ចលនាថ្មីនេះ ត្រូវបាន លោក សមរង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសបង្កើតឡើងនៅលើទឹកដីអាមេរិក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ហើយគ្រោងនឹងប្រកាសបង្កើតជាផ្លូវការ នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨។
ការបង្កើតចលនាសង្គ្រោះជាតិនេះ ត្រូវបាន លោក សម រង្ស៊ី បញ្ជាក់ថា ដើម្បីទាមទារឲ្យដោះលែង លោក កឹម សុខា ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ និងទាមទារឲ្យមានការបោះឆ្នោតនៅកម្ពុជា ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ជាដើម។ ក្នុងនោះ លោកសមរង្ស៊ី ក៏បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋ កម្មករកាត់ដេរ និងកងទ័ពនៅកម្ពុជា ងើបតវ៉ាជំទាស់នឹងរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាផងដែរ។
ក៏ប៉ុន្តែកាលពីព្រឹកថ្ងៃទី២៣ ខែមករា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសជាថ្មីថា នឹងចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត និងមិនលើកលែងឲ្យជនណា ដែលចូលរួម និងពាក់ព័ន្ធចលនាខុសច្បាប់ណាមួយនោះ។




