រដ្ឋាភិបាលថ្មី​របស់​កម្ពុជា ប្រកាស​អនុវត្តជាផ្លូវការនូវ​យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល​ទី​មួយ

PM Hun Manet's first cabinet meeting.jpg

កិច្ចប្រជុំពេញអង្គគណរដ្ឋមន្រ្តីដំបូង ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានបើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និងវិធានការគន្លឹះ ៥ចំណុច គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។


លោក ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។ យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរ ដាក់ចេញ និងអនុវត្តជា ៥ដំណាក់កាល បន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗ នៃរដ្ឋសភា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានប្រកាសថា សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្ដថ្មី កម្ពុជាមានមហិច្ឆតា ចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយ ឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ( សំឡេង )

សេចក្តីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង បង្ហាញថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានគោលដៅយុទ្ធសាស្ត្រ ចំនួន ៥ រួមមាន៖ ១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា ២-បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន ៣-សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា ៤-បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម និង៥-ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សេចក្តីប្រកាសដដែល ក៏បានលើកបង្ហាញពីបញ្ចកោណយុទ្ធសាស្ត្រ ចំនួន ៥ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ក្នុងអាណត្តិ ៥ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រួមមាន៖ បញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស បញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូង កាលពីព្រឹកថ្ងៃទី២៤ ខែសីហា លោក នាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរៀបចំ «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» សាឡើងវិញ ដោយពង្រីកសមាសភាពចូលរួម ច្រើនជាងមុន។ នោះគឺក្រៅពីគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដានេះ ក៏អាចបន្ថែមសមាសភាពពីគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានបង្កើតឡើង ៥ឆ្នាំមកហើយ កាលពីឆ្នាំ២០១៨ ពេលចាប់ផ្តើមអាណត្តិមុននេះផងដែរ។

( សំឡេង )

សូមរម្លឹកថា ក្នុងពេលលោក ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នាព្រឹកថ្ងៃទី២៤ ខែសីហា លោកហ៊ុនសែន ដែលជាឪពុក បានតាមដានការផ្សាយផ្ទាល់​ពីកិច្ចប្រជុំនេះ ហើយបានសរសេរបង្ហោះក្នុងបណ្តាញសង្គម តេឡក្រាម និងធ្វីតធឺរបស់លោក​ថា ​ជាលើកដំបូង ក្នុងរយៈពេលជាង ៤៤ឆ្នាំ ពិសេសជាង ៣៨ឆ្នាំ ដែលលោក មិនស្ថិត និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ លោកកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង លោក ហ៊ុន សែន បានលើកឡើងថា «លោកកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service