តាមសារលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ ១៤ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌា ) លីមីតធីត Renaissance Minerals ( Cambodia ) Limites ជាក្រុមហ៊ុនអូស្ត្រាលីទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញ នៅថ្ងៃនេះ ជាមាសដុំពាក់កណ្តាលសម្រេច ដែលមានអត្រាមាស ៩០%។
តាមរបាយការណ៍ ក្រុមហ៊ុនអាចផលិតមាសសុទ្ធ បានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុន រំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
ក្នុងសារលិខិតដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាស ជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យម ប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី បន្តថា អាជីវកម្មរ៉ែមាស គឺជាអាជីវកម្ម ដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិតប្រាកដ។ ក្នុងនោះ ការប្រកាសដាក់ឲ្យដំណើរការឧស្សាហកម្មរ៉ែមាសនៅថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយ ចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថា វាជាអាជីវកម្ម ដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ។
លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិ លះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈគ្រួសារ ឬជាលក្ខណៈខ្នាតតូចបន្តទៀត ព្រោះតាមលោកនាយករដ្ឋមន្ត្រី ការធ្វើអាជីវកម្មទ្រង់ទ្រាយតូចៗ ឬអាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយដៃ ជាលក្ខណៈគ្រួសារ មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្មប្រភេទនេះ បង្កនូវផលប៉ះពាល់បរិស្ថាន និងគ្រោះថ្នាក់ផ្សេងៗទៀតផង៕