ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាខួប ៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា ឆ្នាំ១៩៥៣ ដែលនៅឆ្នាំនេះ រាជរដ្ឋាភិបាល បានរៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ឲ្យមានលក្ខណៈធំដំជាងឆ្នាំមុនៗ។
ក្រៅពីជួបជុំដូចរៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ នៅវិមានឯករាជ្យហើយ នៅព្រឹកថ្ងៃទី០៩វិច្ឆិកានេះ ក៏មានមេទ្ទិញមហាជន ដោយចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សនិស្សិតរាប់ពាន់នាក់ នៅមុខព្រះបរមរាជវាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ហើយព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានឡើង មានព្រះរាជឱង្ការ ទៅកាន់ប្រជារាស្ត្រផងដែរ។
ដោយឡែក នៅថ្ងៃកម្ពុជា ប្រារព្ធខួបគម្រប់ ៦៥ឆ្នាំ ទិវាឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក និងកម្ពុជា បានឆ្លងឆ្លើយសារលិខិត ដែលប្រៀបដូចជា ស្តារនូវទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ឡើងវិញ។
គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហោះនូវសារអបអរសាទររបស់លោក ម៉ៃឃើល ប៉ុមភីអូ ( Michael R. Pompeo ) ដែលបានសរសេរថា “តាងនាមឱ្យរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងការអបអរសាទរចំពោះប្រជាជនកម្ពុជា នាឱកាសខួបលើកទី៦៥ នៃទិវាបុណ្យ ឯករាជ្យជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា”។





