រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Julie Bishop បានបញ្ចេញនូវសំឡេងភ័យខ្លាចដែលថា ទំហំនិងល្បឿននៃកម្មវិធីគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះបង្កនូវគ្រោះថ្នាក់ដោយផ្ទាល់ដល់ប្រទេសអូស្រ្តាលី។
សេចក្តីអធិប្បាយរបស់លោកស្រីបានធ្វើឡើងបន្ទាប់ពីការធ្វើតេស្តបាញ់គ្រាប់មីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ។
វាក៏បានធ្វើឡើងនៅក្នុងពេលដែលមានការព្រួយបារម្ភថា ប្រសិនបើស្ថានការណ៍តានតឹងនៅក្នុងតំបន់មិនបញ្ឈប់ទេនោះ នឹងមានផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ។
ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោសចំពោះការសាកល្បងគ្រាប់ផ្លោងចុងក្រោយគេបង្អស់របស់កូរ៉េខាងជើងនេះនៅក្នុងសន្និសិទ្ធសាព័ត៌មានរួមគ្នាមួយនៅ Kremlin។
ប្រទេសទាំងពីរនេះកំពុងតែហៅឲ្យមានការបញ្ឈប់កម្មវិធីនុយក្លេអែនិងការសាកល្បងគ្រាប់មីលស៊ីលរបស់កូរ៉េខាងជើង។
ប៉ុន្តែពួកគេក៏បានអំពាវនាវឲ្យមានការផ្អាកនូវសមយុទ្ធយោធាទ្រង់ទ្រាយធំដែលធ្វើឡើងនៅក្នុងតំបន់នេះដោយសហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូងផងដែរ៕
