SKIP TO MAIN CONTENT

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មកបំពេញទស្សនកិច្ចនៅកម្ពុជា

Australian Foreign Minister Penny Wong (L) and Cambodian PM Hun Sen (R).jpg
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផិននី វង់ និង លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន។

លោកស្រី ផិននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

លោកស្រី ផិននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី បានធ្វើឡើងនៅថ្ងទី៤សីហា រីឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ត្រូវធ្វើឡើងនៅថ្ងៃទី៥សីហា។

ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ប្រកាសថា ដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មកកាន់កម្ពុជា ពេលនេះ គឺចំពេលខួបទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់អូស្ត្រាលី និងកម្ពុជា។ លោកស្រី នឹងជួបជាមួយសមាជិករដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាអំពីការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងអប់រំ សន្តិសុខសុខាភិបាល និងសិទ្ធិមនុស្ស។

 ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះផងដែរ លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាលភាសាអង់គ្លេស (ACE) ដើម្បីបើកសាខាថ្មីរបស់សាលានេះ។ សាលា ACE បានផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេស ដល់ប្រជាជនកម្ពុជាជាង ៥០០ ០០០ នាក់ ចាប់តាំងពីសាលាត្រូវបានបង្កើតឡើង កាលពី៣០ ឆ្នាំមុន។

កាលពីថ្ងៃទី៤ ខែសីហាម្សិលមិញ នៅពេលចុះពីយន្តហោះ មកដល់កម្ពុជា លោកស្រី ផិននី វង់ ដែលដៃស្តាំ ត្រូវប៉ង់ស៊ីម៉ង់ត៍ និងរុំខ្សែជាប់ក បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន អូស្ត្រាលី នៅសណ្ឋាគារ សុខា ភ្នំពេញ។ លទ្ធផលនៃកិច្ចប្រជុំនេះ ត្រូវបានលោក គង់ ភោគ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រកាសយ៉ាងដូច្នេះថា៖

( សំឡេង )

បន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី កាលពីរសៀលថ្ងៃទី៤សីហា លោកស្រី ផិននី វង់ បានចូលជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឱ្យអូស្ត្រាលី បង្កើនសកម្មភាពពាណិជ្ជកម្ម ជាពិសេសបង្កើតការនាំអង្ករពីកម្ពុជា និងបើកទីផ្សារទទួលផលិតផលកម្ពុជា ឲ្យបានធំទូលាយជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត។ លោកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្វាគមន៍ចំពោះការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្វផ្សាយវិនិយោគកសិកម្មចំណីអាហារ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លង ទៅដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិនផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្តែងនូវការរីករាយនូវភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសរីករាយដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងក្នុងរង្វង់ជាង ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៩ មក។

សូមរម្លឹកថា កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា។ មានរដ្ឋមន្ត្រីការបរទេស និងតំណាងរដ្ឋមន្ត្រី មកពី ៣៨ប្រទេសចូលរួម។ ក្នុងនោះ មានរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាច ក៏មកចូលរួមប្រជុំដោយផ្ទាល់ដែរ រួមមាន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចិន អាមេរិក ឥណ្ឌា កូរ៉េ និងរដ្ឋមន្ត្រីការបរទេសជប៉ុន ជាដើម៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now