋាភិបាលកម្ពុជា គឺផ្តោតលើការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនកម្ពុជា ដែលមានអាយុលើសពី ៦០ឆ្នាំនៅតាមតំបន់សំខាន់ៗ»។
សេចក្តីប្រកាសរបស់ស្ថានទូតអូស្ត្រាលីខាងលើនេះ បានធ្វើឡើង ខណៈដែលកម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១,៥លានដូសទៀត ពីប្រទេសចិន ជាប្រភេទវ៉ាក់សាំង Sinovac។ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា វ៉ាក់សាំងទាំងនេះ គឺរាជរដ្ឋាភិបាល ទិញពីចិន ខណៈដែលចិន បានសន្យាផ្តល់ឲ្យកម្ពុជា ចំនួន ១លានដូស ហើយបានប្រគល់ឲ្យរួចហើយនូវវ៉ាក់សាំង Sinopharm ៦០ម៉ឺនដូស។
កម្ពុជា កាលពីថ្ងៃទី២ ខែមីនា ក៏ទទួលបានវ៉ាក់សាំងកូវីដ AstraZeneca ចំនួន ៣២៤ ០០០ ដូស ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក។
វ៉ាក់សាំងទាំង ជិត ១លានដូស ដែលកម្ពុជា ទទួលបានជាជំនួយនោះ ត្រូវបានចាក់ជូនក្រុមអាទិភាព ដូចជា មន្ត្រីរាជការជាន់ខ្ពស់ ពេទ្យ ប៉ូលិស ទាហាន គ្រូបង្រៀន កម្មករបោសសំរាម និងចុងក្រោយនេះ ចាក់ដល់មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង នៅភ្នំពេញ។
មកដល់ថ្ងៃទី២៥ ខែមីនា មានប្រជាជនកម្ពុជា ជាង ៣០ម៉ឺននាក់ បានចាក់វ៉ាក់សាំងរួច ដោយពេលចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងដំបូង កាលពីដើមខែកុម្ភៈ ហាក់ដូចជា ពុំសូវមានមនុស្សទៅចាក់ច្រើនឡើយ។ តែនៅពេលមានការឆ្លងរាលដាលច្រើន ក៏មានមនុស្ស សំរុកទៅចាក់វ៉ាក់សាំង រហូតដល់អស់វ៉ាក់សាំង ដោយសារតែជំហានដំបូងនេះ វ៉ាក់សាំង ដែលកម្ពុជា ទទួលបានមានចំនួនតិចតួច៕




![[JPG]_How-Australia-Works_Ep1.jpg](https://assets.sbs.com.au/dims4/default/d1d4da1/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2Fe9%2F46%2F56cf4ff54074a36476e0bcb73e13%2Fjpg-how-australia-works-ep1.jpg&imwidth=1280)
![[JPG]_How-Australia-Works_Ep0.jpg](https://assets.sbs.com.au/dims4/default/9a0f61e/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2F8f%2F15%2F83a000db458f9fc153fde8cde907%2Fjpg-how-australia-works-ep0.jpg&imwidth=1280)
