អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៣៩ រូប បានចូលរួមកិច្ចប្រជុំរដ្ឋសភា ជាមួយនឹងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ៦៧រូប កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ឬសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលទើបតែវិលត្រឡប់ចូលរួមកិច្ចប្រជុំរដ្ឋសភាឡើងវិញ គឺមិនបានលើកដៃគាំទ្រ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧នេះទេ។
យ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកដៃបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់នោះដោយគ្មានឧបសគ្គអ្វីទេ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២២វិច្ឆិកា។
សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ឬច្បាប់ថវិកាជាតិឆ្នាំ២០១៧នេះ បានកំណត់ពីគម្រោងចំណាយរបស់រាជរដ្ឋាភិបាលសរុប ជិត ៥ពាន់លានដុល្លារអាមេរិក ( ២០.១៨៤.៤៥៧ លានរៀល )។ ក្នុងនោះ ស្ថាប័នក្រសួងរដ្ឋចំនួន ៤ ទទួលបានប្រាក់ចំណាយច្រើនជាងគេ គឺក្រសួងអប់រំ យុវជន និងកីឡា ចំនួនជាង ៦២៧ លានដុល្លារអាមេរិក ( ២.៧៣៩.៩១៣ លានរៀល )។ ក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនជាង ៥៩១ លានដុល្លារ ( ២.៤១១.០៤៨,៦ លានរៀល )។ ក្រសួងការពារជាតិ ត្រូវបានកំណត់ការចំណាយ ចំនួនជាង ៤៥៥ លានដុល្លារអាមេរិក ( ១.៨៥៧.១១៦,៥ លានរៀល )។ ក្រសួងសុខាភិបាល បានកំណត់ការចំណាយចំនួនជាង ៤១៦ លានដុល្លារអាមេរិក ( ១.៦៩៧.៦១៤,៦ លានរៀល )៕




