ក្រសួងសុខាភិបាល៖ ករណីពុល​​នៅ​ខេត្តក្រចេះ​ជាករណីពុលស្រា និងពុលទឹក​ដែល​មាន​ជាតិ​គីមី

Poinsoning patients in Kratie Province, Cambodia

Poinsoning patients in Kratie Province, Cambodia Source: Facebook

កាលពីព្រលប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានបន្ថែម ស្តីពី ករណីពុលស្រា និងពុលទឹក នៅខេត្តក្រចេះ។ នោះគឺករណីពុល ដែលបានសម្លាប់មនុស្ស ១៣នាក់ និងដេកពេទ្យជាង ២០០ នាក់ នៅខេត្តក្រចេះ ដោយសារតែពិសារស្រាស ដែលមានជាតិមេតាណុលខ្ពស់លើសកម្រិត និងពុល ដោយសារការបរិភោគទឹក យកពីព្រែកតេ និងអូរគគី ក្នុងខេត្តក្រចេះ ដែលមានជាតិគីមីពុល ដោយសារថ្នាំបាញ់ស្មៅ និងសត្វល្អិត ដែលហូរចូលក្នុងព្រែក ហើយទឹកអូរនោះ មានកំហាប់លើសកម្រិត។


ក្នុងសេចក្តីប្រកាស ក្រសួងសុខាភិបាល បាន​បង្ហាញ​ពី​លទ្ធផល​ពិសោធន៍ ដែល​ទទួលបាន​ពី​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​ជាតិ និង​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា តិច​ណូ លើ​សំណាក​ស្រា និង​ទឹក ដែល​យក​ចេញពី​ប្រភព ដែល​សង្ស័យ​ពុល ហើយលទ្ធផល​បង្ហាញថា ស្រាសនោះ មានជាតិ​មេតាណុលខ្ពស់លើសកម្រិត។ រីឯ​ការធ្វើ​តេស្ត​លើ​សំណាក​ទឹក ឃើញថា មាន​ជាតិពុល ដែល​បណ្តាលមក​ពី​ថ្នាំ​បាញ់សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ហូរ​ចូលក្នុង​ព្រែក​តេ និង​អូរ​គគី មាន​លើសពី​កម្រិតស្តង់ដារ​។​

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធាននាយកដ្ឋាន​បច្ចេកទេស​ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែម​ពីករណីពុល​ស្រា និងពុលទឹក ដែលបានកើតឡើងកាលពីថ្ងៃទី​០៥ ខែឧសភា នៅស្រុកចិត្របុរី ខេត្តក្រចេះ យ៉ាងដូច្នេះថា៖

( សំឡេង​លោកស្រីវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន)

ជុំវិញករណីនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសថា របាយការណ៍ខាងលើនេះ ​ទទួលបាន​ពី​ការអង្កេត​ស្រាវជ្រាវ​​ដោយ​ក្រុមការងារ​​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ ដោយមាន​ទីប្រឹក្សាបច្ចេកទេស​​ពី​អង្គការ​សុខភាព​ពិភពលោក ​រួមការ​ងារ​ជាមួយផងដែរ​។

យ៉ាងណាក៏ដោយ ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា រហូតមកដល់​ព្រលប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ អ្នកជំងឺ​សម្រាក​ពេទ្យ ដែល​ធូរស្រាល ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញទៅ​ផ្ទះ​វិញ ចំនួន ១៣៩ នាក់។ រីឯចំនួន​អ្នកស្លាប់ មិនមានទៀតទេ គឺត្រឹមតែ ១៣នាក់ប៉ុណ្ណោះ។​

​ក្រសួងសុខាភិបាល ក៏បាន​ចាត់វិធានការ និង​ការការពារ​សុខភាព​ដ​ល់​ប្រជាពលរដ្ឋ នៅក្នុង​តំបន់ ដែលមាន​ហេតុការណ៍​ពុល នៅក្នុង​ខេត្តក្រចេះ នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដោយ​អនុវត្តតាម​ការណែនាំ ដើម្បី​ចៀសវាង​ការពុល​៖ ១-​ហាម​ដាច់ខាត និង​បញ្ឈប់​ការ​ពិសារ​ស្រាស ដែល​បិត និង​លក់​ស្រាស នៅក្នុង​មូលដ្ឋាន ដែល​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ ២-​ហាម​ដាច់ខាត កុំ​ប្រើប្រាស់​ទឹក​ព្រែក​តេ និង​ទឹកអូរ​គគី ( ជា​បណ្តោះអាសន្ន ) ក្នុង​តំបន់​ដែល​កើតហេតុ​ពុល និង​ត្រូវ​ប្រើប្រាស់​ទឹកស្អាត​ផ្គត់ផ្គង់​ដោយ​អាជ្ញាធរ ដែល​ដឹក​ជូន​ដល់​អ្នកភូមិ ព្រមទាំង​បរិភោគ​ទឹកស្អាត និង​ដាំ​ពុះ​បានល្អ​ត្រឹមត្រូវ​ ៣-​ប្រជាពលរដ្ឋ ក្នុងភូមិ​ដែល​កើតហេតុ និង​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់ ត្រូវ​អនុវត្តន៍​អនាម័យ​ល្អ ជាពិសេស​ចូលរួម​អនុវត្ត​អនាម័យ​ចំណីអាហារ​ស្អាត រស់នៅ និង​ហូប​ស្អាត​៕ ​


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now