នៅយប់ថ្ងៃទី១ ខែមេសា ត្រូវនឹងថ្ងៃទី១ នៃការដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺប៉ូលិសបានចេញល្បាត ដោយប្រើឡាន និងម៉ូតូច្រើនគ្រឿង។ ក្រុមប៉ូលិស ក៏បានចូលអប់រំ ណែនាំក្រុមអ្នកលក់ដូរតាមចិញ្ចឹមផ្លូវ ជាអ្នកលក់ចំណីអាហារ រួមទាំងអ្នកលក់បន្លែ នៅផ្សារដើមគរ ពីការហាមឃាត់ មិនឲ្យជួបជុំលក់ដូរមនុស្សច្រើនទេ។ តែអាចបើកលក់បានជាលក្ខណៈវេចខ្ចប់។ ប៉ូលិសក៏បានចុះទៅណែនាំក្រុមអ្នកជួបជុំផឹកស៊ីតាមផ្លូវ អ្នកចូលហាងហូបចំណីអាហារ នៅក្រោយម៉ោង ៨យប់ តាមហាង និងនៅចិញ្ចឹមផ្លូវ អំពីវិធានការហាមឃាត់ ដោយចាប់អនុវត្តផាកពិន័យ ចាប់ពីយប់ថ្ងៃទី២មេសាតទៅ។
សេចក្តីសម្រេច របស់អាជ្ញាធររាជធានីភ្នំពេញ ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានកំណត់ថា វិធានការបណ្តោះអាសន្ននេះ ត្រូវអនុវត្តរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្នុងរយៈពេល ២សប្តាហ៍នេះ នៅភ្នំពេញ ត្រូវផ្អាកបណ្តោះអាសន្ន តូបអាហារ អាហារដ្ឋាន ហាងកាហ្វេ ភេសជ្ជៈ និងភោជនីយដ្ឋានតាមសណ្ឋាគារ នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹកទៀបភ្លឺ។ ប៉ុន្តែអាចបើកលក់បានជាលក្ខណៈវេចខ្ចប់។
អាជ្ញាធររាជធានីភ្នំពេញ ក៏បានសម្រេច ឲ្យផ្អាកជាបណ្តោះអាសន្ន ការប្រមូលផ្តុំ ការជួបជុំទទួលទានអាហារ ភេសជ្ជៈ គ្រឿងស្រវឹង ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ។ លើកលែងតែការជួបជុំសមាជិកគ្រួសារ នៅក្នុងលំនៅដ្ឋានជាមួយគ្នា។ ពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរ។ ការជួបជុំបុគ្គលិកសុខាភិបាល ដើម្បីយកសំណាក និងការងារសង្គ្រោះបន្ទាន់នានា។ ការជួបជុំកងកម្លាំង គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ និងការជួបជុំចាំបាច់ បម្រើផលប្រយោជន៍សាធារណៈ កំណត់ដោយអាជ្ញាធរ។
ក្នុងសេចក្តីសម្រេច ដាក់ចេញនៅថ្ងៃទី១ ខែមេសានេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានសម្រេចផ្អាកការចរាចរណ៍បណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ។ លើកលែងតែការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុគ្រួសារចាំបាច់។ ការធ្វើដំណើររបស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ និងកងកម្លាំង ដើម្បីបំពេញភារកិច្ច។ ការធ្វើដំណើររបស់រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តដឹកសំរាម និងការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកសេវាដឹកជញ្ជូន។ ការធ្វើដំណើររបស់បុគ្គលិក កម្មករ ចំពោះអាជីវកម្ម ដែលអនុញ្ញាតឲ្យបើកធម្មតា និងការធ្វើដំណើរចាំបាច់ផ្សេងទៀត ដែលអនុញ្ញាតដោយអាជ្ញាធរ។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា អ្នកបំពានលើបម្រាមគោចរ ដែលបានហាមឃាត់ការធ្វើដំណើរ ការជួបជុំតាមទីសាធារណៈ ការទទួលទានអាហារ-គ្រឿងស្រវឹង និងត្រូវបិទហាងលក់ដូរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក គឺត្រូវមានទោសតាមច្បាប់កូវីដ ដោយត្រូវពិន័យជាប្រាក់ និងអាចមានទោសដល់ជាប់ពន្ធនាគារថែមទៀត។




![[JPG]_How-Australia-Works_Ep1.jpg](https://assets.sbs.com.au/dims4/default/d1d4da1/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2Fe9%2F46%2F56cf4ff54074a36476e0bcb73e13%2Fjpg-how-australia-works-ep1.jpg&imwidth=1280)
![[JPG]_How-Australia-Works_Ep0.jpg](https://assets.sbs.com.au/dims4/default/9a0f61e/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2F8f%2F15%2F83a000db458f9fc153fde8cde907%2Fjpg-how-australia-works-ep0.jpg&imwidth=1280)
