រហូតដល់ថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានកំណត់ឲ្យក្រុមហ៊ុនប្រេងសាំង នៅប្រទេសកម្ពុជា លក់ប្រេងសាំងធម្មតា ៤១៥០ រៀល ក្នុង ១លីត្រ ឬជាង ១ដុល្លារអាមេរិក ក្នុង ១លីត្រ។ រីឯប្រេងម៉ាស៊ូត ថ្លៃ ៤០០០ រៀល ឬ ១ដុល្លារ ក្នុង ១លីត្រ។
ការបន្តហក់ឡើងថ្លៃប្រេងឥន្ធនៈនៅពេលនេះ ត្រូវបានប្រជាពលរដ្ឋភាគច្រើន ត្អូញត្អែរ ដោយថា ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
( សំឡេងប្រជាពលរដ្ឋ )
ក៏ប៉ុន្តែខាងក្រសួងពាណិជ្ជកម្មវិញ តាមរយៈសន្និសីទកាសែត កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីជំនាញ លើកឡើងថា ការបន្តឡើងថ្លៃប្រេងនៅប្រទេសកម្ពុជា ដោយសារតែប្រេងលើទីផ្សារអន្តរជាតិឡើងថ្លៃ ហើយកម្ពុជាមិនមែនជាអ្នកផលិតប្រេងទេ តែជាប្រទេសនាំចូលប្រេងពីប្រទេសសឹង្ហបុរី ដូច្នេះទើបតម្លៃប្រេងនៅប្រទេសកម្ពុជា ឡើងថ្លៃដែរ។
សូមរម្លឹកថា តម្លៃប្រេងសាំង នៅតាមស្ថានីយប្រេងទាំងអស់ទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ បានបន្តឡើងថ្លៃរហូតចាប់តាំងពីដើមខែមេសា ឆ្នាំ២០១៨។ ក្នុងនោះ រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ តម្លៃប្រេងម៉ាស៊ូត ថ្លៃ ៣៩០០ រៀល ក្នុង ១ លីត្រ និងប្រេងសាំងធម្មតា ថ្លៃ ៤១០០ រៀល ក្នុង ១លីត្រ។
ក៏ប៉ុន្តែសម្រាប់តម្លៃប្រេងសាំងស៊ុបពែរ គឺក្រសួងពាណិជ្ជកម្ម មិនបានកំណត់យូរខែមកហើយ ព្រោះក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ដើម្បីឲ្យមានការប្រកួតប្រជែងតម្លៃក្នុងចំណោមក្រុមហ៊ុនលក់ប្រេង។
តម្លៃប្រកួតប្រជែងប្រេងសាំងស៊ុបពែរ នៅតាមស្ថានីយប្រេងនានា ក្នុងរាជធានីភ្នំពេញ ខុសគ្នា ៥០ រៀល ក្នុង ១លីត្រ ពោលគឺប្រេងសាំងស៊ុបពែរ នៅស្ថានីយប្រេងសាំង កាល់តិច និងស្ថានីយប្រេងសាំង តេលា ស៊ូគីម៉ិច ជាដើម ថ្លៃ ៤៤៥០ រៀល ក្នុង ១លីត្រ។ រីឯប្រេងសាំងស៊ុបពែរ នៅស្ថានីយប្រេងសាំង តូតាល់ ថ្លៃ ៤៤០០ រៀល ក្នុង ១លីត្រ។
ករណីប្រេងសាំងឡើងថ្លៃនេះហើយ នាំឲ្យលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បកស្រាយតាមកាសែត ហើយបង្កើតជាពាក្យថា “សាំងអ្នកមាន” និង “សាំងអ្នកក្រ”។ ពោលគឺប្រេងសាំងស៊ុបពែរ ដែលមានតម្លៃខ្ពស់ជាងប្រេងសាំងធម្មតានោះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា សម្រាប់តែអ្នកមានលុយ ប្រើប្រាស់។ រីឯប្រេងសាំងធម្មតា មានតម្លៃទាបជាងប្រេងសាំងស៊ុបពែរ គឺសម្រាប់អ្នកក្រ មិនសូវមានធនធាន។ ហេតុនេះហើយ បានជាលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អះអាងថា ក្រសួងពាណិជ្ជកម្ម កំណត់តម្លៃប្រេងសាំង តែលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតប៉ុណ្ណោះ។ រីឯប្រេងសាំងស៊ុបពែរ គឺក្រសួងពាណិជ្ជកម្ម មិនបានគ្រប់គ្រងតម្លៃ ដើម្បីកុំឲ្យឡើងខ្ពស់នោះទេ៕




