ការបិទព្រំដែនជាបណ្តោះអាសន្ននេះ ហាមឃាត់មិនឲ្យអ្នកដំណើរចេញ-ចូល រួមមាន ពលករ អាជីវករ និងពាណិជ្ជករ លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេស ដែលមានការអនុញ្ញាតរបស់អាជ្ញាធរ មានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។
សូមរម្លឹកថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេច បិទខ្ទប់ភូមិសាស្ត្រខេត្តជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់ការរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
ខេត្ត ដែលត្រូវបិទខ្ទប់ ទាំង ៨នោះ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប។ ការបិទខ្ទប់នេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣ និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ជុំវិញស្ថានភាពកូវីដ១៩ ត្រូវបានអ្នកជំនាញសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានប្រកាសថា មេរោគកូវីដ១៩ បម្លែងថ្មី Deltaបានឆ្លងចូលក្នុងសហគមន៍នៅកម្ពុជាបណ្តើរៗហើយ។
( សំឡេង )
ជាមួយគ្នានោះ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាលមួយចំនួន ក្នុងនោះ មានទាំងការដាក់បម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺ អនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា។ វិធានការថ្មីនេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានប្រកាស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានករណីឆ្លងថ្មី ៧៦៥នាក់ ជាសះស្បើយ ៦៩៤នាក់ និងស្លាប់ថ្មី ១១នាក់។ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ថ្មី ទាំង ៧៦៥នាក់ កាលពីថ្ងៃទី២៨ ខែកក្កដា គឺមាន ៣២៨នាក់ ជាករណីនាំចូលពីក្រៅប្រទេស ដែលសំដៅលើអ្នកដំណើរ តាមយន្តហោះ និងដោយច្រើន គឺជាពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ។
គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានករណីឆ្លងកូវីដ សរុប ៧៥៩១៧នាក់ ករណីជាសះស្បើយសរុប ៦៨៣៨៦នាក់ និងករណីស្លាប់សរុប ចំនួន ១៣៥០នាក់៕