កម្ពុជា​រៀបចំ​សន្និបាត​បូក​សរុប​សកម្មភាព​បោស​សម្អាត​មីន​រយៈពេល​២៥ឆ្នាំ

Mine Clearance activities review in Cambodia

Source: Meng Phalla

អាជ្ញាធរមីន ដែលចំណុះឲ្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និបាតជាតិ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា នៅវិមានសន្តិភាព ដែលជាកន្លែងនាយករដ្ឋមន្ត្រី ធ្វើការ ក្នុងរាជធានីភ្នំពេញ ដើម្បីបូកសរុបលទ្ធផលការងារក្នុងវិស័យសកម្មភាពប្រឆាំងគ្រាប់មីន ក្នុងរយៈពេល ២៥ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២។


កិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ ក៏ដើម្បី​សែ្វងរកឱកាស និង​មធ្យោបាយនានា ក្នុងទិសដៅកៀង​គរធនធានថវិកា សម្រាប់វិស័យសកម្មភាពបោសសម្អាត​មីន នៅប្រទេស​កម្ពុជា​។

ក្រៅពីការរៀបចំសន្និបាត អាជ្ញាធរមីន ក៏​រៀបចំ​តាំងពិព័រណ៍ បង្ហាញពីស្នាដៃ និងសមត្ថភាពក្នុងការដោះ​ស្រាយ​នូវ​ការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ នៅប្រទេស​កម្ពុជា ផងដែរ។ នេះបើតាមលោក​ទេសរដ្ឋ​មន្ត្រី លី ធុជ ​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា។

( សំឡេងលោកទេសរដ្ឋមន្ត្រី លី ធុជ )

 របាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បង្ហាញថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅកម្ពុជា បានធ្វើអោយ​មានអ្នកស្លាប់ និងរបួសប្រមាណជាង ៦ម៉ឺននាក់ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧។ ​

ជាមួយគ្នានោះ តាមរយៈការរួមចំណែកជាលក្ខណៈមនុស្សធម៌ពីសហគមន៍អន្តរជាតិ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុង​រយៈពេល ២៥ឆ្នាំ គិតពីឆ្នាំ១៩៩២ កន្លងមកនេះ កម្ពុជាបាន​កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស ដោយសារគ្រាប់មីន និង​បានរំដោះផ្ទៃដីបាន​ប្រមាណ ១៧០០ គីឡូម៉ែត្រក្រឡា។ យ៉ាងណាក៏ដោយ អាជ្ញាធរមីន បានប៉ាន់ប្រមាណថា ផ្ទៃដីប្រហែល ២​ ពាន់គីឡូម៉ែត្រក្រឡា នៅមានគ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​នៅឡើយ​។​

អាជ្ញាធរមីន បានគូសបញ្ជាក់ថា គិត​ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៧ គ្រាប់​មីនចំនួនប្រមាណ ១,២៥ លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប្រមាណ ២,៧លានគ្រាប់ នៅទូទាំង​ប្រទេស​កម្ពុជា ត្រូវបានរកឃើញ និងបំផ្លាញចោល៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now