បុរសអ្នកនេសាទជនជាតិខ្មែរទាំង ៤នាក់នោះ ត្រូវបានចោរសមុទ្រសូម៉ាលី ចាប់ឃុំខ្លួន ដើម្បីជំរិតទារលុយ ជាមួយនឹងអ្នកនេសាទចិន ចិនតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម សរុប ២៩នាក់ កាលពីឆ្នាំ២០១២។
ក្នុងសន្និសីទកាសែត នៅទីស្នាក់ការអង្គការ Caritas Cambodia ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា បុរសអ្នកនេសាទខ្មែរទាំង ៤នាក់ បានលើកឡើងពីការធ្វើទារុណកម្មរបស់ក្រុមចោរសមុទ្រប្រទេសសូម៉ាលី ដែលបានចាប់បង្ខាំងទុកពួកគេ អស់រយៈពេលជិត ៥ឆ្នាំ ដើម្បីជំរិត ទារលុយ ២០ លានដុល្លារ។ ការធ្វើបាបនោះ គឺខ្លាំងក្លាជាងរបបខ្មែរក្រហមទៅទៀត។
( សំឡេងបុរសអ្នកនេសាទ )
សូមរម្លឹកថា ក្នុងចំណោមចំណាប់ខ្មាំង ២៩នាក់នោះ ដែលក្រុមចោរសមុទ្រសូម៉ាលី ចាប់ជម្រិត កាលពីឆ្នាំ២០១២ គឺមាន ៣នាក់ បានស្លាប់ ដោយសារជំងឺ។ ដោយឡែក បុរសទាំង ២៦នាក់ ដែលនៅរស់រានមានជីវិត រួមមាន ជនជាតិខ្មែរ ចិន តៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ត្រូវបានអង្គការ Caritas សហការជាមួយអង្គការ IOM បានប្រគល់ប្រាក់មួយចំនួន ឲ្យក្រុមចោរសមុទ្រទាំងនោះ ទើបមានការដោះលែងពួកគេ កាលពីចុងខែតុលា។ បុរសខ្មែរទាំង ៤នាក់ បានវិលត្រឡប់មកដល់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦៕



