SKIP TO MAIN CONTENT

គណៈមេធាវីទទួលពិគ្រោះយោបល់ផ្លូវច្បាប់ជូនពលរដ្ឋកម្ពុជា ដែលរងគ្រោះពីក្រុមហ៊ុន CIC

Bar Association of The Kingdom of Cambodia - BAKC.jpg
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

មកដល់ពេលនេះ មានពលរដ្ឋមួយចំនួន ដែលរងគ្រោះពីការវិនិយោគជាមួយក្រុមហ៊ុន CIC បានទាក់ទងទៅគណៈមេធាវីកម្ពុជា ដើម្បីពិគ្រោះយោបល់ផ្លូវច្បាប់។ នេះបើតាមការឲ្យដឹងពីលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីកម្ពុជា។


Published

By Meng Phalla

Source: SBS


Skip to podcast episode content

មកដល់ពេលនេះ មានពលរដ្ឋមួយចំនួន ដែលរងគ្រោះពីការវិនិយោគជាមួយក្រុមហ៊ុន CIC បានទាក់ទងទៅគណៈមេធាវីកម្ពុជា ដើម្បីពិគ្រោះយោបល់ផ្លូវច្បាប់។ នេះបើតាមការឲ្យដឹងពីលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីកម្ពុជា។


លោកមេធាវី គឹម រ័ត្នណារ៉ុង បានឱ្យដឹងថា គិតតឹ្រមរសៀលថ្ងៃទី២៧ ខែមីនា គណៈមេធាវី បានទទួលពិគ្រោះយោបល់ផ្លូវច្បាប់ ជូនប្រជាពលរដ្ឋ បានខ្លះដែរ ដែលខលមកសួរនាំ ជុំវិញករណីក្រុមហ៊ុន CIC។

លោកមេធាវី គឹម រ័ត្នណារ៉ុង បានបញ្ជាក់ថា ជាការគិតគូររបស់គណៈមេធាវី ចំពោះរឿងនេះ គឺគណៈមេធាវី លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ធ្វើការដោះស្រាយសម្របសម្រួលផ្ទៃក្នុងជាមុនសិន ស្របតាមការបញ្ជាក់របស់និយ័តករមូលបត្រកម្ពុជា។

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមីនាថា និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិនស្របច្បាប់ និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅអភិវឌ្ឍន៍ ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិន ដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។

ទ្រព្យសកម្មរបស់ក្រុមហ៊ុននេះ ត្រូវបាននិយ័តករមូលបត្រកម្ពុជា អះអាងថា បានប្រមូលមកវិញប្រមាណ៩០% នៃចំនួនទឹកប្រាក់សរុបដែលកំពុងរៀបចំវេចខ្ចប់បានយ៉ាងត្រឹមត្រូវ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។

នាថ្មីៗនេះ ក្រុមហ៊ុន CIC បានទទួលរងនូវការចោទប្រកាន់ថា បានបោកប្រាស់ពលរដ្ឋនូវទឹកប្រាក់ ៩០លានដុល្លារអាមេរិក តាមរូបភាពដាក់ប្រាក់វិនិយោគ និងទិញដី ហើយទទួលបានការប្រាក់ខ្ពស់ ជាដើម។ ក៏ប៉ុន្តែក្រុមហ៊ុន ដែលចូលហ៊ុន ដោយថៅកែក្រុមហ៊ុនធំៗ ចំនួន ១៣រូប នៅកម្ពុជានេះ បានច្រានចោលនូវការចោទប្រកាន់ ហើយប្រកាសថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CIC មិនមែនជាគម្រោងបោកប្រាស់ ដូចការលើកឡើងក្នុងបណ្តាញសង្គមនោះទេ បើទោះបីជា ក្រុមហ៊ុននេះ ឈប់ផ្តល់ប្រាក់ចំណេញ ឬភាគលាភ ដែលជាការប្រាក់ខ្ពស់ដល់ក្រុមអ្នកវិនិយោគ ដាក់លុយ និងទិញដី ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ។

ក្រុមហ៊ុន CIC អះអាងថា ខ្លួនទទួលរងនូវឥទ្ធិពលសេដ្ឋកិច្ចសកល ដែលមិនអាចបង្វិលលុយទាន់ពេលវេលានោះឡើយ។

ចំណែក ក្រសួងយុត្តិធម៌ តាមរយៈអ្នកនាំពាក្យ លោក ជីន ម៉ាលីន ក៏បានបញ្ជាក់ថា ករណីក្រុមហ៊ុន CIC មិនដូចជាករណីក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់ ក្នុងទម្រង់វិនិយោគ ដូចក្រុមហ៊ុន CIC នាពេលនេះទេ។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជីន ម៉ាលីន ករណីក្រុមហ៊ុន CIC ជាករណីកើតឡើង ដោយសារតែក្រុមហ៊ុន ជួបវិបត្តិសេដ្ឋកិច្ចសកល និងថា បញ្ហានេះ កំពុងដោះស្រាយជាជំហានៗ ដោយយកចិត្តទុកដាក់ ដើម្បីទទួលបានដំណោះស្រាយដ៏ល្អបំផុត៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now