កងកម្លាំងថែរក្សាសន្តិភាពកម្ពុជាជាង ៤០០ នាក់ថ្មីទៀត ត្រូវបានបញ្ជូនទៅកាន់ប្រទេសម៉ាលី និងប្រទេសស៊ូដង់ខាងត្បូង ដើម្បីទៅបំពេញការងារ ជាកងទ័ពមួកខៀវ ក្រោមទង់អង្គការសហប្រជាជាតិ។
ពិធីជូនដំណើរកងទ័ពទាំងនេះ បានធ្វើឡើង នៅម៉ោង ៨ ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងតំណាងអង្គការសហប្រជាជាតិ។ ពិធីនេះ បានធ្វើឡើង ក្រោមតំណក់ទឹកភ្លៀង នៅព្រលានយន្តហោះកងទ័ពអាកាសពោធិ៍ចិនតុង ក្នុងរាជធានីភ្នំពេញ។
ក្រសួងការពារជាតិ បានប្រកាសថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា សរុបចំនួន ៤២៨ នាក់ ត្រូវបញ្ជូនទៅកាន់ប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង រួមមាន កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ មានចំនួន ១៦៥នាក់ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ១៣២ មានចំនួន ១៤៤នាក់ ត្រូវទៅបំពេញបេសកកម្មនៅប្រទេសម៉ាលី។ ក្រៅពីនោះ ក៏មានកងរាជអាវុធហត្ថ លេខ៦៨១ មានចំនួន ១១៩ នាក់ ទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋ ស៊ូដង់ខាងត្បូង។
ចាប់តាំងពីឆ្នាំ២០០៦ ប្រទេសកម្ពុជា បានបញ្ជូនកម្លាំងសរុបចំនួន ៥២៥៧ នាក់ ក្នុងនោះ មាននារីចំនួន ២៣៦ នាក់ ទៅកាន់បេសកកម្មរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន កងកម្លាំងកម្ពុជា ចំនួន ៨១៣ នាក់ ក្នុងនោះ មាននារីចំនួន ៥០ នាក់ កំពុងបំពេញបេសកកម្មក្នុងបណ្តាប្រទេស ក្នុងទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា ហើយកម្ពុជាបន្តជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេស ដែលបរិច្ចាគកងកម្លាំងច្រើនជាងគេ ក្នុងតំបន់អាស៊ាន៕





