រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិត សម្រេចហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយ ទៅខេត្តមួយ ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា។ ប៉ុន្តែភ្នំពេញ និងខេត្តកណ្តាល មិនត្រូវបានបិទទេ។ រីឯរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏ត្រូវបានរាជរដ្ឋាភិបាល សម្រេចបិទជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា។ វិធានការបិទខេត្ត និងរមណីយដ្ឋានទេសចរណ៍នេះ ត្រូវបានធ្វើឡើង ដោយរាជរដ្ឋាភិបាល អះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្តនេះ ក្នុងអំឡុងពេលចូលឆ្នាំនេះ ត្រូវបានលើកលែងចំពោះ៖
១-ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។
២-ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត។
៣-ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណង ដើម្បីធ្វើចត្តាឡីស័ក។
៤-រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។
៥-ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៦-ការធ្វើដំណើររបស់ពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឲ្យលើសពី ៤នាក់ សម្រាប់ករណីនីមួយៗ និង៧-ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
សូមរម្លឹកថា មុនពេលរាជរដ្ឋាភិបាល ដាក់ចេញនូវសេចក្តីសម្រេចហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស រយៈពេល ១៤ថ្ងៃនេះ នៅរាជធានីភ្នំពេញ បានអនុវត្តនូវបម្រាមគោចរ ដែលហាមឃាត់ការធ្វើដំណើរពេលយប់ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក រួមទាំងការបិទហាងលក់ដូរ ហាមឃាត់ការជួបជុំនានាផង គឺបានអនុវត្តចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា។ វិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ជាបន្តបន្ទាប់ នៅខេត្តកំពង់ស្ពឺ ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តកំពង់ចាម ក៏បានចេញសេចក្តីសម្រេច អនុវត្តនូវវិធានការដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តាមរយៈការហាមឃាត់ការជួបជុំសប្បាយ ពិធីសាសនា រួមទាំងការហាមឃាត់កន្លែងលក់ដូរ និងរមណីយដ្ឋាននានា។ បណ្តាខេត្តទាំងនេះ ក៏បានតម្រូវឲ្យអ្នកចំណូលថ្មី ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ជាកំហិត និងយកសំណាកពិនិត្យរកមេរោគកូវីដ១៩ ផងដែរ៕






