SKIP TO MAIN CONTENT

អូស្រ្តាលី និងអាម៉េរិក ជួយកម្ពុជា រៀបចំកិច្ចប្រជុំ ស្តីពីការប្រែប្រួលអាកាសធាតុ

កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់.jpg
កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។

កិច្ចប្រជុំ ស្តីពី ការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៣ នឹងធ្វើឡើង នៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ក្នុងខេត្តសៀមរាប។ តាមរយៈសេចក្តីប្រកាសព័ត៌មានរួម អូស្ត្រាលី និងអាម៉េរិក បង្ហាញនូវមោទកភាព ក្នុងការជួយឧបត្ថម្ភដល់កិច្ចប្រជុំនេះ។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

កិច្ចប្រជុំ ស្តីពី ការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៣ នឹងធ្វើឡើង នៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ក្នុងខេត្តសៀមរាប។ តាមរយៈសេចក្តីប្រកាសព័ត៌មានរួម អូស្ត្រាលី និងអាម៉េរិក បង្ហាញនូវមោទកភាព ក្នុងការជួយឧបត្ថម្ភដល់កិច្ចប្រជុំនេះ។


លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានលើកឡើងថា លោកពិតជារីករាយជាខ្លាំង ដែលអូស្ត្រាលី បានធ្វើជាដៃគូផ្លូវការនៃកិច្ចប្រជុំ ស្តីពី បម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣។ អូស្ត្រាលី ប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងភាពធន់របស់ខ្លួន ទៅនឹងបម្រែបម្រួលអាកាសធាតុ កសាងវិស័យថាមពលស្អាត និងជួយកម្ពុជាសម្រេចបានគោលដៅអព្យាក្រឹត្យភាពកាបូន ត្រឹមឆ្នាំ២០៥០។

លោកឯកអគ្គរដ្ឋទូត បន្តថា កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ហៅកាត់ថា CAPRED នឹងរៀបចំកិច្ចពិភាក្សាស្តីពី កសិកម្មឆ្លាតវៃខាងអាកាសធាតុ វិថីឆ្ពោះទៅកាន់វិស័យផ្គត់ផ្គង់ទឹកស្អាតប្រកបដោយភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងហិរញ្ញប្បទានអាកាសធាតុប្រកបដោយបរិយាបន្ន។

ចំណែកលោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ក៏បានលើកឡើងថា សហរដ្ឋអាម៉េរិក មានកិត្តិយសណាស់ ដែលបានគាំទ្រកិច្ចប្រជុំ ស្តីពី បម្រែបម្រួលអាកាសធាតុកម្ពុជា ជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២៣នេះ ដោយមានកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធផ្សេងទៀត។ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល ដៃគូវិស័យសាធារណៈ និងឯកជន អាចធ្វើការរួមគ្នា ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងឈានដល់អព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០។

សូមជម្រាបថា កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ គ្រោងនឹងធ្វើនៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា នៅខេត្តសៀមរាប ដែលនឹងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងអ្នកជំនាញ មកពីជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ក្នុងកម្រិតខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត។ កិច្ចប្រជុំនេះ ក៏នឹងផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ហិរញ្ញប្បទានអាកាសធាតុ តួនាទីរបស់ថាមពលកកើតឡើងវិញ សហគ្រិនភាពក្នុងវិស័យថាមពល ដំណោះស្រាយផ្អែកលើធម្មជាតិ សន្តិសុខទឹក នវានុវត្តន៍ក្នុងវិស័យកសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអនុលោមតាមបទបញ្ញត្តិនានា។

ក្រៅតែពីកម្មវិធី CAPRED របស់អូស្ត្រាលី និង USAID របស់អាម៉េរិក ក៏នៅមានទីភ្នាក់ងារស្វ៊ីស អង្គការ FAO អង្គការអុកស្វាម និង Kosher Climate ជាដើម នឹងជួយកម្ពុជា សម្រាប់រៀបចំកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុនេះ។

សាធារណជន ត្រូវបានស្វាគមន៍ ក្នុងការចូលរួមទស្សនាការតាំងពិព័រណ៍ ដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលនឹងចាប់ផ្តើមពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៣:៣០រសៀល នាថ្ងៃទី២ និងទី៣ ខែវិច្ឆិកា នៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាប ផងដែរ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now