Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

នាយករដ្ឋមន្រ្តីណែនាំឱ្យក្រសួងការពារជាតិ ពិនិត្យ​ចំនួន​នាយទាហាន​កម្ពុជា

Cambodia Defence Ministry.jpg

ក្រសួងការពារជាតិកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀនចប់ជំនាញយោធាជាន់ខ្ពស់ នៅសាលាអាមេរិក West Point បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ពិនិត្យមើលករណីមានការបណ្តុះបណ្តាលនាយទាហាន ច្រើនជាងពលទាហាន ដែលជាករណីមិនចាំបាច់ ហើយត្រូវកាត់បន្ថយ កុំឲ្យចំណាយថវិកាចោលគ្មានប្រយោជន៍ ព្រោះលោកនាយករដ្ឋមន្ត្រីថា ការបណ្តុះបណ្តាលនេះ មិនមានសារសំខាន់ទេ។


Published

By Meng Phalla

Source: SBS



Share this with family and friends


លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀនចប់ជំនាញយោធាជាន់ខ្ពស់ នៅសាលាអាមេរិក West Point បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ពិនិត្យមើលករណីមានការបណ្តុះបណ្តាលនាយទាហាន ច្រើនជាងពលទាហាន ដែលជាករណីមិនចាំបាច់ ហើយត្រូវកាត់បន្ថយ កុំឲ្យចំណាយថវិកាចោលគ្មានប្រយោជន៍ ព្រោះលោកនាយករដ្ឋមន្ត្រីថា ការបណ្តុះបណ្តាលនេះ មិនមានសារសំខាន់ទេ។


សូមបញ្ជាក់ថា នាយទាហានខ្មែរ មានឋានន្តរសក្តិខ្ពស់ ចាប់ពីអនុសេនីយ៍ត្រីឡើងទៅ។ ចំណែកឯពលទាហានវិញ គឺជាទាហាន ចាប់ពីថ្នាក់ពលទោ ដល់នាយឯក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ នៅក្នុងពិធីអបអរសាទទិវាគ្រូបង្រៀន ថ្ងៃទី៥ តុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ នៅក្នុងរាជធានីភ្នំពេញ។

 ​«ខ្ញុំ​​បាន​ប្រាប់​ទៅ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថា​យើង​មាន​នាយទាហាន​ច្រើន ជាង​ពល​ទាហាន ដោយសារ​តែ​កន្លង​មកនេះ យើង​មាន​សង្គ្រាម​ធ្វើ​ឲ្យ​មានការ​កើនឡើង ហើយ​ក៏​មាន​អ្នក​ចូល​និវត្តន៍។ ផែនការ​បណ្តុះបណ្តាល​ប្រចាំឆ្នាំ គឺ​បណ្តុះបណ្តាល​នាយទាហាន​ទាំងអស់ ដោយ​គ្មាន​ផែនការ​បណ្តុះបណ្តាល ពល​ទាហាន​នោះ​ទេ​អ៊ីចឹង ចង់​៣០​ឆ្នាំ​ទៀត ក៏​គ្មាន​ការ​បណ្តុះ​បណ្តាល​ពល​ទាហាន​នោះ​ទេ ដូច្នេះ ត្រូវ​គិត​ឡើង​វិញ​​»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា មានអ្នកខ្លះថា ការបណ្តុះបណ្តាលទាហាននេះ ដោយសារតែមានប្រទេសជាមិត្តផ្តល់អាហាររូបករណ៍មក ដោយកន្លែងខ្លះ មាន៩០នាក់ ទៅ ១០០នាក់ ដោយខ្លាចបាត់បង់។ តែចំណុចនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា គឺមិនមានទេ ហើយត្រូវគិតថា បើសិននាយទាហានច្រើនជាងពលទាហានហើយ គឺយើងត្រូវអារកាត់ថា ប៉ុន្មានឆ្នាំនេះ ត្រូវកាត់ចំនួននាយទាហានចំនួនប៉ុណ្ណេះចោល ព្រោះត្រូវយកថវិកាទៅជ្រើសរើសពលទាហានថ្មីវិញ ល្អជាង។

ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យរដ្ឋមន្ត្រីទាំងអស់ គិតគូរពីក្របខណ្ឌអាទិភាពរបស់ខ្លួន ហើយចាំយកជំនួយដាក់ឲ្យចំ ជាជាងគេជួយអ្វីយកតែរបស់ហ្នឹង ដែលធ្វើឲ្យគ្មានការសហការគ្នា។

លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសថា រាជរដ្ឋាភិបាល សន្សំបានថវិកាប្រមាណជាង ២០០លានដុល្លារ ពីការព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួន នៅក្នុងឆ្នាំ២០២៣ នេះ។ ថវិកាទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល យកមកបង្កើនថវិកា ជួយពលរដ្ឋជួបបញ្ហាគ្រោះទឹកជំនន់ លើផ្នែកគាំពារសង្គម និងគម្រោង ដែលចំគោលដៅចាំបាច់មួយចំនួន។

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំ ក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់ក្រសួងទាំងអស់ ពិនិត្យមើលឡើងវិញ លើកម្មវិធីមួយចំនួន ដែលលែងត្រូវនឹងស្ថានភាពបច្ចុប្បន្ន ត្រូវកាត់ចោល ហើយយកថវិកាទាំងនោះ បង្វែរទៅប្រើប្រាស់លើកិច្ចការ ដែលជាអាទិភាពជំនួសវិញ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now