កិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជាវៀតណាម រយៈពេល២ថ្ងៃកាលពីថ្ងៃទី២៩ និងថ្ងៃទី៣០សីហា នៅរាជធានីភ្នំពេញបានបិទបញ្ចប់ហើយដោយមិនមានលទ្ធផលអ្វីទេ ដោយសារតែភាគីទាំងពីរមិនឯកភាពគ្នាហើយសេចក្តីថ្លែងការណ៍រួមក៏ចេញមិនរួច។
លោក វ៉ា គីមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា ដែលបានចូលរួមដឹកនាំកិច្ចប្រជុំ បានថ្លែងទៅកាន់ក្រុមអ្នកកាសែតបន្ទាប់ពីចប់កិច្ចប្រជុំរយៈពេល២ថ្ងៃនេះថា ភាគីកម្ពុជា និងវៀតណាមបានជជែកតែលើសំណើរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ដែលគម្រោងស្នើសុំឲ្យបារាំងជួយគូសចម្លងផែនទីខ្នាត ១/១០០០០០ នៅលើផែនទីខ្នាតលើផែនទីខ្នាត ១/៥០០០០ រវាងប្រទេសកម្ពុជានិងវៀតណាមនៅ២កន្លែងក្នុងខេត្តស្វាយរៀងនិងខេត្តរតនៈគិរី។
ចំពោះការផ្ទៀងផ្ទាត់ផែនទីព្រំដែននោះកម្ពុជាស្នើឲ្យយកតាមគោលការណ៍ព្រំដែនមិនកែប្រែ។ ប៉ុន្តែភាគីវៀតណាម ស្នើឲ្យយកតាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ១៩៨៥ និងឆ្នាំ២០០៥៕





