ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ក្រើន​រំលឹក​ដល់​យុវវ័យ​កុំ​ឲ្យ​ភ្លើតភ្លើន​ក្នុង​ថ្ងៃ​ទិវា​ក្តីស្រឡាញ់

Teenagers are buying flowers on Valentine's day in Cambodia

Teenagers are buying flowers on Valentine's day in Cambodia Source: Meng Phalla

កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានថ្លែងអំពាវនាវផ្ទាល់មាត់ជាថ្មីម្តងទៀតដល់យុវជន ជាពិសេសយុវតី មិនត្រូវលះបង់ខ្លួនប្រាណ អោយដល់មិត្តប្រុសរបស់ខ្លួន នៅថ្ងៃទិវាក្តីស្រឡាញ់នោះទេ។


លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បញ្ជាក់ថា យុវជន តាមរយៈ​ទិវា​នៃ​សេចក្តី​ស្រឡាញ់ ​គួរ​នាំ​គ្នា​ធ្វើ​សកម្មភាព​ទំាងឡាយ ដែល​បញ្ជាក់​ពី​ការ​ស្រឡាញ់​ចំពោះ​ឪពុក​ម្តាយ​ ចំពោះ​ជាតិ និង​វប្បធម៌ ជាដើម ទើប​ជា​ទង្វើ​ល្អ​ប្រសើរ។ 

ចំណែក​មន្ត្រី ដែលធ្វើការ ដើម្បីពង្រឹងសីលធម៌គ្រួសារ និងសីលធម៌សង្គម ក៏បានអំពាវនាវ កុំឲ្យយុវជន ជ្រួលជ្រើម ​នៅថ្ងៃបុណ្យក្តីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ ព្រោះវាគឺជា​វប្បធម៌បរទេស។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានលើកឡើងថា ឪពុកម្តាយគប្បីចំណាយពេលជាមួយ​កូនៗ ​ដើម្បីបង្កើនភាពស្និទ្ធស្នាល។ រីឯ​អាជ្ញាធរ ​​​គួរគប្បីបង្កើនការទប់ស្កាត់នូវរាល់សកម្មភាពអវិជ្ជមាននានា​ ដើម្បីបន្សាបភាពជ្រួលជ្រើម​ក្នុង​ស្រទាប់​​យុវវ័យ នៅថ្ងៃ១៤កុម្ភៈ ថ្ងៃនៃទិវាក្តីស្រឡាញ់​។

​​ដោយឡែក ក្រសួងអប់រំ យុវជន និងកីឡា បាន​សង្កេតឃើញថា​ ទិវានៃក្ដីស្រឡាញ់ ធ្វើឲ្យសិស្សានុសិស្ស និងយុវជន​មួយ​ចំនួន ភ្លើតភ្លើន ភ្លេចការ​សិក្សា ប៉ះពាល់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងគ្រួសារ ប្រាសចាកពី​ប្រពៃណី​វប្បធម៌ដ៏ផូរផង់របស់ជាតិ ទើបក្រសួងបានណែនាំដល់គ្រឹះស្ថានសិក្សា​នានា ដោយផ្តោត​លើ ៤​ចំណុច​គឺ​៖

១. ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ កុំឲ្យមានការយល់ខុស អំពី​អត្ថន័យ​នៃ​ទិវាបុណ្យ​នៃ​ក្ដីស្រឡាញ់។

២. ពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាឲ្យបានម៉ឹងម៉ាត់ ជាពិសេសលើការ​គ្រប់គ្រង​សីលធម៌ និងវិន័យ ដោយតាមដានអវត្ដមាន របស់សិស្សានុសិស្សជាប្រចាំ។

៣. ជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្ដ​សកម្មភាព មិត្ដអប់រំមិត្ដ និង

៤. ទំនាក់ទំនងជិតស្និទ្ធ ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួល​ព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីរបស់សិស្សានុសិស្ស ដើម្បី​សហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now