ទំនិញខូចគុណភាព និងក្លែងបន្លំជាង ១១តោន ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយកាំកុងត្រូល ដុតបំផ្លាញ កាលពីរសៀលថ្ងៃទី០៦ មីនា ឆ្នាំ២០១៨ នៅទីលានចាក់សំរាមជើងឯក ក្នុងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ចាន់វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងថា ទំនិញ ដែលដុតបំផ្លាញចោល នាពេលនេះ សុទ្ធតែជាទំនិញខូចគុណភាពខុសច្បាប់ គ្មានលិខិតអនុញ្ញាត ដែលសមត្ថកិច្ច បង្រ្កាបបាន ក្នុងពេលកន្លង។ ទំនិញទាំងនេះ សុទ្ធតែធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានបន្ថែមថា ទំនិញខូចគុណភាព ដែលដុតបំផ្លាញចោលនាពេលនេះ មាន ៦ប្រភេទ រួមមាន៖ ថ្នាំពេទ្យ ស្រា ប្រេងម៉ាស៊ីន គ្រឿងសម្អាង និងភេសជ្ជៈ។ ទំនិញទាំងអស់នេះ ត្រូវបានបង្ក្រាបកន្លងមក ដែលនាំចូលខុសច្បាប់ គ្មានការអនុញ្ញាត ទំនិញហួសកាលបរិច្ឆេទ និងទំនិញខូចគុណភាព ដែលសុទ្ធសឹងតែប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។





