ក្នុងពិធីសម្ពោធ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នាព្រឹកថ្ងៃទី២៤ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា អាណត្តិទី៧នេះ ជាអាណត្តិពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក តាមបណ្តាខេត្ត ជាជាងការពង្រីកបន្ថែម។
ដើម្បីពង្រឹងសមត្ថភាពលើការផ្តល់សេវាសុខាភិបាល នៅថ្នាក់មូលដ្ឋាននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានគន្លឹះចំនួន ៣ រួមមាន៖ ទី១ ការពង្រាយបុគ្គលិកសមស្របដែលមានក្រមសីលធម៌និងវិជ្ជាជីវៈ និងទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ទី២, ការផ្គត់ផ្គង់ឱសថនិងសម្ភារៈពេទ្យឲ្យបានគ្រប់គ្រាន់ និងទី៣ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំសុខាភិបាលឌីជីថលតាមមណ្ឌលសុខភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ( សំឡេង )
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏លើកទឹកចិត្តឲ្យក្រសួងសុខាភិបាល សហការជាមួយវិស័យសុខាភិបាលឯកជន ដែលមានតួនាទីសំខាន់ ក្នុងការពង្រីកវិសាលភាព និងសមត្ថភាពព្យាបាលដល់ប្រជាពលរដ្ឋ ចូលរួមផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព ជាពិសេសចូលរួមលើកកម្ពស់គុណភាពផលិតផល ចំណីអាហារ និងឱសថ ដើម្បីសុខមាលភាពរបស់អ្នកប្រើប្រាស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសការពារចំពោះការសាងសង់មន្ទីរពេទ្យរដ្ឋដ៏ធំជាងគេ មានដល់ជិត ១ម៉ឺនគ្រែ សម្រាប់អ្នកជំងឺសម្រាកព្យាបាល ខណៈដែលមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់ឡើង ក្នុងគោលដៅដំបូង គឺសម្រាប់ផ្ទុកអ្នកជំងឺកូវីដ១៩។ ប៉ុន្តែនៅពេលនេះ កូវីដ មិនបានផ្ទុះឆ្លងរាលដាលទៀតនោះទេ។





