រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា តាមរយៈលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានសំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលី បន្តការគាំទ្រ និងពិនិត្យលទ្ធភាព ក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ អនាម័យទីក្រុង និងឯកសារស្ដង់ដារបច្ចេកទេសនានា ក៏ដូចជា ការកសាងសមត្ថភាពស្ថាប័ន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន និងដើម្បីលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្ន សម្រាប់កម្ពុជា។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងយ៉ាងដូចនេះ ក្នុងឱកាសដែលលោក និងលោកឯកអគ្គរដ្ឋទូត Justin Whyatt អញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់លើ «បទដ្ឋានឌីហ្សាញកម្រាលផ្លូវ» កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលធ្លាប់បានធ្វើ និងបទពិសោធន៍កន្លងមកលើការងារឌីហ្សាញ និងការសាងសង់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបានជាធាតុចូលសំខាន់ៗ នៅក្នុងការឌីហ្សាញកម្រាលផ្លូវ សម្រាប់ជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើន ភាពធន់ ឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ប្រទេសកម្ពុជា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោកឯកអគ្គរដ្ឋទូត ដែលបានផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធីភាពជាដៃគូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (P4I) និង Aust Roads។ សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្មវិធីនេះបានផ្តល់នូវការគាំទ្រដល់ការធ្វើបច្ចុប្បន្នភាព ស្តង់ដារឌីហ្សាញ សម្រាប់ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ និងបទដ្ឋានបច្ចេកទេសសំណង់ ដែលត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងពីប្រទេសអូស្ត្រាលី។
ក្រៅពីគម្រោងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងសហការជាមួយកម្មវិធីភាពជាដៃគូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ( P4I) និងសមាគមធនធានទឹកអូស្ត្រាលី (Australian Water Association- AWA) ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងវិស័យគ្រប់គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរនូវការងារអភិវឌ្ឍន៍ និងគ្រប់គ្រងទឹកកខ្វក់ ប្រកបដោយនិរន្តរភាព និងស្របតាមបទដ្ឋាននៃការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា៕






