ក្រសួងបានឲ្យដឹងថា នាពេលថ្មីៗនេះ មានករណីជំងឺគ្រុនចាញ់ ដែលបានបណ្តាលឱ្យមន្ត្រីឧទ្យានុរក្សមួយរូបនៅខេត្តស្ទឹងត្រែង ស្លាប់បាត់បង់ជីវិត។ ជាងនេះទៅទៀត មានករណីផ្ទុះឡើងនូវជំងឺហើមសាច់ដុំ (ហើមដៃ ជើង និងបំពង់ក) ដែលបានបណ្តាលឱ្យមន្ត្រីឧទ្យានុរក្សប្រចាំការនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ចំនួន១៣នាក់ត្រូវចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
មន្ត្រីឧទ្យានុរក្សម្នាក់ បានទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ។ ជំងឺនេះក៏បាននិងកំពុងយាយីដល់អាយុជីវិតរបស់ប្រជាជនមួយចំនួនផ្សេងទៀត នៅក្នុងតំបន់ព្រៃឡង់នោះផងដែរ។



