អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ប្រទេសកម្ពុជា រួមទាំងស្ថាប័នតុលាការ បានដុតបំផ្លាញគ្រឿងញៀនជាង ៦៤ គីឡូក្រាម ដែលមានតម្លៃជាង ២លានដុល្លារ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ការដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើង នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងប្រារព្ធពិធីជួបជុំ ដើម្បីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦មិថុនា។
គ្រឿងញៀន ដែលបានដុតបំផ្លាញទាំងនោះ ត្រូវបានសមត្ថកិច្ចចាប់បង្ក្រាប ហើយត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការខេត្តកណ្តាល ដកហូត ក្នុងពេលកន្លងមក។
ជាមួយនឹងការដុតបំផ្លាញគ្រឿងញៀនទាំងនោះ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវជាថ្មីម្តងទៀតដល់តុលាការ អោយពន្លឿននីតិវិធី អោយបានឆាប់ ដើម្បីទ្រព្យសម្បត្តិ ដូចជា ឡានម៉ូតូ ផ្ទះជាដើមនោះ យកមកចាត់ចែង ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿនញៀន នៅក្នុងប្រទេសកម្ពុជា។
លោក កែ គឹមយ៉ាន៖ ( សំឡេងលោក កែ គឹមយ៉ាន )
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់ថា ការលួចលាក់ចរាចរគ្រឿងញៀនខុសច្បាប់ នៅតែបន្តឆ្លងកាត់ចូលមកប្រទេសកម្ពុជា រួមមាន ពីតំបន់អាមេរិកខាងត្បូង តំបន់អាហ្វ្រិក តំបន់អឌ្ឍច័ន្ទមាស និងតំបន់ត្រីកោណមាស ជាដើម។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា ក្នុងរយៈពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៨ នេះ អាជ្ញាធរសមត្ថកិច្ច បានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ២៨៧០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៧០២នាក់ នឹងរឹបអូសគ្រឿងគ្រប់ប្រភេទ បានចំនួនជាង ៩៣គីឡូក្រាម។
ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា អាជ្ញាធរសមត្ថកិច្ច បានចាត់ទុករុក្ខជាតិប្រភេទថ្មី ឈ្មោះថា ខាត ( KHAT ) ដែលទើបមានវត្តមាននៅប្រទេសកម្ពុជាយើង ថាជាប្រភេទគ្រឿងញៀន ព្រោះស្លឹករបស់ដើម ខាត ដែលមានរាងដូចស្លឹកតែ មានផ្ទុកសារធាតុញៀន ដែលធ្វើអោយប៉ះដល់ប្រព័ន្ធប្រសាទរបស់មនុស្ស។
( សំឡេងលោក មាស វិរិទ្ធ )
សូមជម្រាបថា កម្លាំងសមត្ថកិច្ចកម្ពុជា បានបង្រ្កាបបានស្លឹករុក្ខជាតិខាត (KHAT) ក្រៀម នៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ។ ស្លឹករុក្ខជាតិគ្រឿងញៀនថ្មីនេះ បាននាំចូលប្រទេសកម្ពុជា មកពីប្រទេសអេត្យូពី ក្នុងគោលដៅដើម្បីនាំចេញបន្តទៅសហរដ្ឋអាមេរិក បារាំង និងអូស្ត្រាលី។
នៅក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មការដុតបំផ្លាញគ្រឿងញៀន នៃប្រទេសកម្ពុជា ក៏បានដុតបំផ្លាញស្លឹករុក្ខជាតិខាត (KHAT) ប្រមាណជាង ៣ តោន ជាមួយនឹងគ្រឿងញៀនផ្សេងទៀត ប្រមាណជាង ៦៤ គីឡូក្រាមផងដែរ។
ជាមួយគ្នានោះ អាជ្ញាធរសមត្ថកិច្ចកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ក៏បានចាប់ខ្លួនជនល្មើស ៣នាក់ ដោយរឹបអូសបានគ្រឿងញៀន ១២០ គីឡូក្រាម ដែលក្រុមជនល្មើសបាននាំចូលឆ្លងដែនពីប្រទេសឡាវ ចូលមកកាន់ប្រទេសកម្ពុជា៕





