កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា កន្លងទៅនេះ នៅបរិវេណវត្តមុន្នីរង្សី មានរៀបចំពិធីបុណ្យផ្កាប្រាក់ដើម្បីប្រមូលបច្ច័យកសាងវត្តថ្មី ដែលមានទីតាំងនៅផ្លូវលេខ 105 Taylors Road, Skye, Victoria 3977 ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពុទ្ធបរិស័ទ្ធប្រមាណ ៤០០នាក់។
អ្នកចូលរួមក្នុងពិធីបុណ្យបានបង្ហាញនូវក្តីរីករាយ ព្រមទាំងលើកឡើងថាបានមកដល់ទីអារាមថ្មីនេះ ហាក់បីដូចជាមានវត្តមាននៅក្នុងទីអារាមក្នុងប្រទេសកម្ពុជាដែរ ដោយសារតែទីអារាមថ្មីមានទីធ្លាធំទូលាយ ព្រមទាំងមានសភាពស្ងាត់ជ្រងំ ហើយផ្លូវបត់ចូលទីអារាមប្រមាណ ១០០ ម៉ែត្រមានលក្ខណៈជាផ្លូវលំនៅឡើយ។
សូមបញ្ជាក់ថា៖ ទីតាំងថ្មីនេះស្ថិតនៅមិនឆ្ងាយពីតំបន់ដែលពលរដ្ឋខ្មែរយើងរស់នៅប៉ុន្មាននោះទេ ពោលគឺបើកឡានប្រមាណតែ ២០នាទីប៉ុណ្ណោះពីតំបន់Springvale ៕





